យន្ដហោះអាមេរិកាំង F-22 ជាច្រើនទៀត ហោះនៅក្នុងវេហារបស់កូរ៉េ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 01, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សហរដ្ឋអាមេរិកបានដាក់ពង្រាយយ៉ាងច្រើន នូវយន្ដហោះប្រដេញធុន F-22 នៅលើវេហារបស់កូរ៉េខាងត្បូង។ ប្រតិបត្តិការនេះ ដើម្បីជាការហោះសាកល្បងផង និងដើម្បីបង្ហាញជាថ្មីម្ដងទៀត ពីការគាំទ្ររបស់ខ្លួន ទៅទីក្រុងសេអ៊ូល នៅចំពោះមុខការគម្រាមរបស់កូរ៉េខាងជើង។
យន្ដហោះប្រដេញ យ៉ាងលឿនរបស់អាមេរិក ធុន F-22។
យន្ដហោះទាំងនេះ បានហោះសាកល្បងជាមួយយោធាកូរ៉េខាងត្បូង ចេញពីបន្ទាយយោធាអាមេរិក នៅកោះជប៉ុន អូគីណាវ៉ា (Okinawa) ដើម្បីទៅចុះចតនៅបន្ទាយយោធាមួយទៀត របស់អាមេរិកដែរ នៅអូសង់ (Osan) របស់កូរ៉េខាងត្បូង។
មេបញ្ជាការរបស់កងទ័ពអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង បានសរសេរក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា «ប្រទេសកូរ៉េខាងជើង នឹងមិនអាចធ្វើអ្វីបានទាំងអស់ ជាមួយនឹងការគម្រាម និងការបង្កហេតុទាំងឡាយ ដែលផ្ទុយទៅវិញ បានដាក់ខ្លួនឯងអោយកាន់តែឯកោ និងបំផ្លាញការខំប្រឹងរបស់សហគមន៍អន្តរជាតិ ក្នុងការស្វែងរកសន្តិភាព និងស្ថិរភាពនៅតំបន់អាស៊ីខាងកើតឈៀងខាងជើង»។
ប្រទេសកុម្មុយនីស បានតម្លើងសេចក្ដីប្រកាសខ្លាំងក្លា នៅក្នុងសប្ដាហ៍ចុងក្រោយនេះ ដោយបានលប់ចោល«បទឈប់បាញ់» ធ្វើជាមួយនឹងសហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមកូរ៉េនាឆ្នាំ១៩៥៣ ហើយថែមទាំងបានគម្រាមថា នឹងបើកការវាយលុកដោយអាវុធនុយក្លេអ៊ែរទៀតផង។ កាលពីថ្ងៃសៅរ៍កន្លងមកនេះ ប្រទេសនេះបានដាក់ខ្លួន អោយស្ថិតក្នុង«ស្ថានភាពសង្គ្រាម» ទល់ជាមួយនឹងកូរ៉េខាងត្បូង។
ស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មាន ឃីយ៉ូដូ (Kyodo) អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) បានថ្កោលទោស នូវការបង្កហេតុធ្ងន់ធ្ងរ របស់ទីក្រុងព្យុងយ៉ាង នៅបន្ទាប់ពីការប្រកាសរបស់កាសែតផ្លូវការរបស់របបនេះ ថាបន្ទាយកងទ័ពអាមេរិក នៅជប៉ុន ជាគោលដៅយុទ្ធសាស្ត្រ សម្រាប់ធ្វើការវាយប្រហារ។
សម្ដេចសង្ឃកាតូលីក ហ្វ្រង់ស៊័រ អំពាវនាវអោយមានការផ្សះផ្សារ
ការឆ្លើយឆ្លងទៅវិញទៅមកនៅលើឧបទ្វីបកូរ៉េ បានជម្រុញអោយសម្ដេចសង្ឃកាតូលីក ហ្វ្រង់ស៊័រ (François) ធ្វើនូវការបួងសួងមួយ សម្រាប់សន្តិភាព។ ការបួងសួងនេះ ត្រូវបានធ្វើនៅក្នុងពិធីសូត្រធម៌ផ្លូវការដ័ធំ កាលពីថ្ងៃអាទិត្យ នៅលើទីលាន ស៊ាំងពីជែ (Saint-Pierre)។ «សូមអោយមានសន្តិភាពនៅអាស៊ី ជាពិសេសនៅលើឧបទ្វីបកូរ៉េ សូមអោយភាពត្រជាក់ត្រជុំបានកើតមានឡើង និងការផ្សះផ្សារបណ្ដុះនៅក្នុងអារម្មណ៍ឡើងវិញ»។
សូមបញ្ជាក់ថាយន្ដហោះអាមេរិកផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ ធុន B-2 ហោះចេញផ្ទាល់ពីទឹកដីអាមេរិក បានក្រឡឹងជុំវិញប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងការហោះសាកល្បង មុននឹងចុះចតនៅ មីស៊ូរី (Missouri) បន្ទាយយោធាមួយទៀត របស់អាមេរិក។ ការហោះហើរនេះ ជាការសម្ដែងកម្លាំងមួយ ដែលបានបញ្ឆេះកំហឹងរបស់ទីក្រុងព្យុងយ៉ាង អោយក្រេវក្រោបឡើង៕
-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ