បាល់ទាត់៖ បាយឺន ម៉ូនិជ ក្លាយជាម្ចាស់ជើងឯកអាឡឺម៉ង់ថ្មី ជាប់ឯកត្តកម្មទាំង៥
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់ បាយឺន ម៉ូនិជ (Bayern Munich) បានអបអរសាទរក្នុងការឈ្នះពានរង្វាន់ បូដេសលីកា (Bundesliga) លីកកំពូលរបស់អាឡឺម៉ង់ លើកទី២៣ របស់ខ្លួន ក្រោយពេលប្រកួតឈ្នះក្រុម ហ្វ្រេងហ្វឺត (Frankfurt) ដោយលទ្ធផល ១-០ កាលពីថ្ងៃសៅរ៏កន្លងទៅ បើទោះបីជាសល់ការប្រកួតចំនួន ៦លើកទៀត ទើបចប់រដូវកាលក៏ដោយ។
ក្រុមបាល់ទាត់ បាយឺន ម៉ូនិជ រីករាយនៅពេលបានជ័យជំនះ។
ការឈ្នះម្ចាស់ជើងឯកថ្មី បាយឺន បានក្លាយជាក្លឹបដែល ទទួលបានពានរង្វាន់ឆាប់ជាងគេ ក្នុងប្រវត្តិសាស្ត្រ លីកអាឡឺម៉ង់ អស់រយះពេល៥០ឆ្នាំ ហើយបានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុមម្ចាស់ជើងឯកចាស់ពីសម័យកាលជាប់គ្នា បូរ៉ាស្សៀ ដតម័ន (Borussia Dortmunds)។ កីឡាករ ស្វែនស្តៃកឺ (Schweinsteiger) ជាអ្នករកគ្រាប់បាល់បានចំនួនតែ ១គ្រាប់គត់ ហើយគ្រប់គ្រាន់ឲ្យក្រុម បាយឺន ម៉ូនិជ យកឈ្នះ ហ្វ្រេងហ្វឺត ក៏ដូចជាឈ្នះពានរង្វាន់ថ្មី។
«វាជារឿង ដ៏អស្ចារ្យមួយ ហើយខ្ញុំបានឈ្នះពានរង្វាន់ក្នុងលីក បន្ទាប់ពីរយះពេល២៣ឆ្នាំ» លោកគ្រូបង្វឹក ច័ប ហេន័កស៏ (Jupp Heynckes) ដែលធ្លាប់ដឹកនាំ បាយឺន ឲ្យឈ្នះពានរង្វាន់កាលពីឆ្នាំ ១៩៨៩ និងឆ្នាំ១៩៩០ កំឡុងពេលគាត់ក្លាយជាគ្រូបង្វឹកលើកដំបូង បានប្រាប់ដល់កាសែត រ៉យទ័រ (Reuters)។
គាត់បន្តថា «កីឡាកររបស់ខ្ញុំទាំងអស់ កំពុងតែទទួលបានផលរបស់គេ បន្ទាប់ពីការខិតខំប្រឹងប្រែង ជិតពេញមួយរដូវកាល។ ពួកគេធ្វើទៅតាមអ្វីៗ ដែលខ្ញុំបានណែនាំ និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន។»
គួររំឮកថា លោក ហេន័កស៏ នឹងបញ្ចប់អាជីពជាគ្រូបង្វឹកជាមួយនឹងក្រុម បាយឺន ក្រោយពេលបញ្ចប់រដូវកាលនេះ ហើយក្លឹបនឹងធ្វើការតែងតាំង អតីតគ្រូបង្វឹកក្រុម បាសេឡូណា (Barcelona) លោក ប៉ិប កាឌីអូឡា (Pep Guardiola) មកដឹកនាំបន្តនៅរដូវកាលថ្មី។
ទទឹមនឹងការទទួលបានសមិទ្ធផលដ៏ធំធេងនេះ បាយឺន នៅមានឱកាស ដើម្បីទទួលបានពានរង្វាន់៣ នារដូវកាលនេះ ៖ ជឺម៉ិន ខាប់ (German Cup) និង ឆែមពានលីក (Champions League)។ ក្រុមមួយនេះ សង្ឃឹមថានឹងអាចឈានដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រឆែមពានលីកក្នុងសប្តាហ៏នេះ បន្ទាប់ពីឈ្នះក្រុម ជូវីនទូស (Juventus) ២-០ ជើងទី១ កាលពីសប្តាហ៏មុន។
កីឡាករប្រធានក្រុម ហ្វីលីប ឡាម (Philipp Lahm) បាននិយាយថា «យើងពិតជាចង់ឈ្នះពានរង្វាន់ទាំងអស់នេះ ហើយយើងនឹងខិតខំឲ្យអស់ពីលទ្ធភាព គ្រប់ការប្រកួត។ ប៉ុន្តែពេលនេះ យើងផ្តោតសំខាន់ទៅលើការប្រកួតជាមួយក្រុម ជូវីនទូស ព្រោះយើងមិនទាន់ប្រាកដថា នឹងអាចរួចខ្លួននៅឡើយទេ។»
រដូវកាលនេះ បាយឺន ម៉ូនិជ បានបំបែកឯកត្តកម្មទាំង៥ ក្នុងក្របខ័ណ្ឌបូដេសលីកា៖
• ឆាប់ឈ្នះពានរង្វាន់បំផុត ៖ សប្តាហ៏ទី២៨
• ចាប់ផ្តើមរដូវកាលបានល្អបំផុត ៖ ឈ្នះ ៨ប្រកួតជាប់ៗគ្នា
• ឈ្នះក្រៅផ្ទះ ច្រើនបំផុតក្នុងរដូវកាលនេះ ៖ ១៣លើក
• ជាក្រុមភ្ញៀវ ដែលយកឈ្នះម្ចាស់ផ្ទះច្រើនបំផុត ៖ ៥គ្រាប់
• ដឹងជាលក្ខណៈមិនទាន់ផ្លូវការថា ខ្លួននឹងក្លាយជាម្ចាស់ជើងឯក តាំងពីពាក់កណ្តាលរដូវកាល៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ