ជាម យៀប៖ វិបត្តិនយោបាយកម្ពុជា មិនទាន់ដល់ពេលអ.ស.ប លូកដៃ
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាច បានបដិសេធទៅនឹងគណបក្សសង្រ្គោះជាតិ និងតំណាងអង្គការសហប្រជាជាតិ ដែលចង់ឲ្យអង្គការសហប្រជាជាតិជួយអន្តរាគន៍ បិទបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា។ ការបដិសេធ ការអន្តរាគន៍ពីអង្គការសហប្រជាជាតិ ត្រូវបានគណបក្សដែលបានគ្រប់គ្រងប្រទេសកម្ពុជា អស់រយៈពេលជាង៣០ឆ្នាំ កន្លងមកនេះ លើកឡើងថា ខែ្មរគួរដោះស្រាយបញ្ហាជាមួយគ្នា ជៀសជាងការពឹងពាក់បរទេស។
លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ Soben)
នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ លោក ជាម យៀប ជាមន្រ្តីជាន់ខ្ពស់នៃការិយាល័យនយោបាយគណបក្សប្រជាជនកម្ពុជា បានអត្ថាធិប្បាយថា ភាគីនយោបាយកម្ពុជាគួរប្រឹងប្រែងដោះស្រាយវិបត្តិនយោបាយរបស់ប្រទេសខ្លួន តាមរយៈយន្តការផ្ទៃក្នុងរវាងខ្មែរ និងខ្មែរឲ្យអស់លទ្ធភាពសិន មុននឹងសម្រេចទៅពឹងពាក់បរទេស។ លោក ជាម យៀប បញ្ជាក់ថា៖ «តាមយោបល់ខ្ញុំ យើងគួរនិយាយគ្នាឯងសិន រវាងខ្មែរ និងខ្មែរ ដែលអាចនិយាយគ្នាស្តាប់បាន(...)។ ចាំអស់តម្រិះ ចាំទៅរកអន្តរជាតិ កុំវ៉ាប់ឡើងទៅអន្តរជាតិ ខ្មាស់គេ»។
គួររម្លឹកថា ការលើកឡើងរបស់លោក ជាម យៀប នៅពេលនេះ គឺបានកើតឡើងក្រោយពេលលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា គណបក្សរបស់លោក ស្វាគមន៍ ចំពោះការអន្តរាគមន៍ពីអង្គការសហប្រជាជាតិ ដើម្បីជួយបិទបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ហើយគណបក្សសង្រ្គោះជាតិនឹងព្រមចូលទៅប្រជុំរដ្ឋសភា ប្រសិនបើមានការធានាថា នឹងមានការរៀបចំបោះឆ្នោតឡើងវិញ ឲ្យបានឆាប់បំផុត។ បន្ទរពីលោក សម រង្ស៊ី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ក៏បានបញ្ជាក់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ ថា សហគមន៍អន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ នឹងធ្វើជាអ្នកសម្របសម្រួលនយោបាយនៅកម្ពុជា ប្រសិនបើមានការស្នើសុំពីភាគីទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
ចូលប្រជុំក្នុងរដ្ឋសភាសិន ដើម្បីធ្វើវិសោធនកម្មច្បាប់ ...ដើម្បីឈានទៅរកការបោះឆ្នោតឡើងវិញ ...
ចំពោះការបង្ហាញគោលជំហរ របស់គណបក្សសង្រ្គោះជាតិដែលថា នឹងព្រមចូលទៅប្រជុំរដ្ឋសភា ប្រសិនបើមានការធានាថា នឹងមានការរៀបចំបោះឆ្នោតឡើងវិញ ឲ្យបានឆាប់បំផុត ក្រោយការធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ជាម យៀប បានបញ្ជាក់ថា៖ «គណបក្សសង្រ្គោះជាតិចូលទៅក្នុងរដ្ឋសភាសិនទៅ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត(...)។ វិសោធនកម្មបើកឲ្យមានការបោះឆ្នោតឡើងវិញ ឬអត់ គឺអាស្រ័យលើគណបក្សទាំងពីរ។»
ជុំវិញវិវាទនយោបាយក្រោយការបោះឆ្នោដ៏ចម្រូងចម្រាសនេះ អ្នកតាមដានស្ថានការណ៍នយោបាយឯករាជ្យកម្ពុជាបានពន្យល់ថា ដំណោះស្រាយល្អបំផុត គឺមានតែការបោះឆ្នោតឡើងវិញ ក្រោយការកែទម្រង់ប្រព័ន្ធបោះឆ្នោត និងត្រូវមានយន្តការផ្សេងៗទៀត តែអ្វីដែលសំខាន់ គឺអាស្រ័យលើឆន្ទះពិតប្រាកដ និងការសម្បទានឲ្យគ្នា ក្នុងកិច្ចចរចា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤