រ៉ូណាល់ដូ ពាក់ស្បែកជើងពិសេសថ្មីដើម្បីប្រកួតទល់ក្រុមប៉ារីស
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៦ មីនា ២០១៨
- កែប្រែចុងក្រោយ: March 06, 2018
- ប្រធានបទ: កីឡានិងម៉ូដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យកឱកាស នៃការប្រកួតបាល់ទាត់ ដែលពិភពលោកកំពុងតាមដាន ដើម្បីបង្ហាញស្បែកជើង ក្រាំប៉ុង (Crampon) ដ៏ពិសេសថ្មីមួយគូ ដែលឆ្នៃម៉ូដោយលោក គីម ចន (Kim Jones) អ្នកបង្កើតម៉ូតជាតិអង់គ្លេសដ៏ល្បី។ គឺនៅក្នុងការប្រកួត«ត្រឡប់» នៃវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ក្នុងក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» រវាងក្រុមប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) និងក្រុម រៀលម៉ាឌ្រីត (Real Madrid) ថ្ងៃទី៦ ខែមីនានេះ ដែលកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) គ្រោងនឹងពាក់ស្បែកជើងនេះ ដើម្បីចូលប្រកួត។
ស្បែកជើង ដែលមានឈ្មោះ «Mercurial Superfly 360» ត្រូវបានបង្ហាញជាសាធារណៈ កាលពីប៉ុន្មានថ្ងៃមុន និងត្រូវបានឆ្នៃម៉ូដ ដោយលោក គីម ចន ដែលធ្លាប់ជានាយក ខាងរចនាម៉ូដ របស់សហគ្រាស «Louis Vuitton» យីហោដ៏ល្បីមួយ របស់ប្រទេសបារាំង។ លោក គីម ចន អាយុ៣៨ឆ្នាំ បានជ្រើសរើសទម្រង់ និងការរចនាម៉ូដ សម្រាប់ស្បែកជើងនេះ តាមបែបស្បែកខ្លារខិន។
លោក ចន បានថ្លែងប្រាប់សារព័ត៌មាន ក្នុងប្រទេសបារាំងថា៖ «ខ្ញុំបានរស់នៅ និងធំដឹងក្ដី នៅក្នុងទ្វីបអាហ្វ្រិក ហើយខ្ញុំតែងស្រឡាញ់ចូលចិត្ត ថាមពលរបស់សត្វទាំងឡាយ។ ខ្ញុំបានឆ្នៃគំនិត ដោយដកស្រង់ចេញពីស្បែក របស់សត្វខ្លារខិន ដែលរត់លឿនជាងគេ ជាងសត្វណាៗទាំងអស់ ក្នុងលោកយើងនេះ។»។
កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ បានពាក់ស្បែកជើងនេះរួចហើយ ដើម្បីសាកល្បងហាត់ទាត់ ជាមួយមិត្តរួមក្រុម នៅក្នុងកីឡាដ្ឋាន «Parc des Princes» កាលពីរសៀលថ្ងៃទី៥ ខែមីនាម្សិលម៉ិញ។ គេនឹងរង់ចាំមើល ថាតើស្បែកជើង «Mercurial Superfly 360» នឹងអាចជួយឲ្យកំពូលកីឡាករ ដែលជាម្ចាស់បាល់មាស «បួន» ជំនាន់រូបនេះ រកគ្រាប់បាល់បានឬទេ នៅក្នុងការប្រកួត ទល់នឹងក្រុមប៉ារីស៕