ប៉ូឡូ ឌីកានីញ៉ូ ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី ក្រុមសាន់ដឺឡែន
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 01, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ប៉ូឡូ ឌីកានីញ៉ូ (Paolo Di Canio) ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី នៃក្រុមបាល់ទាត់ឆ្មាខ្មៅ សាន់ដឺឡែន (Sunderland) ដើម្បីមកជំនួសដំណែងលោក ម៉ាទីន អូណេល (Martin O’Neill) ដែលក្លឹបបានបណ្តេញចេញកាលពីថ្ងៃទី៣០ ខែមិនា បន្ទាប់ពីបរាជ័យទល់នឹងក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ១-០ កាលពីថ្ងៃសៅរ៏។
លោក ប៉ូឡូ ឌីកានីញ៉ូ ក្នុងពេលនៅជាគ្រូបង្វឹក របស់ក្រុម ស្វីនដុន ថោន។
សេចក្តីរាយការណ៏របស់ក្លឹបបានថ្លែងថា «ក្រុមបាល់ទាត់សាន់ដឺឡែន បានយល់ព្រមតែងតាំងលោក ប៉ូឡូ ឌីកានីញ៉ូ ជាគ្រូបង្វឹក ក្នុងកិច្ចសន្យារយះពេល ២ឆ្នាំកន្លះ»។
បុរសវ័យ ៤៤ឆ្នាំ ឌីកានីញ៉ូ នឹងធ្វើដំណើរមកកាន់ក្រុមសាន់ដឺឡែន នៅថ្ងៃច័ន្ទនេះ ដើម្បីមកជំនួសដំណែង លោក អូណេល ដែលបានបណ្តេញចេញកាលពីថ្ងៃសៅរ៏ ដោយចាញ់ការប្រកួតនៅក្នុងទឹកដីខ្លួនឯង ហើយធ្វើឲ្យក្រុមសាន់ដឺឡែន មានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ នៅពីលើក្រុមដែលស្ថិតនៅក្នុងតំបន់ដែលត្រូវកាត់ចោល។
ឌីកានីអូ ជាគ្រូបង្វឹកក្រុម ស្វីនដុន ថោន (Swindon Town) គាត់បានជួយឲ្យក្រុមមួយនេះ ឡើងពីក្របខ័ណ្ឌ លីក២ (League Two) មកកាន់ក្របខ័ណ្ឌ លីក១ (League One) លីកលំដាប់ទី៣ នៃប្រទេសអង់គ្លេស។ ហើយបច្ចុបន្ប គាត់បានជួយឲ្យក្រុម ស្វីនដុន ថោន កំពុងឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាងលីក១។
លោក ឌីកានីអូ ក៏បានតែងតាំងលោក ដេវ៊ីដ មីលីបែន (David Miliband) អតីតរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសអង់គ្លេស ឆ្នាំ២០០៧ ដល់ឆ្នាំ២០១០ ជាជំនួយការផ្ទាល់របស់គាត់ និងជាអ្នកចាត់ការរង។
លោក មីលីបែន បាននិយាយថា «ខ្ញុំជូនពរឲ្យក្រុមបាល់ទាត់សាន់ដឺឡែន ជោគជ័យក្នុងពេលអនាគត។ ហើយខ្ញុំសូមឲ្យក្រុមទទួលបានលទ្ធផលល្អ ក្នុងការប្រកួត៧លើកចុងក្រោយនារដូវកាលនេះ។ ខ្ញុំគិតថា ការតែងតាំងគ្រូបង្វឹកថ្មីនេះ ជាជំហ៊ានដ៏ល្អ។»
ទោះបីជាយ៉ាងណាក៏ដោយ គោលបំណងរបស់ម្ចាស់ក្លឹបសាន់ដឺឡែន លោក អេលីស សត (Ellis Short) សញ្ជាតិអាមេរិក តែងតាំងលោក ឌីកានីញ៉ូ នេះ គាត់ចង់ឲ្យគ្រូបង្វឹករូបនេះ ធ្វើយ៉ាងណា ឲ្យក្រុមសាន់ដឺឡែន អាចមានជីវិតបន្ត នៅក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) តទៅទៀត។
លោក អេលីស បាននិយាយថា «ប៉ូឡូ ជាមនុស្សដែលមានស្មារតី ប្រកួតប្រជែងខ្ពស់ ដែលធ្វើឲ្យខ្ញុំជឿជាក់លើគាត់។ ការងាររបស់គាត់ ផ្តោតសំខាន់ទៅលើ ៧ប្រកួតនៅខាងមុខ ធ្វើយ៉ាងណាអាចទទួលបានពិន្ទុគ្រប់គ្រាន់ដើម្បី បាននៅក្នុងក្របខ័ណ្ឌនេះ ជាបន្ត។ ខ្ញុំសង្ឃឹមថា ប្រិយមិត្តទាំងអស់ នឹងជួយគាំទ្រគាត់។»
គួររំឮកថា ឌីកានីអូ ជាអតីតកីឡាករ ធ្លាប់លេងឲ្យក្រុម ជូវីនទូស (Juventus), អេស៊ី មីឡាន (AC Milan), ឡាស្សីអូ (Lazio) និងក្រុម ស្សែលទិក (Celtic)។
ចំណែកឯលោក អូណេល មានឱកាសនៅក្នុងកីឡាដ្ឋាន ស្តេដៀម អូហ្វឡៃ (Stadium of Light) ត្រឹមតែរយះពេល ១៦ខែប៉ុណ្ណោះ បន្ទាប់ពីគាត់ចូលមកជំនួសដំណែងលោក ស្ទីវ ប្រូស (Steve Bruce) កាលពីខែធ្នូរ ឆ្នាំ២០១១។
បុរសវ័យ ៦១ឆ្នាំរូបនេះ ជាគ្រូបង្វឹកទី៥ ដែលត្រូវបានក្លឹបបណ្តេញចេញ ក្នុងរដូវកាលនេះ បន្ទាប់ពីលោក រ៉ូបឺតូ ឌីម៉ាទីអូ (Roberto Di Matteo) ក្រុមឆែលស៊ី (Chelsea), ម៉ាក ហ្យូស (Mark Hughes) ក្រុម ឃ្វីនផាក រ៉ែងជឺ (Queens Park Rangers), នីចែល អាឃីន (Nigel Adkins) ក្រុម សៅហេមតុន (Southampton) និងលោក ប្រេន ម៉ាកដឺម៉ូត (Brian McDermott) របស់ក្រុម រីឌីង (Reading)៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ