កម្ពុជា៖​ សវនាការ​ករណី ឈូក បណ្ឌិត ពី​បទ​បាញ់​កម្មការី​នៅ​ក្រុង​បាវិត

សវនាកានេះពុំឃើញមាន វត្តមានអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ លោកអ៊ុក សាវុធ ដែលជាដើមបណ្ដឹងជំទាស់នោះទេ។ សភាសាលាឧទ្ធរណ៍ ដែលមានលោក ឃុន លាងម៉េង ជាប្រធាន លោក ញូង ថុល និងលោក យុន ណារ៉ុង ជាចៅក្រម​ប្រឹក្សារ តំណាងអយ្យការ លោក អ៊ឹម សុផាន និងមេធាវីភាគីទាំងសងខាង ព្រមទាំងវត្តមានលោក ឈូក បណ្ទិត អតីត​អភិបាលក្រុងបាវិតជាជនជាប់ចោទ កម្មការីជាទាំងបីនាក់ជនរងគ្រោះ រួមទាំងសាក្សីជាងម្ភៃនាក់ និងមានការគាំទ្រ​ពី​អង្គការសង្គមស៊ីវិល សហជីពកម្មករ សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាច្រើននាក់។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: February 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សវនាការនៃសភាអង្គជំនំជំរះ ជាអសាធារណៈនាព្រឹកថ្ងៃពុធទី២៧កុម្ភះនេះ បានធ្វើការចោទសួរដេញដោល​ គ្រប់ភាគី​ពាក់ព័ន្ធ ដោយយោងទៅតាម បណ្ដឹងជំទាស់របស់អគ្គព្រះរាជអាជ្ញា លោកអ៊ុក សាវុធ បានប្តឹងទាស់កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ ប្រឆាំងនឹងសេចក្តីសំរេច របស់តុលាការសាលាដំបូងខេត្តស្វាយរៀងដែលបាន ទម្លាក់ចោលបទចោទប្រកាន់​លើលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ពីបទបាញ់កម្មករ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។


ចុងចោទ ឈូក បណ្ឌិត ពេលចេញពីសវនាការ។ MONOROOM.info photo/ O. Vary

សវនាកានេះពុំឃើញមាន វត្តមានអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ លោកអ៊ុក សាវុធ ដែលជាដើមបណ្ដឹងជំទាស់នោះទេ។ សភាសាលាឧទ្ធរណ៍ ដែលមានលោក ឃុន លាងម៉េង ជាប្រធាន លោក ញូង ថុល និងលោក យុន ណារ៉ុង ជាចៅក្រម​ប្រឹក្សារ តំណាងអយ្យការ លោក អ៊ឹម សុផាន និងមេធាវីភាគីទាំងសងខាង ព្រមទាំងវត្តមានលោក ឈូក បណ្ទិត អតីត​អភិបាលក្រុងបាវិតជាជនជាប់ចោទ កម្មការីជាទាំងបីនាក់ជនរងគ្រោះ រួមទាំងសាក្សីជាងម្ភៃនាក់ និងមានការគាំទ្រ​ពី​អង្គការសង្គមស៊ីវិល សហជីពកម្មករ សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាច្រើននាក់។

សំណុំរឿងដ៏ចម្រូងចម្រាស់មួយនេះ បានដំណើរការមកជាងមួយឆ្នាំហើយ ប៉ុន្តែជនរងគ្រោះនៅតែមិនទាន់ ទទួលបាន​យុត្តិធ៌មនៅឡើយ។ ទោះបីជាគេដឹងថា«ប្រព័ន្ធយុត្តិធម៌» នៅកម្ពុជាដែលរងនូវការរិះគន់ យ៉ាងធ្ងន់ធ្ងរថាមិន«ឯករាជ្យ»​ក៏ដោយ នេះជាក្តីសង្ឃឹមមួយសម្រាប់ជនរងគ្រោះ ដែលតុលាការបន្តអនុវត្ត ឲ្យមានសវនាការនេះឡើង ប្រសើរជាងសំណុំ​រឿងនេះត្រូវបាន«បិទចោល ឬទុកចោលរាប់ឆ្នាំ»។

សុវត្ថិភាពនៃជនរងគ្រោះ

កញ្ញា នុត សាខន ដែលជាជនរងគ្រោះ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ការសាកសួរថា ក្នុងពេលសួរដេញ​ដោលនេះ លោកឈូក បណ្ឌិត ឆ្លើយថាមិនបានបាញ់កម្មករទេ គឺបាញ់ឡើងលើ។ តែកញ្ញាបន្ថែមទាំងអួលដើមករថា «បើ​មិនបាញ់ មិនមានគ្រាប់កាំភ្លើងណាមកនៅជាប់នឹងដៃខ្ញុំហើយហ្នឹង នៅប្រកែកខ្លួនឯងថាមិនបាញ់ម៉ិចនឹងកើត»។ សម្រាប់​កញ្ញា ជឿជាក់ថាលោក ឈូក បណ្ឌិត ជាអ្នកបាញ់ ហើយក៏ស្នើសុំដល់សាលាឧទ្ធរណ៍ ជួយផ្តល់នូវយុត្តិធម៌​សម្រាប់​ជន​រងគ្រោះទាំងអស់។

ឯកញ្ញា កែវ នា ក៏បានលើកឡើងថា មិនដឹងថាអ្នកណាជាអ្នកបាញ់ទេ តែបានឃើញគាត់កាន់កាំភ្លើង ហើយមានប៉ូលីសខ្លះ​បានទាញលោក ឈូក បណ្ឌិត ឲ្យទៅតាមផ្លួវក្រោយរបស់រោងចក្រ។ កញ្ញរូបនេះក៏បានសុំឲ្យតុលាការកាត់ទោស អតីត​អភិបាលក្រុងបាវិត តាមផ្លូវច្បាប់ និងសងថ្លៃជំងឺចិត្ត។ កញ្ញាបានសម្តែង នូវការព្រួយបារម្មណ៍ពី«សុវត្តិភាពផ្ទាល់ខ្លួន» បើសិនជាអតីតអភិបាលរូបនេះនៅក្រៅឃុំ និងមិនត្រូវបានចោទប្រកាន់ដោយតុលាការ។ «រាល់យប់គេងផង ខ្លាចផង ពេលម៉ែឪមិននៅ គេងតែម្នាក់ឯង គេងជាមួយប្អូនខ្ញុំ ខ្ញុំខ្លាចណាស់។»

ប្រដាប់ថតរូបភាពសុវត្ថិភាពរបស់រោងចក្រ «ខូច»?

លោក ឈិត សំអាត មន្រ្តីអង្គការលីកាដូ បានលើកឡើងថា តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា ឃើញលោក ឈូក បណ្ឌិត កាន់កាំភ្លើង។ លោកបន្តថាលោក ស ខេង ក៏បានបង្ហាញដល់អ្នកសារព័ត៌មាន នូវជនសង្ស័យទីមួយ​ដែលបាន​បាញ់​កម្មករ ជាអតីតអភិបាលក្រុងបាវិតនេះតែម្តង ហើយក្រសួងមហាផ្ទៃ ក៏បានបញ្ជូនអ្នកបច្ចកទេស ធ្វើការស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់។ «អ្វីដែលសំខាន់បំផុត ខ្ញុំគិតថា កាមេរ៉ា របស់រោងចក្រ ប្រសិនបើរឿងនេះជារឿងប្រក្រតី ខ្លាចអីនឹងបង្ហាញ​ជា​សាធារណៈ នូវកាមេរ៉ាទាំងអស់។ តែបើនិយាយថា កាមេរ៉ានៅថ្ងៃហ្នឹងខូច ខ្ញុំអត់ជឿទេ (...)។ ខ្ញុំគិតថា តុលាការលោក​ត្រូវ​ពិចារណា ធ្វើម៉េចឲ្យមានយុត្តិធម៌។ សុំឲ្យមានកាមេរ៉ា រោងចក្រមកចាក់ នឹងឃើញរាល់សកម្មភាពទាំងអស់»។

អង្គការសង្គមស៊ីវិលជាតិ និងងន្តជាតិ រំពឹងថា ប្រសិនបើសាលាឧទ្ធរណ៍ រកឃើញថា លោកឈូក បណ្ឌិត បានប្រព្រឹត្តិ​វិញ​នោះ សាលាឧទ្ធណ៍នឹងចាត់សំណុំរឿងក្តីនេះ ទៅថ្នាក់ក្រោមដោយតម្រូវឲ្យ សាលាដំបូងខេត្តស្វាយរៀង ធ្វើការអង្កេត​ឡើងវិញ។ ស្របពេលជាមួយគ្នានេះ នៅខាងក្រៅសាលាឧទ្ធរណ៍វិញ មានកម្មករ-កម្មការិនី ប្រមាណជាង១០០នាក់ បាន​នាំគ្នាស្រែកតវ៉ា សុំឲ្យសាលាឧទ្ធរណ៍ ផ្តន្ទាទោសអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ឲ្យជាប់គុកបានធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា សវនាការនេះមិនទាន់បានទទួលលទ្ធផលនៅឡើយទេ ហើយនីតិវីធី នឹងបន្តនៅព្រឹកថ្ងៃស្អែតជាបន្តទៀត៕

--------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...