អាសឺណល ចង់បានកីឡាកររៀលម៉ាឌ្រីដ១គូ «បិនស្ស៊ីម៉ា & ឌីម៉ារៀ»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: August 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្លិបកាំភ្លើងធំ អាសឺណល (Arsenal) កំពុងតែដុតដៃដុតជើង ដើម្បីបន្តក្តីសង្ឃឹមចុងក្រោយ ក្នុងការទិញយកកីឡាករឆ្នើមរបស់ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) ២រូបស្តួនគ្នាតែម្តង ពោលគឺខ្សែប្រយុទ្ធ ការីម បិនស្ស៊ីម៉ា (Karim Benzema) និងខ្សែបម្រើ អេនជេល ឌីម៉ារៀ (Angel Di Maria)។
ខ្សែប្រយុទ្ធ ការីម បិនស្ស៊ីម៉ា និងខ្សែបម្រើ អេនជេល ឌីម៉ារៀ ដែលទាត់ឲ្យក្រុមរៀល ម៉ាឌ្រីដ។ (រូបថត Denis Doyle/Getty Images)
ពេលនេះ អាសឺណលត្រៀមចំណាយ ៤០លានផោន សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិបារាំង វ័យ២៥ឆ្នាំ បិនស្ស៊ីម៉ា បន្ទាប់ពីបាត់បង់ឱកាស ក្នុងការប្រមាញ់យកខ្សែប្រយុទ្ធ ហ្គុនស្សាឡូ ហៃហ្គូន (Gonzalo Higuain) និងខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) របស់ក្រុមលីវើភូល (Liverpool) រួចមក។
គ្រូបង្វឹកអាសឺណល លោកអាសិង វិងហ្គឺ (Arsene Wenger) ក៏ត្រៀមបន្ថែមតំបន់បម្រើប្រយុទ្ធរបស់ក្រុមគាត់ទៀតដែរ ដែលក្នុងនោះគាត់សម្លឹងឃើញកីឡាករអន្តរជាតិអាស្សង់ទីន វ័យ២៥ឆ្នាំ ឌីម៉ារៀ ដែលលេងក្នុងដំណែងជាខ្សែបម្រើស្លាបឆ្វេងមួយរូបទៀត។ ហើយមិនត្រឹមតែប៉ុណ្ណោះគ្រូបង្វឹករូបនេះ ក៏កំពុងតែតាមប្រមាញ់រកអ្នកចាំទីថ្មីម្នាក់ និងខ្សែការពារម្នាក់ទៀតផងដែរ។
លោកវិងហ្គឺ ធ្លាប់ចង់បានបិនស្ស៊ីម៉ា ច្រើនលើកច្រើនសារមកហើយ ប៉ុន្តែពុំដែលបានសម្រេចនោះទេ។ បិនស្ស៊ីម៉ា បានផ្ទេរពីក្រុមលីយ៉ុង (Lyon) របស់បារាំង ទៅកាន់ក្រុមរៀលម៉ាឌ្រីដ របស់អេស្ប៉ាញ ក្នុងតម្លៃ ២៥លានផោន កាលពីឆ្នាំ២០០៩ ខណៈដែលឌីម៉ារៀ បានចាកចេញពីក្រុមបិនហ្វីកា (Benfica) ទៅកាន់កីឡាដ្ឋាន បឺណាប៊ូ (Bernabeu) កាលពីឆ្នាំ២០១០។
នៅក្នុងរដូវក្តៅនេះ អាសឺណលទើបតែទទួលបានកីឡាករចំណូលថ្មី១រូបទេ ពោលគឺខ្សែប្រយុទ្ធបារាំង វ័យ២០ឆ្នាំ យ៉ាយ៉ា សាណូហ្គូ (Yaya Sanogo) ដែលផ្ទេរមកពីក្រុម អរស្ស៊ឺ (Auxerre) ដោយឥតគិតថ្លៃថែមទៀត។ ប៉ុន្តែបន្ទាប់ពីប្រកួតចាញ់ក្នុងថ្ងៃបើកឆាករដូវកាលរួចមក ក្លិបកាំភ្លើងធំមួយនេះ គ្រោងនឹងចំណាយរហូតដល់ ១០០លានផោន ដើម្បីទិញកីឡាករបន្ថែម មុននឹងទីផ្សារដោះដូរកីឡាករត្រូវបានបិទ នៅថ្ងៃទី០២ ខែកញ្ញាខាងមុខ។
លោកវិងហ្គឺ បាននិយាយបន្ទាប់ពីក្រុមរបស់លោកប្រកួតឈ្នះក្រុម ហ្វឺណាបាច់ (Fenerbahce) ៣-០ ក្នុងការប្រកួតវគ្គជម្រុះចុងក្រោយ ជើងទី១ឆែមពានលីក (Champions League) នៅក្នុងប្រទេសទួរគីថា ការចង់បានកីឡាករ ល្វីស ស្វារែស ត្រូវបានបញ្ចប់ហើយ ហើយក៏គ្មានផ្លូវទៅមុខទៀតដែរ។
អាសឺណល បានដេញថ្លៃជាផ្លូវការចំនួន២លើក សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ ប៉ុន្តែក្រុមហង្សក្រហម ធ្វើការបដិសេធទាំង២លើក ដោយនិយាយថា ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ មិនមែនសម្រាប់លក់។ ចំពោះសំនួរដែលសួរថា តើស្វារែស អាចនឹងមកកាន់កីឡាដ្ឋាន អេមីរ៉េត (Emirates) ដែរទេ? គ្រូបង្វឹកវ័យ ៦៣ឆ្នាំបាននិយាយយ៉ាងខ្លីថា៖ «យើងពិតជាគ្មានឱកាសទៀតទេ»។
ទោះជាយ៉ាងណា លោកវិងហ្គឺ បានបង្ហើបឲ្យដឹងថា នៅសល់រយះពេល១២ថ្ងៃចុងក្រោយ មុនទីផ្សារដោះដូរកីឡាករត្រូវបានបិទនេះ ក្លិបរបស់លោកនឹងមានការមមារញឹកខ្លាំង៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ