អ៊ឺរ៉ូ២០១២៖ ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ធ្វើអោយមានការវែកញែក
ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ត្រូវបានគេកត់សំគាល់ ថាបានកើតមានឡើងនៅ អ៊ឺរ៉ូ២០១២ ខណៈដែល ក្រុមបាល់ ទាត់ជំរើសជាតិរបស់ប្រទេសហូឡង់ បានចេញទៅហ្វឹកហាត់កាលពីថ្ងៃសុក្រទី៨ ខែមិថុនា កន្លងទៅនេះ។ ប្រធានក្រុម កីឡាករហូឡង់ លោក ម៉ាក វ៉ាន ប៊ូមែល (Mark van Bommel) បានបរិហា ពី«សំលេងស្រែកហ៊ោ របៀបស្វាព្រៃ (cris de singe)» បានកើតឡើង នៅទីក្រុង ក្រាកូវីរ នៃប្រទេសប៉ូឡូញ ក្នុងពេលក្រុមកីឡាករ កំពុងរត់ដើម្បីកំដៅសាច់ដុំ ហើយចេញសេចក្ដីប្រកាសបន្ទាប់ពីនោះថា «ជារឿងមិនអាចទទួលយកបាន»។ កីឡាកររូបនេះ បានបន្តអោយដឹងក្នុង ទស្សនាវដ្ដីហូឡង់មួយឈ្មោះ De Telegraaf ថា «នៅក្នុងរាល់ការប្រកួត ប្រសិនបើមានតែកីឡាករតែម្នាក់ ក្នុងចំណោម គ្នាយើង ត្រូវរងនឹងសម្រែកបែបនេះ យើងនឹងនាំគ្នាទៅរកអាជ្ញាកណ្ដាលដើម្បី សុំអោយធ្វើអន្តរាគមន៍។»