អាចធ្វើ«បដិវត្តិន៍ពណ៌» ផ្តួលរំលំរដ្ឋាភិបាល ដោយបាតដៃទទេ?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១១ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 19, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុវជន គង់ រ៉ៃយ៉ា ត្រូវបានក្រុមសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាចាប់ខ្លួន កាលពីថ្ងៃទី២០ ខែសីហា នាសាកលវិទ្យាល័យខេមរៈ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើង ក្រោយ១០ថ្ងៃ ដែលយុវជនរូបនេះ បានបង្ហោះសារនៅលើ គេណនេយ្យហ្វេសប៊ុករបស់ខ្លួន ដែលមានប្រើប្រាស់នូវពាក្យថា «បដិវត្តន៍ពណ៌»។ យុវជនត្រូវបានបញ្ជូនខ្លួន មកធ្វើការសាកសួរបន្ថែម កាលពីថ្ងៃទី១០ ខែកញ្ញា កន្លងទៅ តែត្រូវបានលើកពេល ឬផ្អាកទៅវិញ ដោយអវត្តមានមេធាវី ការពារយុវជននោះ។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីត្រូវបានបញ្ជូនខ្លួន មកកាន់សាលាដំបូងរាជធានីភ្នំពេញ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញនេះ បានធ្វើការសាកសួរ និងបានធ្វើការចោទប្រកាន់ ភ្លាមៗដែរ តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនខ្លួនទៅឃុំឃាំង នៅពន្ធនាគាព្រៃសរ នារសៀលថ្ងៃសៅរ៍ដដែលនោះ តែម្តង ពីបទ«ញុះញង់ ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋ»។ យុវជន គង់ រ៉ៃយ៉ា អាចប្រឈម នឹងការជាប់ពន្ធនាគារ ពី៦ខែ ដល់២ឆ្នាំ បើតុលាការរកឃើញថាមានទោស។
កាលពីអំឡុងដើមខែសីហា យុវជនខាងលើ បានសរសេរនៅលើ គណនេយ្យហ្វេសប៊ុក របស់ខ្លួន ដែលដាក់ឈ្មោះ «soriya koko» សរសេរថា៖ «តើមានអ្នកណា ហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយ នៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្លាស់ប្តូររបបមួយនេះចេញ ពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ។»
ការសរសេរនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ជាសកម្មភាពប្រឆាំង និងចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយបានធ្វើឲ្យការចាប់ចង ទាក់ទងនឹងករណី «បដិវត្តន៍ពណ៌» រហូតត្រូវជាប់ពន្ធនាគារនេះ បានក្លាយជាករណីលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ពាក្យ«បដិវត្តន៍ពណ៌» ធ្លាប់ត្រូវបានអ្នកនាំពាក្យទីស្ដីការ គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់និយមន័យថា វាជាការសំដៅ ទៅលើសកម្មភាពតវ៉ា ឬការញុះញង់ទាំងឡាយណា ដែលដឹកនាំនូវចលនាមហាជន ក្នុងការផ្លាស់ប្តូររបបដឹកនាំមួយ ផ្ទុយពីការផ្លាស់ប្តូរ ដោយការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ។
បន្ទាប់មក កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបជាមួយនាយទាហាន ជាងប្រាំពាន់នាក់ នាបញ្ជាការដ្ឋានកងអង្គរក្សក្រុងតាខ្មៅ បានធ្វើការក្រើនរំលឹក ដល់កងកម្លាំងទាំងនោះ ធ្វើយ៉ាងណាទប់ស្កាត់ កុំឲ្យមាន«បដិវត្តពណ៌»នៅកម្ពុជា។ ហើយករណី«បដិវត្តន៍ពណ៌»នេះ ត្រូវបានអាជ្ញាធរគ្រប់គ្រង ដោយរដ្ឋាភិបាលកម្ពុជា យកមកចោទប្រកាន់ ទៅលើយុវជន គង់ រ៉ៃយ៉ា ម្នាក់នេះ ជាលើក«ដំបូងគេបង្អស់ នៅកម្ពុជា» កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ក្រោមបទល្មើស «ញុះញង់ ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋ» ហើយសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនយុវជននេះភ្លាមៗ និងជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃសតែម្តង។
សម្រាប់លោក មឿង តុលា ប្រធានផ្នែកសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍វិញ បានយល់ថា តាមប្រវត្តិសាស្រ្ត បដិវត្តពណ៌ គឺសុទ្ធតែជាចលនាប្រឆាំង ការកាន់អំណាច តាមបែប«ផ្តាច់ការនិយម»។ លោកបានចោទសួរត្រឡប់មកវិញថា៖ «ចុះបើមេដឹកនាំមិនផ្តាច់ការផង ហេតុអីត្រូវបារម្មណ៍ ពីបដិវត្តន៍ពណ៌នេះ? ចម្ងល់អត់ចំលើយ!»
រីឫអនុប្រធានអង្កេតការសិទ្ធមនុស្ស នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ណៃ វ៉ង់ដា បានពន្យល់ថា យុវជនមួយរូបដ៏តូចនេះ គ្មានលទ្ធភាពឯណា ទៅធ្វើកិច្ចការទាំងអស់នេះបានឡើយ។ លោកថា សូម្បីថ្នាក់ដឹកនាំគណបក្សធំៗ នៅមិនអាចមានលទ្ធភាព ក្នុងការបង្កើតបដិវត្តពណ៌នេះផង ចុះទម្រាំក្មេងមួយដ៏តូចរូបនេះ? តើមានកម្លាំង ឬមានអ្វី ដែលអាចបង្កើតបានជាកម្លាំង ជម្រុញឲ្យមានបដិវត្តពណ៌ នៅកម្ពុជាបាន។ លោក ណៃ វង់ដា បានលើកឡើងទៀតថា កុំថាឡើយត្រឹមយុវជនរូបនេះ បើទោះបីជាមន្រ្តីរដ្ឋាភិបាលមួយចំនួនធំ នៅមិនស្គាល់ផងថា អ្វីទៅជាបដិវត្តពណ៌នោះ? កម្លាំងប្រដាប់អាវុធមួយចំនួនធំ កុំថាឡើយចូលរួម សូម្បីតែយល់ លើពាក្យបដិវត្តពណ៌នេះ មិនទាំងយល់ផង។ លោកបន្ថែមថា បដិវត្តព៌ណ នេះលុះត្រាតែបណ្តាថ្នាក់ដឹកនាំធំៗ ដែលមាន«ញាណ»ខ្ពស់ ទើបអាចដឹកនាំ ឬបង្កើតវាបាន មិនមែនកូនក្មេងធម្មតា អាចបង្កើតនោះបានទេ៕
» សូមស្តាប់ការបកស្រាយទាំងស្រុង របស់លោក ណៃ វង់ដា ដូចខាងក្រោម៖