អាសិណល ឈ្នះដំណែងឆែមពានលីក តែហ្វឺកឺសិនបញ្ចប់អាជីបទាំងក្រៀមក្រំ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 20, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមកាំភ្លើងធំអាសិណល (Arsenal) បានឈ្នះក្នុងការប្រជែងយកដំណែងលេខ៤ ក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) បន្ទាប់ពីបានយកឈ្នះ ១-០ លើក្រុមញូកាស្សល (Newcastle)។ ចំណែកឯការបញ្ចប់អាជីពរបស់លោក អាឡិច ហ្វឺកឺសិន (Alex Ferguson) មានសភាពក្រៀមក្រំបន្តិចបន្ទាប់ពីក្រុមម៉ែនឆេស្ទើយូណៃ ធីត (Manchester United) ប្រកួតចុងក្រោយបានត្រឹមស្មើ ៥-៥ ជាមួយក្រុមវែសប្រូមវិច អាល់បៀន (West Bromwich) កាលពីយប់មិញ។
ក្រុមអាសិណល សប្បាយដោយបានឈ្នះក្រុមញូកាស្សល។
ក្រុមរបស់លោកអាសិង វ៉ិងកឺ (Arsene Wenger) ត្រូវការឈ្នះ៣ពិន្ទុ ដើម្បីមានសិទ្ធទៅលេងក្នុងក្រមខ័ណ្ឌឆែមពានលីក (Champions League) និងដើម្បីឈ្នះក្រុមទទិនហេម (Tottenham) ដែលមានគម្លាតពីគ្នាត្រឹមតែ១ពិន្ទុនោះ។ ហើយគ្រាប់បាល់របស់ខ្សែការពារ ឡរ៉ិន ឃូស្ស៊ែនី (Laurent Koscielny) នៅវគ្គទី២ ក៏បានជួយឲ្យពួកគេបានសម្រេចដូចបំណង។
គ្រាប់បាល់បញ្ចូលទីរបស់ឃូស្ស៊ែនី មានន័យថាក្រុមទទិនហេម បានត្រឹមតែដំណែងទៅលេងក្នុងក្របខ័ណ្ឌអ៊ឺរ៉ូផាលីក (Europa League) តែប៉ុណ្ណោះ ព្រោះបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៥ បើទោះជាឈ្នះ ១-០ លើក្រុមសាន់ដឺឡែន (Sunderland) ក៏ដោយ។
លោកវ៉ិងកឺ (គ្រូបង្វឹកក្រុមអាសិណល) បាននិយាយថា «កីឡាកររបស់យើងទាំងអស់ ពិតជាពិសេសខ្លាំងណាស់ ព្រោះពួកគេធ្វើបានយ៉ាងល្អ និងធ្វើតាមអ្វីដែលខ្ញុំបានប្រាប់។»
លោក អេនដ្រេ វីឡាសបូអាស (Andre Villas-Boas) គ្រូបង្វឹកក្រុមទទិនហេម បាននិយាយថា «វាពិតជាពិបាកទទួលយកណាស់។ នៅទីបញ្ចប់យើងបានធ្វើអ្វី ដែលយើងគួរធ្វើអស់ហើយ ប៉ុន្តែអាសិណល ក៏ធ្វើបានល្អដូចគ្នា។ យើងពិតជាសោកស្តាយ។»
ចំណែកលោកហ្វឺកឺសិន ដែលនឹងត្រូវបញ្ចប់អាជីព ក្នុងការប្រកួតលើកទី១៥០០លើក របស់គាត់នោះ គិតថាម្ចាស់ជើងឯកព្រីមែលីក ម៉ែនឆេស្ទើ យូណៃធីត អាចទទួលបានជ័យជំនះទៅហើយបន្ទាប់ពីក្រុមរបស់លោកបាននាំមុខ ៥-២ នៅចុងវគ្គទី២ ទៅលើក្រុមវែសប្រូម។
ប៉ុន្តែក្រុមវែសប្រូម អាចរកគ្រាប់បាល់បញ្ចូលទីវិញបាន៣គ្រាប់ ត្រឹមតែ៩នាទីប៉ុណ្ណោះ ដែលធ្វើឲ្យលោកហ្វឺកឺសិន ស្ទើរតែមិនជឿនឹងភ្នែក និងធ្វើអ្នកគាំទ្រក្រុមបីសាចក្រហម ដែលធ្លាប់តែលោតហ៊ោរកញ្ច្រាវនោះ ត្រូវបាត់មាត់បាត់កឈឹង ខណៈនោះដែរ។
កីឡាករខ្សែការពារកណ្តាលក្រុមបីសាចក្រហម រីយ៉ូ ហ្វឺឌីណាន់ (Rio Ferdinand) បាននិយាយបន្ទាប់ពីការប្រកួតចប់ថា «៥-៥ ជាការប្រកួតមួយដែលល្អមើល ព្រោះលោកគ្រូ (ហ្វឺកឺសិន) មិនចាកចេញទៅ ជាមួយនឹងការប្រកួតគួរឲ្យធុញទ្រាន់ (០-០) នោះទេ។»
គួរបញ្ជាក់ថា នៅការប្រកួតចប់លោកហ្វឺកឺសិន ក៏បានលើកដៃគោរព និងជម្រាបលារដល់អ្នកគាំទ្រក្រុមម៉ែនឆេស្ទើ យូណៃធីតទាំងអស់ ដែលជាថ្ងៃចុងក្រោយរបស់គាត់។ ហើយគាត់ក៏បានបដិសេដជាមួយនឹងក្រុមអ្នកកាសែត ដែលចង់ធ្វើបទសម្ភាសន៏គាត់ដែរ ព្រោះគាត់ចង់ចាកចេញទៅ ដោយសេចក្តីស្ងប់ស្ងាត់ ទាំងអារម្មណ៏ក្តុកក្តួល៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ