កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​អន្តរទ្វីប​ថ្មី ផ្គើន​ប្រធានាធិបតី ត្រាំ

ប្រទេសកូរ៉េខាងត្បូង តាមរយៈក្រសួង​ការពារជាតិ​របស់ខ្លួន ទើបនឹងបាន​ប្រកាស​នៅ​មុន​នេះ ថា​ប្រទេស​កុម្មុយនីស​កូរ៉េ បានបាញ់​​កាំជ្រួច​អន្តរទ្វីប ជាថ្មីទៀត នៅព្រឹក​ថ្ងៃ​អាទិត្យនេះ។ កាំជ្រួច ដែល​ទំនង​ជា​បាញ់​បានចម្ងាយ ៥០០គីឡូម៉ែត្រ ត្រូវបាន​បាញ់​សាកល្បង ដោយ​ផ្គើន​​ទៅនឹង​​ការ​ព្រមាន របស់​រដ្ឋបាល​​នៃ​​ប្រធានាធិបតី​​អាមេរិក​​ថ្មី លោក ដូណាល់ ត្រាំ (Donald Trump) ដែល​ថា​នឹង​​ធ្វើការ​ឆ្លើយ​តប ទៅ​កូរ៉េ​ខាង​ជើង​វិញ យ៉ាង​ម៉ឺងម៉ាត់​បំផុត ប្រសិន​​ជា​មាន​​ការ​​​សាក​ល្បង​​​ថ្មី​​ណា​ទៀត​​​នោះ។
កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​អន្តរទ្វីប​ថ្មី ផ្គើន​ប្រធានាធិបតី ត្រាំ
កាំជ្រួចរយៈមធ្យមឈ្មោះ «Musudan» របស់ប្រទេសកូរ៉េខាងជើង ដែលបានដាក់បង្ហាញ នៅក្នុង​ព្យុះហយាត្រា​យោធាមួយ។ (រូបថតឯកសារ)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១២ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 12, 2017
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសកូរ៉េខាងជើង បានបាញ់កាំជ្រួចអន្តរទ្វីមួយគ្រាប់ទៀត នៅព្រឹកថ្ងៃអាទិត្យនេះ ចូលទៅក្នុង​សមុទ្រ​ជប៉ុន (ឬ​ហៅ​តាម​​ប្រជាជន​កូរ៉េ៖ សមុទ្រខាងកើត)។ នេះ បើតាមការអះអាង របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅ​មុន​នេះ​បន្តិច។ កាំជ្រួចត្រូវបាន​បាញ់ចេញ នៅវេលាម៉ោង ៧ និង៥៥នាទី ព្រឹក (ត្រូវគ្នា នឹងម៉ោងនៅកម្ពុជា តែ​ត្រូវ​ជា​ម៉ោង ០០ និង​៥៥នាទី ម៉ោងនៅបារាំង) ពីបន្ទាយ​ទ័ព​អាកាស របស់ប្រទេសកុម្មុយនីស ឈ្មោះ «Banghyon» ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច នៃប្រទេស។

អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ការបាញ់កាំជ្រួចនេះ មានចម្ងាយ​ប្រមាណ​៥០០​គីឡូ​ម៉ែត្រ ប៉ុន្តែ​ប្រភេទ នៃកាំជ្រួចរយៈឆ្ងាយមួយគ្រាប់នេះ កំពុងត្រូវបានស្រាវជ្រាវ​ និងពិនិត្យវិភាគនៅឡើយ។

ទីភ្នាក់ងារព័ត៌មាន «Yonhap» (កូរ៉េខាងត្បូង) បានស្រង់ប្រភព ពីមន្ត្រីយោធាកូរ៉េខាងត្បូងមកបញ្ជាក់ថា របប​កុម្មុយនីស ទំនង​ជា​បាន​សាកល្បង កាំជ្រួចរយៈមធ្យមមួយរបស់ខ្លួន ដែលមានឈ្មោះ «Musudan»។ កាលពី​ខែ​តុលា ឆ្នាំទៅម៉ិញ ក្រុងព្យុងយ៉ាង បាន​បាញ់​រួច​ហើយ នូវកាំជ្រួចប្រភេទនេះ ចំនួន​ពីរគ្រាប់ផ្ទួនៗគ្នា ចេញ​ពី​បន្ទាយ​ទ័ព​អាកាសខាងលើ។

នៅក្នុងសារជូនពរឆ្នាំថ្មី របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-un) កាលពីដើមឆ្នាំនេះ បាន​អះអាងថា របប​កុម្មុយនីស​របស់លោក នឹងធ្វើការសាកល្បង កាំជ្រួចអន្តរទ្វីប នៅក្នុងពេល​ ដ៏ឆាប់ខាងមុខ។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្លូវការ របស់​របប​មួយ​នេះ ក៏បានបញ្ជាក់បន្ថែមដែរថា ការបាញ់សាកល្បងនេះ អាចនឹងត្រូវធ្វើ នៅ​គ្រប់​វេលា​ទាំងអស់។

ផ្គើន ឬចង់សាកចិត្ត ប្រធានាធិបតីអាមេរិកថ្មី ...

សម្រាប់ក្រសួងការពារជាតិកូរ៉េខាងត្បូងវិញ បានពន្យល់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​​ថា៖ «ការបាញ់​សាក​ល្បង​ជា​ថ្មីនេះ មាន​បំណងពញ៉ាក់សហគមន៍អន្តរជាតិ ឲ្យចាប់អារម្មណ៍ មកលើប្រទេសកូរ៉េខាងជើង នៅក្នុង​វិស័យ​នុយក្លេអ៊ែរ និង​សព្វាវុធធុនធ្ងន់»។

សេចក្ដីប្រកាសព័ត៌មាននោះ បានបញ្ជាក់ថា៖ «វាជាការបង្ករឿងផ្នែកយោធាមួយ ដើម្បីចង់ដឹង ពីប្រតិកម្ម​របស់​រដ្ឋបាល​ថ្មី របស់​សហរដ្ឋ​អាមេរិក ដែលដឹកនាំដោយប្រធានាធិបតី ទើបចូលកាន់តំណែង លោក ដូណាល់ ត្រាំ (Donald Trump)»។

ការបាញ់​កាំជ្រួចមួយគ្រាប់នេះ ជាការសាកល្បងលើកដំបូងបង្អស់ ពីសំណាក់ប្រទេសកូរ៉េខាងជើង រាប់​ចាប់​តាំង​ពី​លោក ដូណាល់ ត្រាំ បានជាប់ឆ្នោត ជាប្រធានាធិបតីអាមេរិក ក្នុងខែវិច្ឆិកា ឆ្នាំកន្លងទៅ។

កាលពីចុងសប្ដាហ៍មុន លោក ជេម ម៉ាទីស (James Mattis) រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​ថ្មី បានថ្លែងខ្លាំងៗ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅកាន់​ឧបទ្វីបកូរ៉េ ថា ការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ ពីសំណាក់​ប្រទេស​កុម្មុយនីស កូរ៉េខាងជើង ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក ឬសម្ព័ន្ធ​មិត្តអាមេរិក​ណាមួយនោះ នឹងទទួល​បាន​មក​វិញ នូវចម្លើយ​ប្រកប​ដោយ​«ប្រសិទ្ធិភាព» និង​ការ​បង្ក្រាប ឲ្យ​«រាប​​ដល់​ដី»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...