ក្លិបហ្វុលហេម ទិញខ្សែបម្រើ ស្កត ផាកឃើ ពីទតិនហេម
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 20, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់ ហ្វុលហេម (Fulham) បានទិញយកកីឡាករខ្សែបម្រើ ស្កត ផាកឃើ (Scott Parker) ពីក្រុម ទតិនហេម ហតស្ពឺ (Tottenham Hotspur) ជាផ្លូវការហើយ ប៉ុន្តែក្លិបពុំបានបង្ហាញពីតម្លៃឲ្យដឹងនោះទេ។
កីឡាករ ស្កត ផាកឃើ នៅពេលទាត់ឲ្យក្រុម ទតិនហេម ហតស្ពឺ។ (រូបថត stateofthegame.co.uk)
កីឡាករវ័យ ៣២ឆ្នាំ បានចុះកិច្ចសន្យារយះពេល ៣ឆ្នាំ ជាមួយនឹងក្រុមនាកីឡាដ្ឋាន ក្រាវ៉ិន ខតថែក (Craven Cottage) ហើយបានក្លាយជាកីឡាករទី៨ហើយ ដែលក្រុមហ្វុលហេមទិញចូល នៅក្នុងរដូវកាលនេះ។
ផាឃើ បានរកក្លិបថ្មី បន្ទាប់ពីគាត់ដឹងថា គាត់មិនមែនជាកីឡាករជម្រើស ១១នាក់ដំបូងទៀតទេ នៅក្នុងកីឡាដ្ឋាន វាយហាតឡែន (White Hart Lane) ខណៈដែលក្រុមទតិនហេម បានទិញចូលកីឡាករខ្សែបម្រើថ្មីមួយចំនួនទៀត។
គ្រូបង្វឹកក្រុមហ្វុលហេម លោកម៉ាទីន ចូល (Martin Jol) បាននិយាយថា៖ «គាត់ (ផាឃើ) ជាកីឡាករ ដែលលេងខិតខំបំផុតនៅលើទីលានប្រកួត ដោយមិនខ្លាចនឿយហត់នោះឡើយសម្រាប់ក្រុម ហើយគាត់ជាកីឡាករដ៏អស្ចារ្យ និងលេងគ្រប់គ្រងបាល់បានយ៉ាងល្អផងដែរ។»
ក្រុមនៅលីកក្រោម ឆែមពានស្ស៊ីប (Championship) ឃ្វីនផាក រ៉ែងចឺ (Queens Park Rangers) ក៏បានដេញថ្លៃ និងបានព្រមព្រៀងគ្នាអស់ហើយដែរជាមួយនឹងក្រុមមាន់ខ្នាយមាសទតិនហេម ប៉ុន្តែផាកឃើ បែរជាបដិសេធមិនចង់ទៅ ព្រោះគាត់ចង់នៅបន្តក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) ដើម្បីចង់ជាប់ជម្រើសជាតិអង់គ្លេសទៅលេងបាល់ទាត់ពិភពលោកនៅឆ្នាំក្រោយ។
ផាកឃើ ដែលបានចូលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសបាន១៨ប្រកួត ចាប់តាំងពីចាប់ផ្តើមចូលលេងដំបូងនៅឆ្នាំ២០០៣ បាននិយាយថា៖ «ខ្ញុំពិតជារីករាយ ដែលបានមកចូលរួមជាមួយនឹងក្រុមហ្វុលហេម ហើយខ្ញុំកំពុងតែទទឹងរងចាំជួបមិត្តរួមក្រុមថ្មីរបស់ខ្ញុំ នៅកំឡុងពេលហ្វឹកហាត់នៅថ្ងៃអង្គារ៏។»
កីឡាករវ័យចំណាស់រូបនេះ បានបន្តថា៖ «ហ្វុលហេម ជាក្លិបមួយដែលមានភាពរឹងមាំហើយ នៅក្នុងក្របខ័ណ្ឌព្រីមែលីក ហើយខ្ញុំនឹងជួយឲ្យក្រុមកាន់តែមានដំណើរការល្អថែមទៀត នៅ៣ឆ្នាំបន្ទាប់។»
គ្រូបង្វឹកហ្វុលហេម លោកចូល បានបន្ថែមថា៖ «វាពិតជាអស្ចារ្យខ្លាំងណាស់ ដែលបានគាត់លេងឲ្យក្រុមហ្វុលហេម។ គាត់បានលេងនៅក្នុងក្របខ័ណ្ឌព្រីមែលីកនេះជាច្រើនឆ្នាំមកហើយ ហើយក៏លេងជាមួយនឹងក្លិបធំៗច្រើនដែរ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ