«លោកឪពុកសុខចិត្តទទឹកខ្លួន កុំឲ្យទទឹកកូន» បង្កការរំជួលចិត្ត
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៨ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 20, 2015
- ប្រធានបទ: រំជួលចិត្ត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បង្ហោះកាលពីចុងសប្ដាហ៍មុន នៅលើបណ្ដាសង្គមអាមេរិកមួយឈ្មោះ «Reddit» រូបភាពនេះ បានបង្ហាញពីឪពុកមួយរូប ដែលមានខោអាវទទឹកជោក មើលធ្លុះដល់សាច់ តែបែរជាបានកាន់ឆ័ត្រ បាំងភ្លៀងកុំឲ្យកូនទទឹកទៅវិញ។ អ្នកថតរូបមួយនេះ លោក «Eumine Choi» អាយុ២៥ឆ្នាំ បានអះអាងថា លោកបានចាប់យករូបភាព នៅក្នុងសង្កាត់ «Queens» នៃទីក្រុងញ៉ូយក នៅពេលដែលលោក បានចាកចេញពីការងារ។
លោក «Choi» បានថ្លែងឡើង ប្រាប់ទូរទស្សន៍ NBC ថា៖ «ខ្ញុំសង្ឃឹមថា កូនប្រុសមួយនេះ នឹងធំពេញរូបពេញរាងឡើង ហើយនឹងដឹងខ្លួន ពីភ័ពសំណាងដ៏អស្ចារ្យមួយ ដែលលោកឪពុក បានផ្ដល់ឲ្យ»។
យុវជនអាយុ២៥ឆ្នាំ បានថ្លែងទៀតថា៖ «ឪពុកមួយរូប ដែលមិនខ្វល់ពីកាបូបធ្វើពីស្បែក និងពីខោអាវរបស់ខ្លួន តែបែរជាខ្វល់ខ្វាយយ៉ាងខ្លាំង ពីកូនប្រុសរបស់ខ្លួន (...)។ រឿងនេះធ្វើឲ្យខ្ញុំនឹកឃើញ ដល់ឪពុករបស់ខ្ញុំ ដែលជានិច្ចជាកាល តែយកចិត្តទុកដាក់លើខ្លួនខ្ញុំ មុនខ្លួនគាត់។»។
រូបថតនេះ ក៏ត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកដែរ ជាពិសេសនៅលើទំព័ររបស់សាលា «Kon Wah Day» ដែលកុមារក្នុងរូបថត បានសិក្សា និងបានស្ពាយកាបូប ដែលមានដាក់ឈ្មោះសាលា នៅជាប់ជាមួយ។ អ្នកបង្ហោះរូបថត លើហ្វេសប៊ុក បានសរសេរថាពន្យល់ថា៖ «ខ្ញុំសង្ឃឹមថា រូបថតមួយសន្លឹកនេះ នឹងរកឃើញផ្លូវដើររបស់វា រហូតដល់គ្រួសារ ដែលស្ថិតក្នុងរូបថត»៕
------------