ពិភពបាល់ទាត់រង្គើជាថ្មី៖ រ៉ូណាល់ដូ ចេញពីរៀល ទៅជូវេនទូស
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 11, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងរសៀលថ្ងៃអង្គារនេះ សារព័ត៌មានជាច្រើន នៅក្នុងប្រទេសអ៊ីតាលី បានផ្សាយពីការផ្ទេរកំពូលកីឡាករ ជាតិព័រទុយហ្គាល់ ថានឹងត្រូវប្រកាស ជាផ្លូវការ នៅក្នុងពេលខាងមុខ។ ពិតមែន! ព្រោះនៅប៉ុន្មានម៉ោងក្រោយមក ពោលគឺនៅល្ងាចថ្ងៃដដែល ក្រុមបាល់ទាត់ រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) នៃរាជធានី ម៉ាឌ្រីត បានប្រកាសជាផ្លូវការ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ អះអាងពីការចាកចេញ របស់ខ្សែប្រយុទ្ធរបស់ខ្លួន ដែលគេស្គាល់ឈ្មោះ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo)។
សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរឲ្យដឹងថា «តាមបំណង របស់កីឡាកររបស់ខ្លួន គឺកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ ទើបក្រុមបាល់ទាត់ បានសម្រេចផ្ទេរកីឡាករ ទៅឲ្យក្រុម ជូវេនទូស (Juventus- អ៊ីតាលី)» បើទោះជា កិច្ចសន្យារបស់កីឡាករ ដែលចុះហត្ថលេខា ជាមួយក្រុម រៀល មានរយៈពេលរហូតដល់ ឆ្នាំ ២០២១ ក៏ដោយ។
មេដឹកនាំ របស់ក្រុម រៀល ត្រូវបានស្រង់សំដី ដាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ អះអាងពីការថ្លែងអំណរគុណ ចំពោះកីឡាករម្ចាស់បាល់មាសច្រើនជំនាន់ ដែលបានទាត់ឲ្យក្រុម រៀល អស់រយៈពេល៩រដូវកាលជាប់ៗគ្នា រាប់ពីឆ្នាំ ២០០៩នោះមក។
អត្ថបទនោះ បានសរសេរថា៖ «នៅថ្ងៃនេះ ក្រុម រៀលម៉ាឌ្រីត ចង់សំដែងពីអំណរគុណរបស់ខ្លួន ចំពោះកីឡាករមួយរូប ដែលបានធ្វើឲ្យឃើញ ថាខ្លួនពិតជាកំពូលកីឡាករ ដ៏អស្ចារ្យជាងគេ នៅក្នុងពិភពលោក និងដែលបានបញ្ជាក់ថា ខ្លួនជាកីឡាករម្នាក់ នៅក្នុងចំណោមកីឡាករផ្សេងទៀត ដែលភ្លឺស្វាងជាងគេ នៅក្នុងប្រវត្តិនៃក្រុមបាល់ទាត់ របស់យើង និងនៅក្នុងពិភពបាល់ទាត់ ទាំងមូល»។
សេចក្ដីប្រកាសព័ត៌មានដដែល បានសរសើរកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ ទៀត ថាជាកីឡាករ ដែលរកគ្រាប់បាល់ បានច្រើនជាងគេ នៅក្នុងប្រវត្តិរបស់ក្រុម រៀលម៉ាឌ្រីត៖ រកគ្រាប់បាល់បាន ៤៥១ គ្រាប់ ពីក្នុងការប្រកួត ចំនួន ៤៣៨ដង។ ក្នុងរយៈពេល ៩រដូវកាលនេះ កីឡាករ រ៉ូណាល់ដូ លើកពានជាមួយក្រុម រៀល បាន ១៦ពាន នៅក្នុងនោះ ៤ពាន ជាពានជើងឯកអ៊ឺរ៉ុប។
កីឡាករខ្លួនឯង បានសរសេរនៅក្នុងសំបុត្រមួយច្បាប់ ដែលត្រូវបានក្រុម រៀល យកមកផ្សព្វផ្សាយដែរ អះអាងពីបំណងរបស់ខ្លួន ដែលចង់ចាកចេញ ពីក្រុមបាល់ទាត់ អធិរាជស របស់ប្រទេសអេស្ប៉ាញ។ កីឡាករបានអះអាងថា បានត្រិះរិះពិចារណាយ៉ាងច្រើន មុននឹងធ្វើការសម្រេចចិត្ត។ កំពូលកីឡាករ បានសរសេរដូច្នេះ៖ «ខ្ញុំបានគិតថា ឱកាសបានមកដល់សម្រាប់ខ្ញុំ ដើម្បីបើកទំព័រថ្មី នៅក្នុងជីវិត ហើយដោយសារអញ្ចឹងហើយ ទើបខ្ញុំបានស្នើសុំទៅក្រុមបាល់ទាត់ ដើម្បីយល់ព្រម ការផ្ទេររូបខ្ញុំ ទៅកាន់ក្រុមផ្សេង»។
បើតាមសារព័ត៌មាន ក្នុងប្រទេសអ៊ីតាលី តម្លៃនៃការផ្ទេរកីឡាករ មានកម្រិត ១០៥លានអ៊ឺរ៉ូ។ ចំពោះប្រាក់បៀវត្សន៍របស់កីឡាករវិញ ត្រូវបានក្រុម ជូវេនទូស ទទួលយល់ព្រម រហូតដល់ទៅ ៣០លានអ៊ឺរ៉ូ ក្នុងមួយរដូវកាល ខណៈកិច្ចសន្យារវាងកីឡាករ និងក្រុមជូវេនទូស មានរយៈពេល៤រដូវកាល៕