កូរ៉េខាងជើងទំនងចង់សាកល្បងនុយក្លេអ៊ែរលើកទី៤ និងកាំជ្រួចអន្តរទ្វីប
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសកូរ៉េខាងជើង ទំនងកំពុងរៀបចំសម្រាប់ថ្ងៃខាងមុខ ការបាញ់សាកល្បង កាំជ្រួចបញ្ជាពីចម្ងាយ និងការសាកល្បងនុយក្លេអ៊ែរជាលើកទីបួន។ ទីក្រុងសេអ៊ូល បានផ្សាយដំណឹង ពីការសាកល្បងនេះ ថាប្រហែលជានឹងត្រូវធ្វើ ក្នុងរវាងតែពីរខែក្រោយការសាកល្បង ធ្វើកាលពីខែកុម្ភះកន្លងទៅ ដែលបង្កអោយមាន ការដាក់ទណ្ឌកម្ម ពីសហគមន៍អន្តរជាតិ ទៅលើប្រទេសកុម្មុយនីស។
ទីតាំង UNHA សម្រាប់បាញ់សាកល្បង នូវកាំជ្រួចទាំងឡាយ របស់កូរ៉េខាងជើង។
រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េ របស់ប្រទេសកូរ៉េខាងត្បូង លោក រីយ៉ូ គីល-ជេ (Ryoo Kihl-Jae) បានលើកពី«សញ្ញា» នៃសកម្មភាពខុសប្លែកពីធម្មតា នៅជុំវិញតំបន់សាកល្បងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ តែលោកបានបដិសេធ មិននិយាយអ្វីផ្សេង ច្រើនជាងនេះឡើយ។
កាសែតប្រចាំថ្ងៃ ចុង អាង អ៊ីលប៊ូ (JoongAng Ilbo) បានសរសេរថា ចលនាទាំងនេះ នៅលើតំបន់ ពូនជី-រី (Punggye-ri) មានលក្ខណៈដូចគ្នាទាំងស្រុង ទៅនឹងចលនាដែលបានធ្វើ នៅមុនការសាកល្បងនុយក្លេអ៊ែរ លើកទីបី ដែលបានធ្វើកាលពីថ្ងៃទី ១២ខែកុម្ភះកន្លងមក។ ការសាកល្បងនៅពេលនោះ បានបង្កអោយកូរ៉េខាងជើង រងនូវទណ្ឌកម្មកំណត់ដោយ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ និងក៏ជាប្រភព នៃស្ថានភាពតានតឹង សព្វថ្ងៃនេះដែរ។
ប្រភពផ្លូវការ ដកស្រង់ដោយកាសែតប្រចាំថ្ងៃដដែល បានបញ្ជាក់ថា «យើងកំពុងរងចាំមើល តើនោះជាការត្រៀមរៀបចំពិតប្រាកដ ដើម្បីការសាកល្បងនុយក្លេអ៊ែរ ឬជាយុទ្ធសាស្ត្រថ្មី ដើម្បីគម្រាម មកលើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក?»
កាំជ្រួចអន្តរទ្វីបរយៈមធ្យមទាំងពីរដើម ដែលកូរ៉េខាងជើង បានចល័តយកទៅដាក់ នៅតំបន់ឆ្នេរខាងកើតនៃប្រទេស ក៏ប្រហែលជានឹងត្រូវបាញ់សាកល្បង ក្នុងពេលខាងមុខនេះដែរ។ ការបាញ់សាកល្បងទាំងនេះ ទំនងជាចង់បង្ខំអោយអាមេរិក ធ្វើការសម្រុះសម្រួល ដើម្បីឈានទៅរកការចរចារណាមួយ ជាពិសេស ការដាក់អោយដំណើរការឡើងវិញ នូវគម្រោងនុយក្លេអ៊ែរស៊ីវិល។
ក្នុងបំណងអោយស្ងប់ស្ងៀម និងចង់អោយទីក្រុងព្យុងយ៉ាង ទទួលខុសត្រូវតែម្នាក់ឯង ក្នុងការតតាំងគ្នានេះ ទីក្រុងវ៉ាស៊ីនតោន បានប្រកាស«លើកថ្ងៃ»បាញ់សាកល្បង កាំជ្រួចអន្តរទ្វីបរបស់ខ្លួន ដែលបានគ្រោងធ្វើ ក្នុងសប្ដាហ៍នេះ ពីមូលដ្ឋានយោធាអាកាសរបស់ខ្លួន ក្នុងរដ្ឋកាលីហ្វ័រនីរ។
កាលពីថ្ងៃអាទិត្យទី៧ខែមេសានេះ ទីក្រុងប៉េកាំងដែលជាសម្ព័ន្ធមិត្តតែមួយ របស់កូរ៉េខាងជើង បាននិយាយដោយបញ្ឆិតបញ្ឆៀង បង្ហាញនូវការឃ្លាំមើលយ៉ាងម៉ត់ចត់មួយ ទៅលើប្រទេសជាប់ភូមិផងរបងជាមួយនេះ។ សូមបញ្ជាក់ថា សេដ្ឋកិច្ចរបស់កូរ៉េខាងជើង រស់បាន ដោយការផ្តក់ដង្ហើមអោយ របស់ចិន។
ប្រធានាធិបតីចិនថ្មី លោក ស្សី ជីងភីង (Xi Jinping) បានថ្លែង ដោយមិនចំជាកូរ៉េខាងជើង ឬសហរដ្ឋអាមេរិកថា «គ្មាននរណាម្នាក់ ត្រូវបានអនុញ្ញត អោយធ្វើភ្លាមៗ ដោយភាពអាត្មានិយម នូវភាពក្រឡាប់ចាក់ នៅក្នុងតំបន់ និងយ៉ាងខ្លាំងនៅលើពិភពលោកនោះទេ»។
«មិនមានសញ្ញា ពីសង្គ្រាមក្នុងទ្រង់ទ្រាយធំទេ»
ទីប្រឹក្សាប្រធានាធិបតីកូរ៉េខាងត្បូង ទទួលបន្ទុកខាងសន្តិសុខ លោក គីម ជៀង-ស៊ូ (Kim Jang-Soo) បានអោយដឹងថា «ទីក្រុងព្យុងយ៉ាងអាចនឹង សាកល្បងការបាញ់នេះ នៅអំឡុងថ្ងៃទី១០ខែមេសាខាងមុខ ជាថ្ងៃដែលរបបកុម្មុយនីស បានប្រកាសថាមិនធានាសុវត្ថិភាព អោយក្រុមអ្នកការទូតបរទេស តទៅទៀតនោះ»។
លោកទីប្រឹក្សាបានបន្តទៀតថា «មិនមានសញ្ញា ឬការត្រៀមបម្រុងណាមួយ សម្រាប់ធ្វើសង្គ្រាម ក្នុងទ្រង់ទ្រាយធំ នោះទេ ក្នុងពេលនេះ តែកូរ៉េខាងជើង រងចាំទប់ទល់ ក្នុងករណីមានសង្គ្រាមផ្ទុះឡើង នៅទីណាមួយ»។
ការសាកល្បងទាំងពីរខាងលើ អាចនឹងធ្វើនៅថ្ងៃទី១៥ខែមេសាខាងមុខ ដែលជាថ្ងៃ«បុណ្យខួប»កំណើត របស់ស្ថាបនិកនៃរបបព្យុងយ៉ាង លោក គីម អ៊ីល-ស៊ុង (Kim Il-Sung) និងត្រូវជាជីតារបស់អគ្គមគ្គុទេសវ័យក្មេងសព្វថ្ងៃនេះ។
ជប៉ុនពង្រាយប្រព័ន្ធចាប់កាំជ្រួច
ដោយឡែកប្រទេសជប៉ុន បានបញ្ជាទៅកងទ័ពរបស់ខ្លួន អោយបាញ់ទម្លាក់ចោល នូវរាល់កាំជ្រួចម៊ីលស៊ីល របស់ប្រទេសកូរ៉េខាងជើង ទាំងឡាយណា ដែលបាញ់ឆ្ពោះមកកោះជប៉ុន។ នេះជាការប្រកាសអោយដឹង របស់អ្នកនាំពាក្យក្រសួងការពារជាតិជប៉ុន។ បទបញ្ជានេះ មានន័យស្មើនឹងការដាក់ពង្រាយ ប្រព័ន្ធចាប់កាំជ្រួច នៅតាមបណ្ដោយសមុទ្រជប៉ុន ដើម្បីត្រៀមទប់ស្កាត់ ការបំពារបំពានជាយថាហេតុណាមួយ ពីប្រទេសកុម្មុយនីស។
ទីភ្នាក់ងារព័ត៌មានជប៉ុនឃីយ៉ូដូ បានស្រង់សម្ដីមន្ត្រីរដ្ឋាភិបាលទីក្រុងតូក្យូ មកនិយាយថា «មិនទាន់មាន ការប៉ុនប៉ងធំដុំណាមួយ ដែលបញ្ជាក់ថា កាំជ្រួចនោះ នឹងបាញ់មកកោះជប៉ុននោះនៅឡើយ តែយើងបានសម្រេចចិត្ត នឹងត្រៀមទប់ទល់ នូវហេតុការណ៍ជាយថាហេតុណាមួយ»៕
-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣
ប្រភពយោង៖ AFP
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ