ក្រុមបាល់ទាត់ណាខ្លះ ដែលចាយប្រាក់សម្បើមជាងគេក្នុងលោក?

តាមពិតទៅ ក្រុមបាល់ទាត់ប៉ារីស (Paris Saint germain) ដែលគេផ្ដល់រហស្សនាមឲ្យថា ជាក្រុម«អ្នកមានថ្មី»នោះ មិនបានចាយប្រាក់ច្រើនជាងគេទេ សម្រាប់ឆ្នាំកន្លងទៅនេះ។ ក្រុមប៉ារីស ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣ ខណៈលេខមួយ បានទៅលើក្រុម មែនឆេស្ទ័រ ស៊ីធី (Manchester City) និងលេខពីរ គឺក្រុមអាសឺណល (Arsenal) ដែលសុទ្ធសឹងជាក្រុមបាល់ទាត់ នៅចក្រភពអង់គ្លេស។
ក្រុមបាល់ទាត់ណាខ្លះ ដែលចាយប្រាក់សម្បើមជាងគេក្នុងលោក?
រូបគម្របខាងមុខ នៃរបាយការណ៍ «Soccerex Football Finance 100» ដែលបង្ហាញពីក្រុមបាល់ទាត់ ដែលចាយលុយច្រើនជាងគេ នៅក្នុងពិភពលោក។ (រូបថតលើទ្វីសធើ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៧ មករា ២០១៨
  • កែប្រែចុងក្រោយ: January 09, 2018
  • ប្រធានបទ: បាល់ទាត់-សេដ្ឋកិច្ច
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផ្ទុយទៅវិញ ក្រុមបាល់ទាត់ ដែលចាយលុយច្រើនជាងគេទាំងនេះ នៅមិនទាន់បានឈ្នះ ពានរង្វាន់ជាជើងឯកអ៊ឺរ៉ុប (ក្របខណ្ឌ Champions League) នៅឡើយ ខណៈក្រុមរៀលម៉ាឌ្រីត (Real Madrid) និងក្រុមបាសឺឡូន (Barcelone FC) ដែលឧស្សាហ៍ឈ្នះពានខាងលើ ច្រើនជាងគេ ស្ថិតក្នុងលេខរៀង ៦ និងលេខ ១៣។ នេះ បើតាមរបាយការណ៍ស្រាវជ្រាវ របស់ស្ថាប័នអន្តរជាតិ ឈ្មោះ «Soccerex Football Finance» ដែលមានជំនាញខាងសិក្សា ពីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងវិស័យបាល់ទាត់។

របាយការណ៍ ដែលចេញផ្សាយ កាលពីពាក់កណ្ដាលសប្ដាហ៍មុន បានឲ្យដឹងថា ក្រុមបាល់ទាត់ដែលចាយប្រាក់ ដ៏សន្ធឹកសន្ធាប់ និងដែលជាប់លេខរៀង នៅខ្ពស់ៗជាងគេ មាននៅក្នុងប្រទេសមហាយក្សខាងបាល់ទាត់ ដូចជាចក្រភពអង់គ្លេស បារាំង អេស្បាញ អ៊ីតាលី និងអាល្លឺម៉ង់។ ប៉ុន្តែនៅលេខរៀង ជាបន្តបន្ទាប់ គេក៏ឃើញដែរ នូវក្រុមបាល់ទាត់ជាច្រើនទៀត នៅសហរដ្ឋអាមេរិក នៅក្នុងប្រទេស ចិន អ៊ុយក្រែន និងរ៉ូស្ស៊ី។

ចក្រភពអង់គ្លេស មានក្រុមបាល់ទាត់ជាច្រើន ដែលចាយលុយដូចជះទឹក ក្នុងនោះក្រុមដែលមានខ្ទង់ចំណាយ ដ៏មហិមា ហើយទទួលបានចំណាត់ថ្នាក់លេខមួយ គឺក្រុម មែនឆេស្ទ័រស៊ីធី (Manchester City) ដែលជាកម្មសិទ្ធិរបស់សហគ្រាស «Abu Dhabi United Group» របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ក្រុមបាល់ទាត់ របស់ចក្រភពអង់គ្លេសដដែល ដែលទទួលបានចំណាត់ថ្នាក់លេខពីរ គឺក្រុម អាសឺណល់ (Arsenal)។​ ប៉ុន្តែផ្ទុយពីការចំណាយប្រាក់ ដ៏សន្ធឹកសន្ធាប់ ក្រុមអាសឺណល ទទួលបានចំណាត់ថ្នាក់ប្រកួត ត្រឹមតែលេខ៦ប៉ុណ្ណោះ នៅក្នុង«Premier League» ហើយមិនដែលឈ្នះ ពានរង្វាន់អ៊ឺរ៉ុប «Champions League» ម្ដងណាឡើយ។

រីឯក្រុមប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint germain ឬ PSG) របស់ប្រទេសបារាំង ដែលទើបនឹងចំណាយប្រាក់ ២២២លានអ៊ឺរ៉ូ ទិញយកកីឡាករ ណីម៉ា ពីក្រុមបាសឺឡូន មកនោះ ទទួលបានចំណាត់ថ្នាក់លេខ៣ នៅក្នុងបញ្ជីរបស់ «Soccerex Football Finance»។ ក្រុមបាល់ទាត់ នៃរដ្ឋធានីប៉ារីសមួយនេះ ត្រូវបានសហគ្រាស «Qatar Sports Investments» របស់ប្រទេសកាតា ទិញយកតាំងពីឆ្នាំ២០១១មក។ ក្រុមបាល់ទាត់ពីរទៀត របស់ប្រទេសបារាំង គឺក្រុម​លីយ៉ុង (Olympic Lyonnais) និងក្រុម ម៉ូណាកូ (Monaco FC) ទទួលបានចំណាត់ថ្នាក់លេខ ១៨ និងលេខ ១៩។

ដោយឡែកប្រទេសចិន ដែលទើបនឹងងើបខ្លាំង នៅក្នុងវិស័យបាល់ទាត់ សម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ មានក្រុមបាល់ទាត់មួយ ទទួលបានចំណាត់ថ្នាក់លេខ បួន នៅក្នុងបញ្ជីរបស់ «Soccerex Football Finance» ខាងលើ។ ក្រុមបាល់ទាត់មួយនេះ មានឈ្មោះ «Guangzhou Evergrande»  ស្ថិតក្នុងខេត្តក្វាងទុង (Guangdong) ភាគខាងកើតប្រទេសចិន (ដែលមានក្រុងហុងកុង នៅក្នុងខេត្តនេះដែរ)។

ខាងក្រោមនេះ ជាបញ្ជីក្រុមបាល់ទាត់ចុងក្រោយ ទាំង២៥ ដែលជាប់ឈ្មោះថា បានចាយលុយច្រើនជាងគេ នៅលើពិភពលោក៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...