អ្នកតវ៉ា៖ សេរីភាពនៃអ្នកបាញ់និងអ្នកបញ្ជា ជា«នីទណ្ឌភាព»នៅកម្ពុជា
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«សូមឲ្យមានការដោះលែង អ្នកទាំង២៣ អ្នកជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ (...) រដ្ឋាភិបាលគួតែចាប់អ្នកដែលប្រើហិង្សាលើប្រជាពលរដ្ឋមកផ្តន្ទាទោស តែបែរជាចាប់ជនរងគ្រោះ ពីការប្រើហិង្សារបស់ក្រុមយោធាឆ័ត្រយោង៩១១ដាក់គុក ឯជនដៃដល់ត្រូវបាននៅក្រៅឃុំដោយរំភើយទៅវិញ។» នេះជាសម្រែកទាមទារបស់អ្នកបឹងកក់ប្រមាណជិតហាសិបនាក់ ដែលបានដង្ហែរជាក្បួនក្នុងការដាក់ញ្ញតិទៅតាមស្ថានទូតចំនួនប្រាំដោយឡៃកពីគ្នា។
ក្រុមសកម្មជនពីសហគមន៍បឹងកក់ តវ៉ាឲ្យមានការដោះលែងជនដែលត្រូវចាប់ខ្លួន២៣នាក់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - ជាមួយនឹងសម្រែកដ៏កងរំពងតាមដងផ្លូវសាធារណៈ ដែលបានចាប់ផ្តើមមានជាថ្មី ក្រោយពីមានការបង្ក្រាបដោយអំពើហិង្សាពីកងកម្លាំងប្រដាប់អាវុធរបស់ជាតិ និងកងកម្លាំងចម្រុះមួយចំនួនទៀត ដែលបណ្តាលឲ្យមានមនុស្សយ៉ាងហោចណាស់បួននាក់ត្រូវបានស្លាប់ ២៣នាក់ត្រូវបានចាប់ខ្លួន និងជាច្រើននាក់ផ្សេងទៀតត្រូវបានរងរបួស។
ទោះជាមានការគម្រាមកំហែងគ្រប់រូបភាពក៏ដោយ តែស្មារតីនៃអ្នកបឹងកក់ នៅតែតស៊ូ ដើម្បីសេរីភាព និងការរស់នៅសមរម្យក្នុង«ភាពជាមនុស្ស»។ កញ្ញា ស៊ុន ស្រីនាង បានលើកឡើងថា «ជីវិតប្រជាពលរដ្ឋខ្មែរសព្វថ្ងៃ ស្ថិតក្នុងកណ្តាប់ដៃរដ្ឋាភិបាលខ្មែរ»។ ទោះបីកញ្ញា ក៏ដូចជាពលរដ្ឋដទៃទៀតបានដឹងពីបញ្ហាប្រ«ឈម»នៃការចេញធ្វើការតវ៉ា និងគ្រោះថ្នាក់នានាដែលនឹងអាចកើតមាននៅចំពោះមុខ ដូចជាការគម្រាម ការចាប់ខ្លួន ទោះរហូតដល់ជីវិតក៏ដោយ។
ដំណើរការនៃការដាក់ញ្ញតិទៅតាមស្ថានទូតនានា ដោយមានអន្តរាគមន៍ផ្នែកចរាចរ ដោយប៉ូលីសចារាចរ និងការសង្កេតឃើញថាមិនមានកងកម្លាំងប្រាប់អាវុធណាមួយត្រូវបានដាក់ពង្រាយ ឬហាមធ្វើការហាមឃាត់ឡើយ។ តែកញ្ញាបានបញ្ជាក់ថា តែក៏នៅមានអ្នកយកការណ៍ជាច្រើននាក់ បាននឹងកំពុងតែតាមដាន និងឃ្លាំមើលពីរកម្មភាពរបស់ពួកគាត់។ ទោះជាយ៉ាងនេះក្តីកញ្ញាបាន លើកឡើងដូច្នេះថា «ពួកខ្ញុំមិនខ្លាច ពួកខ្ញុំនៅតែប្រឈម ពួកខ្ញុំកាន់តែតស៊ូជានិច្ច។ ប្រាំពីរឆ្នាំមកហើយ ដែលបានរងនូវភាពអយុត្តិធម៌ពីរាជរដ្ឋាភិបាលរបស់ពួកខ្ញុំ។ (...) ពួកខ្ញុំនៅតែតស៊ូ និងប្តេជ្ញារហូត លុះត្រណាបានដំណោះស្រាយ និងការដោះលែងសកម្មជនសិទ្ធិមនុស្ស និងប្រជាពលរដ្ឋទាំង២៣នាក់មានសិទ្ធិសេរីភាពឡើងវិញ។»
ស្ថានទូតទីមួយ ដែលបានទទួលយកញ្ញតិនេះ គឺស្ថានទូតអាមេរិក។ ក្រុមអ្នកបឹងកក់ ដែលបានដឹកនាំដោយ អ្នកស្រីយ៉ោម បុប្ផា អ្នកស្រីទេព វណ្ណី កញ្ញា ស៊ុន ស្រីនាង និងតំណាងជាច្រើនរូបទៀត បានបន្តរដំណើរទៅកាន់ស្ថានទូតជប៉ុន។ ក្នុងដំណើរដោយថ្មើរជើង ក្រុមអ្នកបឹងកក់ក៏បន្តរដំណើរមកកាន់ស្ថានទូតអូស្រ្តាលី នៅជិតវិមានរដ្ឋសភាជាបន្តរទៀត។
តាមផ្លូវសាធារណៈ ក្រុមអ្នកបឹងកក់ទាំងនោះ បានថ្លែងពីទុកលំបាក់ក្នុងការស់នៅជាងប្រាំពីឆ្នាំមកនេះ ដោយគ្មានដំណោះស្រាយ ឬការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន ពីបញ្ហា«លំនៅដ្ឋាន»សម្រាប់ពីការរស់នៅនោះ (វា)ជាមូលហេតុចំបងដែលបង្ខំឲ្យអ្នកបឹងកក់ ក្រោកឡើងដើម្បីស្រែកទាមទារកជំនួយ និងការអន្តរាគមន៍ពីស្ថានទូតបរទេសប្រចាំនៅកម្ពុជាដែលជាជម្រើសចុងក្រោយ។
ក្នុងព្រឹកថ្ងៃទី១៧ ខែមករា នេះដែរលោកយាយម្នាក់ដែលក្នុងវ័យជាង៧០ឆ្នាំ ដែលត្រូវបានគេស្គាល់ថាឈ្មោះ «ម៉ាមី» ក៏មានវត្តមានក្នុងការទាមទារ ឲ្យមានការដោះលែងអ្នកទាំង២៣នាក់នោះដែរ។ លោកយាយ មាំមី រូបនេះបានថ្លែងមុខទូតអូស្ត្រាលីយ៉ាងដូច្នេះថា «អាជ្ញាធរ កម្លាំងសមត្ថកិច្ច ធ្វើបាបរាស្រ្ត។ យកកាំភ្លើង យកដំបងឆក់ ដែកបំបង់ទីបមកវាយប្រជាពលរដ្ឋ ហេតុអ្វីបានជាគ្មានទោស? ត្រូវតែចាប់ជនល្មើសនោះមកផ្តន្ទាទោស។ (...) សូមឲ្យម្ចាស់ជំនួយនៃស្ថានទូតបរទេស ជំនួយដល់រដ្ឋាភិបាលស្រុកខ្មែរ មកធ្វើបាបរាស្រ្តខ្មែរ សម្លាប់ខ្មែរ។»
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការបញ្ជាក់ពីការដោះលែងអ្នកទាំង២៣អ្នកនោះ ពីមន្រ្តីនៃទីស្តីការគណរដ្ឋមន្រ្តីបានទេ។ តែរាល់ការចាប់ខ្លួន និងការសម្រេច ការដាក់ទោសជនណាម្នាក់តាមប្រព័ន្ធតុលាការនោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី តែងតែបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនាពេលកន្លងមកថា ករណីទាំងនោះ មិនស្ថិតក្នុងសមត្ថកិច្ចរបស់រដ្ឋាភិបាលឡើង។ ការឃុំខ្លួនដោយមន្រ្តីតុលាការ (វា)ជាតួនាទីរបស់ព្រះរាជអាជ្ញា ឬចៅក្រមនៃស្ថាប័នតុលាការនោះ។
ក្នុងការឃ្លាំមើលចំពោះការដាក់ញ្ញតិរបស់អ្នកបឹងកក់ខាងលើ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា លោកគាំទ្រតាមគំនិតរបស់លោក សុរិយា ប្រាសាទ ស៊ូប៊ែរឌី អ្នករាយការណ៍ ពិសេសអង្គការសហប្រជាជាតិ ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងការឲ្យមានការដោះលែងសកមុ្មជនសិទ្ធិមនុស្ស និងពលរដ្ឋទាំង២៣នាក់នោះ។ លោកបានបន្តរថា ពួកគាត់ធ្វើការទាមទារ ក្នុងការតម្លើងប្រាក់ខែ (វា)ជាការសម្តែងនូវសិទ្ធិសេរីភាពរបស់ពួកគាត់ ហើយរដ្ឋាភិបាលមិនត្រូវធ្វើការទាញភ្ជាប់នូវករណីនេះទៅនឹងរឿងនយោបាយនោះឡើយ។
ចំពោះបញ្ហានៃការទាមទារ ឲ្យមានការដោះលែងវិញ មន្រ្តីសិទ្ធិមនុស្សរូបនេះបន្តរថា «អ្នកទាំង២៣នាក់នោះ មិនបានប្រព្រឹត្តអ្វីដូចការចោទប្រកាន់នោះទេ។ ត្រូវតែធ្វើការដោះលែងអ្នកទាំង២៣នាក់ ជាមួយនិងការស៊ើបអង្កេត ស្វែងរកជនដៃដល់ អ្នកបញ្ជា និងអ្នកនៅពីក្រោយខ្នង ទៅតាមផ្លូវច្បាប់ ដើម្បីផ្តល់យុត្តិធម៌ទៅដល់អ្នកស្លាប់ និងអ្នកត្រូវបានចាប់ខ្លួន។» លោកបានសង្កត់ធ្ងន់ថា «ត្រូវតែ»ចាប់ជនដែលបានបាញ់ និងអ្នកដែលបញ្ជាមកផ្តន្ទាទោស ដើម្បីជៀសវាងនូវបញ្ហា “នីទណ្ឌភាព” នៅកម្ពុជា៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤