បក្សប្រឆាំងគម្រាមធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីប្រឆាំងការបោះឆ្នោត«បន្លំ»
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា បានប្រកាសគម្រាមខ្លាំងឡើងៗ នៅថ្ងៃល្ងាចថ្ងៃអង្គារនេះ ថាខ្លួននឹងរៀបចំមហាបាតុកម្មទ្រង់ទ្រាយធំ មិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃប្រទេស ប្រសិនបើការស៊ើបអង្កេតដ៏ចាំបាច់មួយ ទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាកន្លងមក មិនមានរូបរាង ឬមិនផ្ដល់លទ្ធផលគួរឲ្យទទួលយកបាននោះ។
លោក កឹម សុខា និងលោក សម រង្ស៊ី (ខាងស្ដាំ) ថ្លែងទៅកាន់អ្នកគាំទ្រនៅលើលានប្រជាធិបតេយ្យ ថ្ងៃទី០៦ខែសីហាឆ្នាំ២០១៣។ (រូបថត គណបក្ស)
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសនៅចំពោះមុខបណ្ដាជន អ្នកគាំទ្រគណបក្សលោក ប្រមាណជាជាងមួយម៉ឺននាក់ ជួបជុំគ្នាលើទីលានប្រជាធិបតេយ្យ នៅល្ងាចថ្ងៃអង្គារទី៦ខែសីហានេះថា មហាបាតុកម្មដ៏ធំ នឹងរៀបចំឡើង នៅថ្ងៃខាងមុខ ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនយល់ព្រមធ្វើឲ្យបានពេញលេញ នូវការស៊ើបអង្កេត ដោយគណៈកម្មាការចម្រុះឯករាជ្យមួយ ដែលគណបក្សរបស់លោក ទាមទារនោះ។ គណៈកម្មាការចម្រុះឯករាជ្យ ដែលត្រូវតែមានការចូលរួម និងអារកាត់ដោយអង្គការសហប្រជាជាតិ តែមិនមែននៅក្រោមយន្ដការរបស់ គ.ជ.ប សព្វថ្ងៃនេះទេ។
អំពាវនាវឲ្យមានអន្តរាគមន៍ ពីអង្គការសហរប្រជាជាតិ
មុននេះបន្តិច លោក សម រង្ស៊ី បានអះអាងរួចហើយ ថាគណបក្សសង្គ្រោះជាតិរបស់លោក នឹងច្រានចោលនូវលទ្ធផល ដែលប្រកាសដោយ គ.ជ.ប នៅថ្ងៃសៅរ៍ទី១០ខែសីហាខាងមុខ។ គណៈកម្មាធិការនេះ នឹងអះអាងពីលទ្ធផលនេះ សារជាថ្មីម្ដងទៀត នៅបួនថ្ងៃក្រោយមក ប្រសិនបើគ្មានការប្ដឹងជំទាស់ ឬការតវ៉ាណាមួយនោះទេ។ ប៉ុន្តែនៅក្នុងពាក្យបណ្ដឹងមួយរបស់គណបក្សប្រឆាំង បានសុំឲ្យស្ថាប័នជាតិររៀបចំការបោះឆ្នោតនេះ លើកថ្ងៃប្រកាសលទ្ធផល រហូតដល់ថ្ងៃទី៨ខែកញ្ញាខាងមុខ។ កាលពីថ្ងៃច័ន្ទទី៥ខែសីហា លោក សម រង្ស៊ី បានប្រកាសទាមទារ ឲ្យមានកិច្ចអន្តរាគមន៍ ពីសំណាក់អង្គការសហប្រជាជាតិ (អ.ស.ប) ដើម្បីជួយរកដំណោះស្រាយ នូវរាល់បញ្ហាដែលកើតមានក្នុងការបោះឆ្នោត ដែលលោកនិងគណបក្សលោកគិតថា មានការលួចបន្លំជាប្រព័ន្ធមួយ។
លទ្ធផលបឋមដែលបានប្រកាសដោយគ.ជ.ប នៅយប់ថ្ងៃទី២៨ខែកក្កដា ដែលជាថ្ងៃបោះឆ្នោតនោះ មានភាពស៊ីសង្វាក់គ្នាទៅនឹងការប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ដោយបានអះអាងថា គណបក្សនេះឈ្នះបាន៦៨កៅអី ទល់នឹងគណបក្សប្រឆាំង ៥៥កៅអី ដែលសរុបចំនួនកៅអីទាំងអស់ មាន១២៣កៅអី នៅក្នុងរដ្ឋសភា។ នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន ដែលបានកាន់តំណែងជាប្រមុខរដ្ឋាភិបាលតាំងពី២៨ឆ្នាំមកនោះ បានប្រកាស ថាលោកនឹងនៅក្នុងតំណែងនេះ ជាបន្តទៀតក្រោយការប្រកាសលទ្ធផលនៃការបោះឆ្នោត។
តែផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិ បានប្រកាសថាខ្លួនឈ្នះ៦៣កៅអី ទល់នឹងគណបក្សកាន់អំណាច៦០កៅអី។ ជ័យជំនះនេះ ជម្រុញឲ្យគណបក្សប្រឆាំង មានភាពជឿជាក់យ៉ាងខ្លាំង ពីការគាំទ្ររបស់ប្រជារាស្ត្រម្ចាស់ឆ្នោត នៅក្នុងអណត្តិនេះ បើប្រៀបធៀបនឹងអណត្តិមុន ដែលក្រុមខ្លួនទទួលបានតែ២៩កៅអីប៉ុណ្ណោះ។ លោក សម រង្ស៊ី បានបន្តថ្លែងទៅកាន់អ្នកគាំទ្រទៀតថា «លើកនេះ យើងលែងភ័យហើយ យើងលែងខ្លាចការគម្រាមទៀតហើយ។ ហើយនឹងមានបាតុកម្ម១០ដងធំជាងរាល់ដង នៅក្នុងថ្ងៃខាងមុខ។»
គណបក្សសង្គ្រោះជាតិ បានអះអាងថាបញ្ជីអ្នកបោះឆ្នោតត្រូវបានគេបន្លំ ហើយបានធ្វើឲ្យរាស្ត្រដែលអាចបោះឆ្នោតបាន ប្រមាណជាជាង១លាននាក់ មិនបានចេញទៅបោះឆ្នោត និងមានភាពមិនប្រក្រតីជាច្រើន បានកើតឡើងក្នុងថ្ងៃបោះឆ្នោត ថ្ងៃទី២៨ខែកក្កដានេះ។ ការលើកឡើងនេះ ក៏ត្រូវបានអះអាងដែរ ដោយអង្គការសង្គមស៊ីវិលជាច្រើន ដែលធ្វើការឃ្លាំមើលការបោះឆ្នោតនេះ៕
ចង់ដឹងពីថ្ងៃបោះឆ្នោត ថាមានលក្ខណៈបែបណា សូមអានឡើងវិញ នូវព្រឹត្តិការណ៍នេះ ដោយចុចលើទីនេះ។
--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ