ម៉ែនស៊ីធី នឹងតាមប្រមាញ់ខ្សែប្រយុទ្ធប្រេស៊ីលវិញ បើទិញកាវ៉ានី មិនបាន
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមមេឃខៀវម៉ែនឆេស្ទើ ស៊ីធី (Manchester City) នឹងបង្វែរគោលដៅរបស់ខ្លួន ទៅរកខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ប្រេស៊ីល ហ្វ្រេដ (Fred) វិញ បើសិនជាករណី ពួកគេបរាជ័យក្នុងការទិញខ្សែប្រយុទ្ធ អេឌីនសិន កាវ៉ានី (Edinson Cavani) របស់ក្រុមណាប៉ូលី (Napoli)។ នេះបើតាមសេចក្ដីរាយការណ៍ របស់កាសែតអង់គ្លេសដៀលីម៊ែរ៉ឺ (Daily Mirror) ។
កីឡាករខ្សែប្រយុទ្ធ អេឌីនសិន កាវ៉ានី របស់ក្រុមណាប៉ូលី។ (រូបថត lemeilleurdupsg.com)
កាវ៉ានី នៅតែជាគោលដៅទី១ របស់ក្រុមម៉ែនស៊ីធី ប៉ុន្តែក្រុមណាប៉ូលី នៅតែបន្តមិនព្រមទម្លាក់តម្លៃបន្តិចណាឡើយ ទៅលើខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះ។
ក្លឹបណាប៉ូលី បាននិយាយថាពួកគេមិនព្រមទទួលយកតម្លៃក្រោម ៥៣លានផោនឡើយ សម្រាប់ខ្សែប្រយុទ្ធកាវ៉ានី ខណៈដែលក្រុមម៉ែនស៊ីធី ថាពួកគេក៏មិនទិញក្នុងតម្លៃខ្ពស់ដូចនោះដែរ បន្ទាប់ពីពួកគេបានចំណាយលុយច្រើនគួរសមដែរទៅលើខ្សែបម្រើ ជេសឺស ណាវ៉ាស (Jesus Navas) និងកីឡាករហ្វឺណាន់ឌីញ៉ូ (Fernandinho) រួចមក។
ពេលនេះ ម៉ែនស៊ីធី កំពុងតែចង់បង្វែរគោលដៅទៅរកខ្សែប្រយុទ្ធប្រេស៊ីលហ្វ្រេដ ដែលកីឡាកររូបនេះ បានរកគ្រាប់បាល់បញ្ចូលទីបាន២គ្រាប់ ក្នុងការប្រកួតផ្តាច់ព្រ័ត្រខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) រវាងក្រុមប្រេស៊ីល និងក្រុមអេស្ប៉ាញកន្លងទៅ ហើយគាត់ក៏ទំនងជានឹងក្លាយជាតួរអង្គសំខាន់បន្តទៀត ក្នុងយុទ្ធនាការបាល់ទាត់ពិភពលោកឆ្នាំ២០១៤ សម្រាប់ក្រុមប្រេស៊ីល។
ទោះបីជាយ៉ាងណា ក្លឹបហ្វឡាមមីណិន (Fluminense) បាននិយាយថា ពួកគេនឹងមិនលក់ខ្សែប្រយុទ្ធហ្វ្រេដ ជាដាច់ខាត។ ប៉ុន្តែសម្រាប់ហ្វ្រេដ គាត់និយាយថា គាត់អាចនឹងយល់ព្រមចាកចេញ លុះត្រាតែគាត់ពេញចិត្ត និងល័កខ័ណ្ឌត្រូវរូវគ្នា។
ម៉ែនស៊ីធី នឹងឲ្យថ្លៃឈ្នួលហ្វ្រេដ មួយទ្វេរជាបី ទៅនឹងថ្លៃឈ្នួលរបស់គាត់បច្ចុប្បន្ន ហើយក្លឹបហ្វឡាមមីណិន អាចនឹងយល់ព្រមលក់ក្នុងតម្លៃប្រហែល ៧លានផោន។ នេះមានន័យថា ហ្វ្រេដ ជាជម្រើសមួយ ថោកជាងខ្សែប្រយុទ្ធអេឌីនសិន កាវ៉ានីឆ្ងាយណាស់។
ប៉ុន្តែទោះជាយ៉ាងណា ហ្វ្រេដ គាត់មានវ័យជិត ៣០ឆ្នាំទៅហើយ ហើយក្រុមម៉ែនស៊ីធី ក៏ប្រហែលជាបារម្មណ៏ចំពោះបញ្ហានេះដែរ ព្រោះបើទិញគាត់មក គាត់ក៏មិនអាចលេងឲ្យក្រុមបានយូរអង្វែងដែរ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ