អាដេល ថារ៉ាប់ ត្រៀមពិនិត្យសុខភាពជាមួយក្រុម ហ្វុលហេម
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រូបង្វឹកក្រុមហ្វុលហេម (Fulham) លោក ម៉ាទីន ជល (Martin Jol) បាននិយាយថា កីឡាករឆ្នើម របស់ក្រុម ឃ្យូភីអរ (QPR) អាដេល ថារ៉ាប់ (Adel Taarabt) នឹងធ្វើដំណើរមកពិនិត្យសុខភាព ជាមួយនឹងក្លិបហ្វុលហេម នៅថ្ងៃអង្គារ៏នេះ បន្ទាប់ពីក្លិបទាំង២បានព្រមព្រៀងខ្ចីជើងរយះពេលវែង។
កីឡាករ អាដេល ថារ៉ាប់ នៅពេលទាត់ឲ្យក្រុម ឃ្យូភីអរ។ (រូបថត thedaisycutter.co.uk)
កីឡាករសំណព្វចិត្ត របស់អ្នកគាំទ្រនាកីឡាដ្ឋាន លូហ្វទូស រូដ (Loftus Road) វ័យ២៤ឆ្នាំ បានទាក់ទងនឹងការផ្ទេរទៅកាន់ក្រុមម្ចាស់ជើងឯកបារាំង ប៉ារីស ហ្សិនជឺម៉ិន (Paris St Germain) យ៉ាងខ្លាំង នៅក្នុងរដូវក្តៅនេះ។ ប៉ុន្តែទោះជាយ៉ាងណា បន្ទាប់ពីក្រុមឃ្យូភីអរ ធ្លាក់ទៅកាន់លីកក្រោម ពេលនេះថារ៉ាប់ បានសម្រេចចិត្តមកចូលរួម ជាមួយក្រុមនៅភាគខាងលិចទីក្រុងឡុងដ៏ (ហ្វុលហេម) ទៅវិញ។
លោកជល បាននិយាយថា៖ «យើងបានយល់ព្រមគ្រប់យ៉ាងអស់ហើយ រវាងក្លិបនឹងក្លិប ដូច្នេះអ្វីដែលសំខាន់ យើងនៅសល់តែដំណាក់កាលពិនិត្យសុខភាពតែប៉ុណ្ណោះ។ វាជារឿងដ៏ល្អ ហើយគាត់នឹងមកចូលរួមជាមួយពួកយើង។ ខ្ញុំចូលចិត្តភាពរហ័សរហួនរបស់គាត់ ជាពិសេសគាត់អាចរកគ្រាប់បញ្ចូលទីបានច្រើន។ ខ្ញុំបានចាប់អារម្មណ៏គាត់ នៅពេលដែលគាត់អាចរកគ្រាប់បាល់បញ្ចូលទីបាន ៤០គ្រាប់ កាលពីរដូវកាល ២០១០-២០១១ នៅក្នុងក្របខ័ណ្ឌឆែមពានស្សីប (Championship)។»
គ្រូបង្វឹករូបនេះ បានបន្តថា៖ «គាត់ដូចជាខ្សែប្រយុទ្ធ ឌីមីតា បឺបាតូវ (Dimitar Berbatov) យ៉ាងដូច្នោះដែរ ពេលខ្លះកីឡាករដែលលេងបានយ៉ាងល្អអស្ចារ្យក៏ត្រូវបានគេបន្ទោសដូចគ្នា ប៉ុន្តែខ្ញុំសង្ឃឹមថា ពួកគេនឹងក្លាយជាដៃគូរដ៏ល្អ។ ខ្ញុំគិតថា គាត់អាចជួយក្រុមរបស់យើងបាន ព្រោះគាត់ជាកីឡាករ ដែលខិតខំប្តូរផ្តាច់បំផុត នៅគ្រប់ការប្រកួតទាំងអស់។»
ថារ៉ាប់ បានផ្ទេរពីក្រុមបារាំង ឡិន (Lens) មកកាន់ប្រទេសអង់គ្លេសកាលពីឆ្នាំ២០០៧ ខណៈដែលលោកជល នៅដឹកនាំក្រុមទតិនហេម (Tottenham)។
បុរសសញ្ជាតិហូឡង់ បានបន្តថា៖ «ខ្ញុំបានស្គាល់គាត់យូរណាស់មកហើយ។ កាលពីខ្ញុំនៅដឹកនាំក្រុម ហាំបឺក (Hamburg) ខ្ញុំក៏ធ្លាប់ចង់បានរូបគាត់ម្តងដែរ ប៉ុន្តែម្ចាស់ក្លិបទតិនហេម កាត់ថ្លៃខ្ពស់ពេក។»
គ្រូបង្វឹកវ័យ៥៧ឆ្នាំ បានបន្ថែមថា៖ «បន្ទាប់មកទៀត ខ្ញុំបានទៅដឹកនាំក្រុមអាស្សាក (Ajax) ប៉ុន្តែខ្ញុំគិតថា ខ្ញុំមានកីឡាករជាច្រើនរូបផ្សេងទៀត ដែលពុំទាន់បានចូលលេង ដូច្នេះខ្ញុំក៏ឈប់ចង់បានកីឡាករថ្មីទៀត។ ប៉ុន្តែនៅពេលដែល គាត់បានផ្ទេរទៅក្រុមឃ្យូភីអរ ហើយឃើញគាត់លេងបានយ៉ាងល្អ ខ្ញុំពិតជាមានការសោកស្តាយ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ