កម្ពុជា៖ និយោជកព្រមតម្លើងប្រាក់ខែដល់កម្មករ តែ៧២ដុល្លាប៉ុណ្ណោះ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 27, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កិច្ចប្រជុំចរចាតម្លើងប្រាក់ខែដល់កម្មករ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច មានការចូលរួមពីភាគីថៅកែរោងចក្រកាត់ដេរ និងសហជីពតំណាងកម្មករមួយចំនួន ដែលតំណាងឲ្យសហព័ន្ធសហជីជាងចិតសិប មានកម្មករកាត់ដេរប្រមាណប្រាំមួយសែននាក់។ ខាងសហជីបកម្មករ បានទាមទារតម្លើងប្រាក់ខែគោល ពី៦១ដុល្លារក្នុងពេលសព្វថ្ងៃ អោយបានរហូតដល់ ១២០ដុល្លារអាមេរិក។
កិច្ចប្រជុំចរចាតម្លើងប្រាក់ខែដល់កម្មករ នៅក្រសួងសង្គមកិច្ច។ MONOROOM.info photo/ O.Vary
រដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងថា ក្នុងជំនួបភិភាក្សាត្រីភាគី ដែលមានខាងក្រសួងការងារ ជាអ្នកសម្របសម្រួលនេះ ខាងនិយោជកមិនអាចផ្តល់ដល់ចំនួន១២០ដុល្លា តាមការស្នើសុំរបស់សហជីពទេ តែគេមានលទ្ធភាពត្រឹមតែ ៧២ដុល្លាក្នុងមួយខែ ដែល៥ដុល្លា ជាប្រាក់ថែទាំសុខភាព ៦ដុល្លាជាប្រាក់ខែថ្មី រួមជាមួយនឹងប្រាក់ខែគោលចំនួន៦១ដុល្លាទៀត ដូច្នេះនេះជាលទ្ធផលវិជ្ជមានបណ្តោះអាសន្នមួយ។ លោកបញ្ជាក់ថា ការពិភាក្សាថ្ងៃស្អែក នឹងអាចឈានទៅរកលទ្ធផលប្រសើជាងនេះ ។
ចំពោះការសម្រេចផ្តល់ឲ្យដោយនិយោជកនេះ ខាងសហជីបនិយាយថា សុំថយទៅជួបពិភាក្សាគ្នាសិន។ លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីបជាតិកម្ពុជា ដែលជាសហជីពមួយ ក្នុងចំណោមសហជីបទាំងដប់ បានចូលរួមកិច្ចពិភាក្សាគ្នានេះ បានបញ្ជាក់ថា ខាងលោកមិនទទួលយកទេ ចំនួនប្រាក់ខែតែ៧២ដុល្លានោះ។ បើមិនបានដល់១២០តាមការស្នើរសុំទេ យ៉ាងហោចណាស់ក៏បានលើសនេះដែរ។ ដូច្នេះសហជីព នឹងជួបជាមួយសហពន្ធ័សហជីបទាំង៧០ ដើម្បីធ្វើការពិភាក្សា និងសម្រេច តែថាមិនឲ្យហួសពីខែមិនាទេ ព្រោះអាចនាំឲ្យមានការខាតបង់ច្រើន ដល់ក្រុមកម្មករ។
ជុំវិញប្រាកខែគោល ដែលសហជីបទាមទារពីនយោជក លោក សោម អូន បញ្ជាក់ថា សហជីពគិតទៅលើតម្រូវការចាំបាច់ របស់កម្មករដូចជា ប្រាក់សំរាប់ការស្នាក់នៅ និងហូបចុកផ្ទាល់ខ្លួន ប្រាក់សម្រាប់ផ្ញើរទៅគ្រួសារ ប្រាក់សន្សំ អតិផរណានៃទំនិញ និង«ស្ថានភាពល្អប្រសើរ»ក្នុងវិស័យកាត់ដេរ។ លោកថាបើយោងតាមទិន្នន័យ របស់ក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០១២ ការនាំចេញរបស់វិស័យកាត់ដេរមានចំនួន បួនពាន់លានដុល្លា បើប្រៀបធៀបទៅឆ្នាំ២០១១ ទទួលបានតែបីពាន់លានដុល្លានោះ។
សកម្មជននៃសហជីបកម្មកររូបនេះ បានបន្ថែមថា ការដែលផ្តល់ប្រាក់ខែជូនដល់កម្មករបានសមរម្យ នឹងអាចកាត់បន្ថយនូវពលករចំណាកស្រុក។ ជាពិសេស ក្នុងពេលបច្ចុប្បន្ន ដែលកម្ពុជាកំពុងប្រឈមនឹងកង្វះកម្លាំងពលករ ដូច្នេះបើមានប្រាក់ខែសមរម្យ ពលករទាំងនោះ នឹងអាចត្រឡប់មកធ្វើការ នៅក្នុងប្រទេសខ្លួនវិញ។
ការលើកឡើងរបស់ លោក សោម អូនខាងលើ ក៏ត្រូវបានឯកភាពដោយ ប្រធានសហពន្ធ័សហជីពកម្មករប្រជាជិបតេយ្យជឿនលឿន លោក គឹម ចាន់សំណាង ដែលមានវត្តមានក្នុងកិច្ចពិភាក្សានេះ និង អ្នកវិភាគសេដ្ឋកិច្ច លោក កង ច័ន្ទតារារ័ត្ននោះដែរ។ តបនឹងការសាកសួររបស់មនោរម្យព័ងអាំងហ្វូ លោក កង ច័ន្ទតារារ័ត្ន បានផ្ដល់យោបល់ថា «យ៉ាងហោចណាស់ យើងត្រូវឲ្យប្រាក់ខែស្មើ ឬក៏ប្រហាក់ប្រហែលគ្នា ឬក៏លើសតិចតួចទៅនឹងវិស័យកសិកម្ម។ បើតាមខ្ញុំអង្កេត ប្រាក់ឈ្នួលគេមួយថ្ងៃ ប្រហែល៤ដុល្លារ អញ្ចឹងបើសិនជាយើងគិតជាខែ ទៅវាខ្ទង់ជាង១២០ដុល្លាតិចតួចហ្នឹងឯង។»
គួររំលឹកថា មុននឹងឈានមកដល់ការជួបចរចារ និងពិភាក្សាគ្នាក្នុងថ្ងៃនេះ មេដឹកនាំសហជីព បានឯកភាពគ្នាកាលពីថ្ងៃពុធទី១៩ និងទី២០កុម្ភៈកន្លងមក ដោយបានកំណត់ប្រាក់ឈ្នួល នៃកម្មកររោងចក្រកាត់ដេរ ចំនួន១២០ដុល្លារ សម្រាប់ការចរចានេះ។ ប្រាក់ឈ្នួល ១២០ដុល្លារនេះ ស្ថិតនៅ«តម្លៃកណ្តាល» ក្នុងការពិភាក្សាពី១១៧ដុល្លារ ទៅ១៤២ដុល្លារ។
រោងចក្រកាត់ដេរនៅកម្ពុជា មានប្រមាណជាងបីរយរោងចក្រ ស្រូបកម្លាំងកម្មករប្រហែលជាង ៣៣ម៉ឺននាក់ ក្នុងនោះ៩១%ជាកម្មការិនី។ វិស័យកាត់ដេរ ជាវិស័យសំខាន់មួយ ដែលអាចរកចំណូលច្រើនជាងគេ និងសម្រាប់ជួយដល់សេដ្ឋកិច្ចកម្ពុជា។ ប្រាក់ឈ្នួលគោលកម្មករ នៅបណ្តាប្រទេសសមាជិកអាស៊ានដូចជា នៅប្រទេសថៃ ២៦៣ដុល្លារ ប្រទេសហ្វីលីពីន ២១២ដុល្លារ ប្រទេសឥណ្ឌូនេស៊ី ១៨២ដុល្លារ ប្រទេសវៀតណាម ១៧២ដុល្លារ ដោយឡែកប្រទេសកម្ពុជា ប្រាក់ឈ្នួលសម្រាប់កម្មករ ទទួលបានត្រឹមតែ ៦១ដុល្លារ ក្នុងមួយខែតែប៉ុណ្ណោះ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ