ម៉ែនស៊ីធី បើកឆាករដូវកាលលត់ ញ៉ូកាស្ស៊ល ៤-០ (VDO)
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 20, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រូបង្វឹកថ្មីក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) លោក ម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) ពិតជាពេញចិត្ត ក្នុងការចាប់ផ្តើមការប្រកួតក្របខ័ណ្ឌព្រីមែលីក (Premier League) របស់គាត់ បន្ទាប់ពីក្រុមមេឃខៀវ បានលត់ក្រុមសារិកាព្រៃ ញ៉ូកាស្ស៊ល (Newcastle) ដែលសល់គ្នាត្រឹមតែ ១០នាក់នៅវគ្គទី២ ដោយលទ្ធផល ៤-០ កាលពីយប់ថ្ងៃច័ន្ទ។
កីឡាករខ្សែបម្រើ ដេវីដ ស៊ីលវ៉ា និងកីឡាករខ្សែប្រយុទ្ធ អេឌីន ឌីស្សិកូ នៃក្រុមម៉ែនឆេស្ទើ ស៊ីធី។ (រូបថត Andrew Yates/AFP/Getty Images)
ក្រុមជើងឯករង មែនស៊ីធី ដែលជាម្ចាស់ផ្ទះស្រាប់ផងនោះ បានបើកការវាយលុកតាំងតែពីនាទីទី៦ ដោយកីឡាករខ្សែបម្រើ ដេវីដ ស៊ីលវ៉ា (David Silva) លោតតែតបញ្ចូលទី បន្ទាប់ពីខ្សែប្រយុទ្ធ អេឌីន ឌីស្សិកូ (Edin Dzeko) ទាត់កាត់មុខទី ហើយអ្នកចាំទីរបស់ក្រុមញ៉ូកាស្ស៊ល ធីម គ្រុល (Tim Krul) ទះបាល់ចេញមិនបានល្អ។
ខ្សែប្រយុទ្ធអន្តរជាតិអាស្សង់ទីន សឺជីអូ អាក្វេរ៉ូ (Sergio Aguero) ដែលទើបតែត្រឡប់មកពីរបួស ជាអ្នករកគ្រាប់បាល់បញ្ចូលទីគ្រាប់ទី២ បានសម្រេចនៅនាទីទី២២ បន្ទាប់ពីប្រជែងជាមួយនឹងខ្សែការពារ ស្តេវិន តៃឡរ (Steven Taylor) ហើយក៏ទាត់បាល់រ៉ា ទៅចំហៀងខាងឆ្វេងផុតដៃ ធីម គ្រុលយ៉ាងល្អ។
កីឡាករឆ្នើមអន្តរជាតិកូឌឺវ័រ យ៉ាយ៉ា តូរ៉េ (Yaya Toure) បញ្ចេញថ្វីជើងយ៉ាងអស្ចារ្យ ដោយទាត់បាល់ពិន័យហ្វ្រេឃីត (free-kick) បញ្ចូលទីយ៉ាងស្អាត នៅនាទីទី៥០ បន្ទាប់ពីកីឡាករខ្សែការពារក្រុមញ៉ូកាស្ស៊ល ស្តេវិន តៃឡរ ទទួលបានកាតក្រហម នៅនាទីទី៤៥។
ខ្សែបម្រើអន្តរជាតិបារាំង សាមឺ ណាស្រ៊ី (Samir Nasri) ដែលស្ថិតក្នុងនាមជាកីឡាករបម្រុងនោះក៏បានបញ្ចេញស្នៀតយ៉ាងអស្ចារ្យដែរ បន្ទាប់ពីរត់ឆាបវ៉ាដាច់ខ្សែការពារក្រុមញ៉ូកាស្ស៊ល ហើយទាត់បំប៉ោងសំណាញ់ទីគ្រាប់ទី៤ បានសម្រេចនៅនាទីទី៧៤។
គ្រូបង្វឹកក្រុមញ៉ូកាស្ស៊ល លោក អាឡែន ផាឌូ (Alan Pardew) បាននិយាយបន្ទាប់ពីក្រុមរបស់លោកប្រកួតចាញ់ថា៖ «ទម្រង់លេងត្រូវបានកែប្រែទាំងស្រុង បន្ទាប់ពីទទួលបានកាតក្រហម។ ខ្ញុំទទួលស្គាល់ថា ការទាត់បញ្ចូលទី ២គ្រាប់ដំបូងរបស់ក្រុមម៉ែនស៊ីធី ដោយសារតែកីឡាករល្អៗ របស់គេពិតមែន ប៉ុន្តែ២គ្រាប់ទៀតនៅវគ្គទី២នោះ ដោយសារតែកីឡាករ ស្តេវិន តៃឡរ ត្រូវបណ្តេញចេញពីទីលានប្រកួតទេ ទើបពួកគេមានឱកាសដូចនោះ។»
បុរសសញ្ជាតិអង់គ្លេស វ័យ៥២ឆ្នាំបានបន្ថែមថា៖ «អ្នកចាំទី ធីម គ្រុល ធ្វើការបានល្អ ប៉ុន្តែទោះជាយ៉ាងណា មិនអាចទប់ស្កាត់ការទាត់ពីសំណាក់កីឡាករឆ្នើមៗ របស់ម៉ែនស៊ីធីបាននោះទេ ព្រោះពួកគេស្រេកឃ្លានជ័យជំនះខ្លាំង ដើម្បីប្រជែងរកពានរង្វាន់នៅក្នុងរដូវកាលនេះ។ នៅទីបំផុតពួកយើងចាញ់ ប៉ុន្តែយើងនឹងធ្វើឲ្យបានល្អនូវការប្រកួតបន្ទាប់៕»
ទស្សនាការប្រកួតដោយសង្ខេបនេះ ឡើងវិញ៖
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ