កូរ៉េខាងជើង៖ អ្នកការទូតបរទេសមិន«ជម្លៀស»ខ្លួនភ្លាមៗទេ ខណៈចិនថាត្រូវជជែកគ្នា
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមអ្នកការទូតបរទេស ដែលមានទីស្នាក់ការនៅទីក្រុងព្យុងយ៉ាង ទំនងជាបានសម្រេចចិត្ត កាលពីថ្ងៃសៅរ៍ទី០៦ខែមេសានេះ ថានឹងបន្តបេសកកម្មការទូតរបស់ខ្លួនទៅទៀត បើទោះជារបបកុម្មុយនីស បានស្នើអោយមានការជម្លៀសពួកគេចេញ យ៉ាងណាក៏ដោយ។
ព្យុះហយាត្រា បង្ហាញពីរថយន្ដបាញ់កាំជ្រួចម៊ីលស៊ីល របស់ប្រទេសកូរ៉េខាងជើង។
ចំណែកឯក្រុងវ៉ាស៊ីនតោនវិញ ក៏ទំនងជាចង់អោយស្ថានភាពស្ងប់ស្ងៀមដែរ ដោយបាន«លើកថ្ងៃ»នៃការសាកល្បងកាំជ្រួចអន្តរទ្វីបបញ្ជាពីចម្ងាយ ដែលជាធម្មតា បានកំណត់ធ្វើក្នុងរដ្ឋកាលីហ្វ័នីរសប្ដាហ៍ក្រោយ ដោយសារតែភាពតានតឹងចេះតែកើនឡើង នៅក្នុងឧបទ្វីបកូរ៉េនេះ។ សូមអានអត្ថបទដែលទាក់ទងនឹងការ«លើកថ្ងៃ»នៃការសាកល្បងកាំជ្រួច របស់អាមេរិក ដោយចុចលើទីនេះ។
របបក្រុងព្យុងយ៉ាង ដែលបានតម្លើងកាំជ្រួចរយៈមធ្យម នៅតំបន់ឆ្នេរខាងកើតនៃប្រទេសរបស់ខ្លួន ត្រៀមចាំការវាយលុកនោះ បានជូនដំណឹងកាលពីថ្ងៃសុក្រទី០៥ខែមេសាមុននេះ ថាខ្លួនមិនអាចធានាសុវត្ថិភាព អោយក្រុមអ្នកបំពេញបេសកកម្មការទូតបរទេស ប្រចាំនៅទីក្រុងព្យុងយ៉ាង បានតទៅទៀតទេ ចាប់ពីថ្ងៃទី១០ខែមេសានេះតទៅ។
យុទ្ធសាស្ត្រ «បង្អើល»?
ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសជាច្រើន ដែលទទួលបានសេចក្ដីជូនដំណឹងនេះ ទំនងជាមិនមាននរណាម្នាក់ មានគម្រោងចង់ជម្លៀសមន្ត្រីការទូតរបស់ខ្លួន ចេញពីទីក្រុងព្យុងយ៉ាង ក្នុងពេលភ្លាមៗនេះទេ។ ផ្ទុយទៅវិញ ប្រទេសមួយចំនួន បានគិតថា ការគាបសង្កត់របស់អាជ្ញាធរកូរ៉េខាងជើង ជាយុទ្ធសាស្ត្រមួយ ចង់អោយគេឃើញពីការព្រួយបារម្ភជាលក្ខណៈអន្តរជាតិ នៅក្នុងវិបត្តិឧបទ្វីបកូរ៉េ។
ប្រទេសអាឡឺម៉ង់បានប្រកាសនៅថ្ងៃសៅរ៍ថា ស្ថានទូតរបស់ខ្លួននៅទីក្រុងព្យុងយ៉ាង នឹងនៅតែមានដំណើរការធម្មតា។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសអាឡឺម៉ង់ បានបញ្ជាក់ថា «សុវត្ថិភាពរបស់ស្ថានទូត និងការប្រឈមទល់នឹងគ្រោះថ្នាក់ ត្រូវបានវាយតម្លៃជាប់ជាប្រចាំ។ ប៉ុន្តែក្នុងដំណាក់កាលនេះ ស្ថានទូតអាចនៅធ្វើការបាន។»
រដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់ បានបន្ថែមថា «និយាយពីអ្វីដែលជាសុវត្ថិភាព របស់ស្ថានទូតអាឡឺម៉ង់ យើងមានការពិគ្រោះជាប់ជាប្រចាំ ជាពិសេសជាមួយដៃគូរបរទេសផ្សេងទៀត ដែលពួកគេមានស្ថានទូត នៅទីក្រុងព្យុងយ៉ាងដូចគ្នាដែរ»។
ចំណែកទីក្រុងឡុងដ៍ បានពន្យល់ពីការយល់ឃើញរបស់ខ្លួន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស ទាក់ទងនឹងការជូនដំណឹងរបស់កូរ៉េខាងជើងថា «យើងគិតថា ពួកគេធ្វើយ៉ាងនេះ ជារបៀបនៃការវាយលុកថ្មីមួយ ដែលនឹងដាក់កំហុសទៅអោយសហរដ្ឋអាមេរិក ថាជាការគម្រាមដ៏សំខាន់ សម្រាប់មន្ត្រីទូតទាំងនោះ»។
«មិនរវល់» នឹងសេចក្ដីជូនដំណឹងរបស់ទីក្រុងព្យុងយ៉ាង
ថ្នាក់ដឹកនាំបេសកកម្មការទូត នៃប្រទេសចំនួន៧នៅអ៊ឺរ៉ុប (អាឡឺម៉ង់ អង់គ្លេស ស៊ុយអ៊ែដ ប៉ូឡូញ រ៉ូម៉ានី ឆែក និងប៊ុលហ្គារី) បានជួបប្រជុំគ្នា កាលពីល្ងាចថ្ងៃសៅរ៍នៅទីក្រុងព្យុងយ៉ាង ដើម្បីជជែកពីស្ថានភាពចុងក្រោយ បន្ទាប់ពីសេចក្ដីជូនដំណឹងរបស់ទីក្រុងព្យុងយ៉ាង។
អ្នកនាំពាក្យនៃប្រទេសទាំងនោះ មួយចំនួនធំ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ទាក់ទងនឹងកិច្ចប្រជុំនេះ តែបានសុំអោយអ្នកកាសែតរងចាំ កិច្ចប្រជុំស្ដីពីកូរ៉េខាងជើង ដែលនឹងប្រារព្ធធ្វើក្នុងទីក្រុងប៊្រុយស្សែល ប្រទេសប៊ែលហ្សិក នៅថ្ងៃច័ន្ទខាងមុខ ដោយមានការចូលរួមពីសំណាក់ អគ្គរដ្ឋទូតទាំង២៧ប្រទេសនៃសហគមន៍អ៊ឺរ៉ុប។
រីឯប្រទេសកូរ៉េខាងត្បូងវិញ អ្នកទទួលខុសត្រូវក្នុងរដ្ឋាភិបាលមួយរូប ស្រង់ពាក្យសម្ដីដោយទីភ្នាក់ងាព័ត៌មានយ៉ុងហាប់ (Yonhap) បានថ្លែងថា អ្នកការទូតបរទេសប្រចាំនៅកូរ៉េខាងជើង ទំនងជា«មិនរវល់» នឹងសេចក្ដីជូនដំណឹងរបស់ទីក្រុងព្យុងយ៉ាងនោះទេ។ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ អ្នកទទួលខុសត្រូវនោះ បាននិយាយថា «រដ្ឋាភិបាលបរទេសភាគច្រើន ចាត់ទុកថា សាររបស់កូរ៉េខាងជើង ជាមធ្យោបាយសម្រាប់បង្អើល ភាពតានតឹងដែលកើតមានក្នុងប្រទេសកូរ៉េខាងជើង»។
ចិនថា ត្រូវដោះស្រាយតាមការជជែកគ្នា
ដោយឡែក អង្គការសហប្រជាជាតិ ក៏មិនបានត្រៀម ជម្លៀសមន្ត្រីរបស់ខ្លួន ចេញពីកូរ៉េខាងជើងនោះដែរ។ អ្នកនាំពាក្យរបស់អង្គការពិភពលោកមួយនេះ លោក ម៉ាទីន ណេសៀគី (Martin Nesirky) បាននិយាយនៅទីក្រុងញ៉ូយកថា «មន្ត្រីរបស់អ.ស.ប. នឹងនៅធ្វើការងាររបស់ខ្លួន ដោយត្រឹមត្រូវ ក្នុងក្របខ័ណ្ឌមនុស្សធម៌ និងដើម្បីការអភិវឌ្ឍន៍ នៅលើផ្ទៃប្រទេសកូរ៉េខាងជើង»។
នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយនឹងអគ្គលេខាធិការនៃអ.ស.ប. លោក បាន គី-មូន (Ban Ki-moon) រដ្ឋមន្ត្រីការ-បរទេសចិនថ្មី លោកវ័ន យី (Wan Yi) បានគូសបញ្ជាក់ពីសារសំខាន់ ដែលវិបត្តិនេះ ត្រូវដោះស្រាយតាមការជជែកគ្នា។ ក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់អ.ស.ប. លោកបាន-គីមូន បានថ្លែងពន្យល់ពីសេចក្ដី«ទុកចិត្តរបស់លោក ដែលរដ្ឋាភិបាលចិន នឹងខិតខំខ្នះខ្នែង ធ្វើអោយស្ថានការណ៍ អាចត្រឡប់មករកភាពស្ងប់ស្ងាត់វិញ»៕
-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣
ប្រភពយោង៖ AFP
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ