ក្រសួងការងារនឹងចេញប័ណ្ណការងារ ដើម្បីធានាភាពស្របច្បាប់នៃពលករ
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 20, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុក ស្វែងរកការងារធ្វើដោយខុសច្បាប់ នៅក្នុងប្រទេសថៃ កម្ពុជា-ថៃ បានព្រមព្រៀងគ្នាបង្កើតច្រកចេញចូលតែមួយ។ ក្រសួងការងារ ក៏នឹងរៀបចំចេញប័ណ្ណការងារ សម្រាប់ពលករ ដែលទៅធ្វើការនៅប្រទេសថៃផងដែរ។
លោក អ៊ិត សំហេង (រូបកណ្ដាល)។ (រូបថត MONOROOM.info/ S.tih)
សេវ៉ាសាធារណៈ - ខណៈពេល ដែលកម្ពុជា-ថៃបានព្រមព្រៀងគ្នា បង្កើតច្រកចេញចូលតែមួយរវាងកម្ពុជា-ថៃ នៅក្នុងខែកក្កដាខាងមុខនេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តបណ្តាលវិជ្ជាជីវៈ បានថ្លែងឱ្យដឹងនៅថ្ងៃទី២០ ខែមិថុនានេះថា ក្រសួងការងារនឹងចេញប័ណ្ណការងារ សម្រាប់ពលករ ដែលមានបំណងទៅធ្វើការនៅប្រទេសថៃ។ ហើយតាមរយៈប័ណ្ណការងារនេះ ភាគីថៃនឹងផ្តល់ប័ណ្ណការងារ សម្រាប់ធ្វើការក្នុងប្រទេសថៃ និងប័ណ្ណស្នាក់នៅ រួមទាំងបញ្ជូនពលករទៅតាមក្រុមហ៊ុន ដែលស្របច្បាប់ ដើម្បីធានាសុវត្តិភាពការងារ និងភាពស្របច្បាប់របស់ពលករខ្មែរ។
លោកបញ្ជាក់ទៀតថា៖ «ហើយការចំណាយដែលកង្វល់នោះ គឺមុននឹងចូលទៅដល់ ច្រកចេញចូលតែមួយនេះ គឺពលករចាំបាច់ត្រូវមានលិខិតឆ្លងដែន។»
កន្លងមក ខាងមន្រ្តីសង្គមស៊ីវិលធ្លាប់បានលើកជាក្តីបារម្ភថា ពលករអាចនឹងចំណាយច្រើនសម្រាប់ថ្លៃសេវានានា ដែលជាផលលំបាកដ៏សន្ធឹកសន្ធាប់ ដល់ពលករ។ ប៉ុន្តែបញ្ហានេះ ត្រូវលោករដ្ឋមន្រ្តី អ៊ិត សំហេង បានបកស្រាយថា៖ «បញ្ហាលើលិខិតស្នាម ខ្ញុំគិតថា វាមិនមានអីបង្កើន ឱ្យមានបញ្ហាជាធំដុំអីនោះទេ។ បញ្ហាលិខិតឆ្លងដែន អាហ្នឹងគឺវាមានការកំណត់ច្បាស់លាស់ហើយ ឯបញ្ហាប័ណ្ណកាងារ សម្រាប់ពលករទៅក្រៅប្រទេស យើងក៏កំណត់ឱ្យច្បាស់ ជូនពលកររបស់យើងដោយតម្លាភាព ហើយមិនឱ្យមានតម្លៃសេវាបន្ថែម លើសពីហ្នឹងទៀងទេ។»
លោកពន្យល់បន្ថែមថា ការបង្កើតច្រកចេញចូលនេះ មានសារៈសំខាន់ណាស់ ក្នុងការគ្រប់គ្រងពលករ ដែលទៅធ្វើការរវាងប្រទេសទាំងពីរ ឱ្យមានលក្ខណៈស្របច្បាប់ យ៉ាងណាម៉ិញពលករទៅធ្វើការនៅទីនោះ នឹងមិនភ័យព្រួយខ្លាចគេធ្វើបាប និងបណ្តេញចេញឡើយ។ ច្រកចេញចូលតែមួយ នឹងផ្តល់នូវសេវាផ្លូវការរបស់រដ្ឋាភិបាលទាំងពីរ បានន័យថាភាគីថៃ ដែលបង្កើតការិយាល័យនៅក្បែរគ្នានេះ គេនឹងផ្ដល់ព័ត៌មានថា តើសហគ្រាសណាខ្លះនៅប្រទេសថៃ ដែលអាចមានសិទ្ធិប្រើប្រាស់ពលករពីកម្ពុជាទៅដោយស្របច្បាប់។
សូមព្ជាក់ផងដែរថា កិច្ចព្រមព្រៀងនេះ បានធ្វើឡើង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ក្នុងជំនួបបច្ចេកទេស នៃអគ្គនាយកការងារ នៃក្រសួងការងារប្រទេសទាំងពីរ ។ ការបង្កើតច្រកចេញចូលតែមួយនេះ មានបំណងដើម្បីកាត់បន្ថយ បញ្ហាកម្មករធ្វើចំណាកស្រុកខុសច្បាប់ ទៅកាន់ប្រទេសថៃ ហើយក៏រៀបចំឱ្យកម្មករធ្វើការនៅប្រទេសថៃទាំងអស់ ទទួលបានភាពស្របច្បាប់ និងការទទួលស្គាល់ពីប្រទេសទាំងពីរ តាមរយៈការបង្កើតប្រសិទ្ធភាព ក្នុងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អ រវាងគ្នានិងគ្នា ក្នុងនាមជាប្រទេសជិតខាង ព្រមទាំងរៀបចំបែបបទ ឱ្យពលករធ្វើការដោយស្របច្បាប់នៅប្រទេសគេ។
ក្នុងនោះកម្ពុជាកំណត់យកខេត្តចំនួន៣ ខេត្តប៉ៃលិនកោះកុង និងខេត្តបន្ទាយមានជ័យ ធ្វើជាច្រក ចេញចូល នាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ដែលកើតឡើង ដោយការនាំចូលខុសច្បាប់ ពីសំណាក់មេខ្យល់ នាពេលកន្លងមក។ ចំពោះខេត្តទាំង៣ ដែលកម្ពុជាបានកំណត់យក គឺតភ្ជាប់គ្នារវាងខេត្តមានដូចជា ខេត្តប៉ៃលិន តភ្ជាប់ជាមួយខេត្តច័ន្ទបូរី ខេត្តកោះកុង ភ្ជាប់ជាមួយខេត្ត ត្រាត និងខេត្តបន្ទាយមានជ័យ ភ្ជាប់ជាមួយខេត្តស្រះកែវ ប្រទេសថៃ៕