កីឡាករថ្មីលីវើភូល៖ ខូឡូ តូរ៉េ ជឿថាគាត់នៅតែជាកំពូលខ្សែការពារ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែការពារខូឡូ តូរ៉េ (Kolo Toure) បានផ្ទេរពីក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) មកចូលរូមជាមួយក្រុមលីវើភូល (Liverpool) ជាផ្លូវការ កាលពីដើមសប្ដាហ៍នេះ ហើយគាត់បាននិយាយថា គាត់នៅតែជាខ្សែម្នាក់ល្អបំផុត ក្នុងចំណោមកំពូលខ្សែការពារទាំងអស់ នៅក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League)។
កីឡាករខ្សែការពារខូឡូ តូរ៉េ កាលពីគាត់នៅជាមួយក្រុមម៉ែនឆេស្ទើ ស៊ីធី។ (រូបថត football365.com)
តូរ៉េ បាននិយាយប្រាប់ដល់គេហទំព័ររបស់ក្លឹបលីវើភូលថា៖ «លីវើភូល បានផ្តល់ឱកាសឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំបានបង្ហាញពីសមត្ថភាព។ បើទោះបីជាខ្ញុំមានវ័យ ៣២ឆ្នាំហើយក៏ដោយ ប៉ុន្តែខ្ញុំនៅតែជឿជាក់ថា ខ្ញុំនៅតែជាកំពូលខ្សែការពារម្នាក់ ហើយខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យដល់ទីបញ្ចប់។»
កីឡាករអន្តរជាតិអាយរីខូស រូបនេះ បានបន្តថា៖ «ក្នុងរយះពេល២ឆ្នាំចុងក្រោយនេះ ខ្ញុំពុំសូវបានចូលលេងទេ ហើយខ្ញុំពិតជាស្រេកឃ្លានខ្លាំងណាស់ ព្រោះខ្ញុំចង់ចូលលេង។ ខ្ញុំនឹងខិតខំឲ្យអស់លទ្ធភាព និងជួយឲ្យលីវើភូល ឈ្នះពានរង្វាន់នៅក្នុងរដូវកាលនេះ។»
គ្រូបង្វឹកលីវើភូល លោកប្រេដិន រ៉ដចឺ (Brendan Rodgers) នាំយកតូរ៉េមក ដើម្បីជំនួសដំណែងកីឡាករជេមី ខារ៉ាកឺ (Jamie Carragher) ដែលបានប្រកាសចូលនិវត្តន៏ កាលពីចុងរដូវកាលមុន។ ប៉ុន្តែទោះជាយ៉ាងណា តូរ៉េក៏មិនមែនជាគោលដៅវែងឆ្ងាយដែរ ព្រោះគាត់មានវ័យចាស់ហើយ។
កីឡាករវ័យ ៣២ឆ្នាំរូបនេះ ជាខ្សែការពារដែលមានបទពិសោធន៏ច្រើន មិនចាញ់ខារ៉ាកឺនោះទេ ហើយគាត់ធ្លាប់ជាខ្សែការពារល្អបំផុត កាលពីគាត់នៅក្រុមកាំភ្លើងធំអាសិណល (Arsenal) និងក្រុមម៉ែនស៊ីធី ផងដែរ។ មិនតែប៉ុណ្ណោះ គាត់ក៏ធ្លាប់ជាប្រធានក្រុមមេឃខៀវម៉ែនស៊ីធីដែរ ប៉ុន្តែដោយសារតែគាត់មានបញ្ហារបួសរ៉ាំរ៉ៃ ទើបធ្លាក់ដំណែងជាប្រធានក្រុម និងឈប់បានចូលលេងជាជម្រើស១១នាក់ដំបូង រហូតមកដល់បច្ចុប្បន្ន។
តូរ៉េ បាននិយាយថា ការដែលមកជំនួសដំណែងវីរបុរសលីវើភូលនេះ មិនមែនជារឿងងាយស្រួលនោះទេ។
គាត់បាននិយាយថា៖ «ខ្ញុំដឹងថា ខារ៉ាកឺបានចាកចេញពីក្លឹប ដែលនេះជាហេតុមួយ ធ្វើឲ្យខ្ញុំបានមកដល់ទីនេះ។ គាត់ (ខារ៉ាកឺ) ជាកីឡាករល្អម្នាក់ ជានិមិត្តរូបរបស់ក្រុម ជាវីរបុរសរបស់ក្រុម ហើយនេះជាគំរូរមួយសម្រាប់រូបខ្ញុំ។ ខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អ ដូចអ្វីដែលគាត់ធ្លាប់បានធ្វើ ប៉ុន្តែប្រហែលជាមិនងាយស្រួលនោះទេ។ វាជាសម្ពាធមួយ សម្រាប់ខ្ញុំ ព្រោះមកជំនួសដំណែងកីឡាករល្អ ពិតជាមានការពិបាក ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំនៅតែព្យាយាមឲ្យបានល្អជាទីបំផុត តាមដែលអាចធ្វើទៅបាន៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ