សំណុំរឿងឈូក បណ្ឌិត៖ សហភាព​ការងារ​និង​សហជីព​កម្ពុជា សុំ​ឲ្យ​តុលាការ​ស្វាយរៀង​ឯករាជ្យ

ភ្នំពេញ៖ នៅខណៈដែលសាលាដំបូងខេត្តស្វាយរៀង គ្រោងនឹងបើកសវនាការសុំណុំរឿងដ៏ចម្រុងចម្រាស់ អតីតៈ​អភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បានបាញ់ឲ្យរងរបួស នៅថ្ងៃទី ២១ ខែឧសភា ខាងមុខនេះ សហភាពការងារ​កម្ពុជា និងសហភាពសហជីពកម្ពុជា ដែលមានសហ័ន្ធសហជីពនិងសមាគមចំនួន១៩ និងមានសមាជិកជាង១៥ម៉ឺននាក់ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយទទួចដល់ស្ថាប័នតុលាការ និងរាជរដ្ឋាភិបាលផ្តល់​យុត្តិធម៌ដល់កម្មការិនី​រងគ្រោះបីនាក់។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: May 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ នៅខណៈដែលសាលាដំបូងខេត្តស្វាយរៀង គ្រោងនឹងបើកសវនាការសុំណុំរឿងដ៏ចម្រុងចម្រាស់ អតីតៈ​អភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បានបាញ់ឲ្យរងរបួស នៅថ្ងៃទី ២១ ខែឧសភា ខាងមុខនេះ សហភាពការងារ​កម្ពុជា និងសហភាពសហជីពកម្ពុជា ដែលមានសហ័ន្ធសហជីពនិងសមាគមចំនួន១៩ និងមានសមាជិកជាង១៥ម៉ឺននាក់ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយទទួចដល់ស្ថាប័នតុលាការ និងរាជរដ្ឋាភិបាលផ្តល់​យុត្តិធម៌ដល់កម្មការិនី​រងគ្រោះបីនាក់។


ចុងចោទ ឈូក បណ្ឌិត ពេលចេញពីសវនាការនៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary

នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ តំណាងសហភាពសហព័ន្ធសហជីព បានទទួចសូមឲ្យតុលាការផ្តន្ទាទោសជនស្មើស ឈូកបណ្ឌិតឲ្យបានធ្ងន់ធ្ងរបំផុត សមទៅនឹងទង្វើររបស់ខ្លួន និងបង់សំណងជូនកម្មការិនីរងគ្រោះឲ្យបានសមរម្យ និង​សូមឲ្យរដ្ឋាភិបាលផ្តល់ការគាំទ្រ ចំពោះការផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរ ទៅលើលោកឈូក បណ្ឌិត ដើម្បីបង្ហាញពីចេតនា​លុបបំបាត់និទណ្ឌភាព និងលុបបំបាត់ការសង្ស័យនានា ពីសំណាក់សាធារណៈជនលើករណីនេះ។ នៅក្នុងសេចក្តី​ថ្លែង​ការណ៍រួមនោះ បានលើកឡើងថា៖ «យើងទាំងអស់គ្នាមិនសុខចិត្ត ចំពោះអ្នកមានអំណាច បុណ្យស័ក្តិ ដែលតែងតែ​រួច​ទោស រីឯអ្នកក្រទន់ខ្សោយតែងតែទទួលរងគ្រោះ និងមានទោសនោះឡើយ យើងចង់ឃើញតុលាការឈរលើភាព​ឯករាជ្យពិតប្រាកដ»។

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ បានពន្យល់ថា លោកចង់បញ្ជាក់ទៅតុលាការខេត្តស្វាយរៀងថាមិន​គួរ​មិនឲ្យជនស្មើសគ្មានទោសនោះទេ ពីព្រោះតុលាការខេត្តនេះ បានលើកបទចោទប្រកាន់ទៅលើជនល្មើស (ជនសង្ស័យ) ឈូក បណ្ឌិតម្តងរួចមកហើយ។ ដូច្នេះលោកចង់ឲ្យតុលាការឈរលើភាពឯករាជ្យ ជនល្មើសគឺត្រូវតែផ្តន្ទាទោស​ដាក់​ពន្ធនាគារ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖«ករណីនេះវាអយុត្តិធម៌ណាស់ ពីព្រោះច្បាប់ក្នុងរដ្ឋធម្មនុញ្ញបានចែងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិសស្មើគ្នាចំពោះមុខច្បាប់ ដោយមិនគិតអ្នកមានរឺក្រទេ។ ដូច្នេះឈូក បណ្ឌិត ដែលជាជនល្មើស​ត្រូវតែទទួលទោស បើសិនជាដោះលែងឈូកបណ្ឌិតអ្នកផ្សងទៀត ដែលជាប់ពន្ធនាគារក៏ត្រូវតែដោះលែងទាំងអស់ដែរ ដូច្នេះត្រូវតែអនុវត្តន៍ច្បាប់ឲ្យមានតម្លាភាព មិនត្រូវគិតបក្សពួកនិយមនោះទេ»។

សូមរម្លឹកថា កាលពីថ្ងៃទី៤ ខែមិនា ឆ្នាំ ២០១៣ សាលាឧទ្ធរណ៍ បានសម្រេចធ្វើការចោទប្រកាន់ សារជាថ្មីឡើងវិញលើ​លោក ឈូក បណ្ឌិត អតីតៈ អភិបាលក្រុងបាវិត ដែលបានបាញ់កម្មការិនីរោងចក្រ នៅក្រុងបាវិត៣នាក់ឲ្យរងរបួស ពីបទ​បង្កររបួសស្នាមដោយអចេតនា ហើយបង្វិលសុំណុំរឿងនេះ ទៅឲ្យតុលាការខេត្តស្វាយរៀងបើក​សវនាសារជាថ្មី​ឡើង​វិញ។

អតីតអភិបាលក្រុងដ៏មានឥទ្ធិពលមួយនេះ ត្រូវបានតុលាការខេត្តស្វាយរៀង ធ្វើការចោទប្រកាន់បង្ករបួសស្នាម ដោយ​អចេតនាទាក់ទិននៅនឹងព្រឹត្តិការណ៍ថ្ងៃទី២០ ខែកុម្ភៈ ដែលបានបាញ់កម្មករ៣នាក់ឲ្យរងរបួស ខណៈកម្មករជាង ៦០០០ នាក់មកពីរោងចក្រចំនួន៤ ក្នុងតំបន់សេដ្ឋកិច្ចពិសេស Manhattan ក្នុងក្រុងបាវិត បានធ្វើការតវ៉ា និងទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន។ ប៉ុន្មានថ្ងៃបន្ទាប់មក លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសឈ្មោះ លោកឈូកបណ្ឌិតជាលើកដំបូងថា គឺជាជនសង្ស័យដែលជាប់ពាក់ព័ន្ធ ទៅនឹងការបាញ់ប្រហារទៅលើកម្មករ។ បន្ទាប់​មកនៅពីថ្ងៃទី ៥ មីនា ឆ្នាំ ២០១២ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យរបស់រដ្ឋាភិបាល ត្រូវ​បានបង្គាប់ឲ្យ អតីតអភិបាលក្រុងបាវិត ទៅធ្វើការនៅសាលាខេត្តស្វាយរៀង ប៉ុន្តែគ្មានមុខតំណែងដើម្បីធ្វើការឡើយ។

រីឯជនរងគ្រោះដែលកំពុងតែស្រែកឃ្លានចង់បានយុត្តិធម៌នោះ កែវ នា ដែលជាកម្មករការិនីរងគ្រោះបានថ្លែងថា ពួកនាង​ពុំមានសង្ឃឹមទៅ លើតុលាការខេត្តស្វាយរៀងនេះទេ ដោយសារតែតុលាការនេះបានលើកបទចោទ​ម្តងទៅហើយ​ចំពោះ​លើជនល្មើសឈូក បណ្ឌិតដែលបានបាញ់មកលើពួកនាង។ នាងបានថ្លែងឲ្យដឹងទៀតថា ៖«ខ្ញុំតស៊ូរហូតអស់ជីវិត ដើម្បី​ស្វែងរកយុត្តិធម៌»។

នាងបានថ្លែងឲ្យដឹងទៀតថា សព្វថ្ងៃនេះនាងរស់នៅទាំងភាពភ័យខ្លាច ដោយសារបន្ទប់ដែលនាងជួល សម្រាប់ស្នាក់នៅ​ធ្វើការគឺនៅទល់នឹងមុខផ្ទះរបស់លោក ឈូក បណ្ឌិត ហើយនាងតែងតែឃើញជនល្មើស មានអំណាចមួយនេះ​បើក​រថយន្តចេញចូលរាល់ថ្ងៃ។ «សព្វថ្ងៃនេះខ្ញុំភ័យខ្លាច ដោយខ្លាចគេលូចធ្វើបាបខ្ញុំ តែខ្ញុំតែងតែលួងចិត្តខ្លួនឯងថា គេមិន​ហ៊ានធ្វើអីទៀតទេ ពីព្រោះប្រទេសមានច្បាប់»។

លោកប៉ិច ឈឿត ប្រធានសាលាដំបូងខេត្តស្វាយរៀងបានបកស្រាយថា ចំពោះការបើកសវនាការសំណុំរឿងលោកឈូក បណ្ឌិត គឺពុំមានការផ្លាស់ប្តូរនោះទេ ហើយសវនាការនេះត្រូវធ្វើឡើងដោយសារធារណៈ ដើម្បីបើកឱកាសឲ្យពលរដ្ឋទូទៅ អាចចូលស្តាប់សវនាការបាន។ លោកបានឲ្យដឹងទៀតថា ៖«ចំពោះការទទូចរកយុត្តិធម៌ និងទាមទារឲ្យតុលការឈរលើ​ភាពអព្យាក្រិត របស់សហភាពការងារកម្ពុជា ខ្ញុំថានេះគឺជាសិទ្ធិរបស់ពួកគេក្នុងការបញ្ចេញមតិ ខ្ញុំពុំមានអ្វីឆ្លើយតប​ទៅពួក​គេនោះទេ»។

អតីតអភិបាលក្រុងដ៏មានឥទ្ធិពល លោកឈូក បណ្ឌិត ដែលមានទំនាក់ទនងយ៉ាងស្និត ជាមួយមន្ត្រីជាន់ខ្ពស់របស់​គណបក្សប្រជាជនកម្ពុជា ពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេ នៅថ្ងៃនេះ៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...