ម៉ែនស៊ីធី បន្ត​ចាញ់​ក្រុម​នៅ​អាហ្វ្រិក​ខាង​ត្បូង ជា​លើក​ទី​២

ដំណើរទៅប្រកួតមិត្តភាពកំដៅសាច់ដុំ របស់ក្រុមជើងឯករងព្រីមែលីក (Premier League) មែនឆេស្ទើ ស៊ីធី (Manchester City) នៅប្រទេសអាហ្រ្វិកខាងត្បូង កាន់តែយ៉ាប់យឺនមែនទែនហើយ បន្ទាប់ពីប្រកួតចំនួន២ប្រកួត ចាញ់ទាំង២ប្រកួត។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណើរទៅប្រកួតមិត្តភាពកំដៅសាច់ដុំ របស់ក្រុមជើងឯករងព្រីមែលីក (Premier League) មែនឆេស្ទើ ស៊ីធី (Manchester City) នៅប្រទេសអាហ្រ្វិកខាងត្បូង កាន់តែយ៉ាប់យឺនមែនទែនហើយ បន្ទាប់ពីប្រកួតចំនួន២ប្រកួត ចាញ់ទាំង២ប្រកួត។


ការប្រកួតរវាងក្រុមមែនឆេស្ទើ ស៊ីធី និងក្រុមបាល់ទាត់អាម៉ាស្ស៊ូលូ របស់អាហ្វ្រិកខាងត្បូង។

បន្ទាប់បរាជ័យរបស់ក្រុមស៊ុបព័រស្ពត (SuperSport) ២-០ កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៏មុន ក្រុមមេឃខៀវរបស់​អង់គ្លេសមួយនេះ បានបន្តចាញ់ក្រុមនៅអាហ្វ្រិកខាងត្បូងមួយទៀត អាម៉ាស្ស៊ូលូ (AmaZulu) ដោយលទ្ធផល ២-១ ទៀត កាលពីយប់ថ្ងៃព្រហស្បតិ៏។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតនោះ ពុំមានវត្តមានរបស់គ្រូបង្វឹកលោក ម៉ាញ៉ូអែល ប៉េឡេហ្រ្គីនី (Manuel Pellegrini) នោះទេ ដោយសារគ្រូបង្វឹកថ្មីសញ្ជាតិឈីលីរូបនោះ មានបញ្ហាគ្រួសារផ្ទាល់ខ្លួនជាបន្ទាន់ ដែលតម្រូវឲ្យលោក​ត្រឡប់​ទៅកាន់ប្រទេសកំណើតរបស់គាត់វិញ។

ខណៈដែលក្រុមគ្មានគ្រូបង្វឹកដឹកនាំ នៅសល់តែជំនួយការគ្រូបង្វឹក ក្រុមមេឃខៀវ ត្រូវបានម្ចាស់ផ្ទះនាំមុខមុននៅនាទី​ទី២០ ដោយកីឡាករបុងហ្គានី អិនឌូលូឡា (Bongani Ndulula)។ ខ្សែបម្រើអន្តរជាតិអង់គ្លេស ជេម មីលណឺ (James Milner) រកគ្រាប់បាល់ឲ្យម៉ែនស៊ីធី តាមបានស្មើមកវិញ នៅនាទីទី២៦ មុនពេលដែលកីឡាករ វ៉ាន់ ហឺដិន (Van Heerden) ទាត់​បាល់​ពិន័យប៉េណាល់ទី១១ម៉ែត្រ ជួយឲ្យក្រុមអាម៉ាស្ស៊ូលូ ទទួលបានជ័យជំនះនៅចុងម៉ោង ពោលគឺនៅនាទីទី៨៧។

ចំពោះការអវត្តមានរបស់គ្រូបង្វឹក លោកប្រែន ឃីដ (Brian Kidd) ដែលជាជំនួយការរបស់លោកប៉េឡេហ្គ្រីនី បាននិយាយ​ថា៖ «គាត់ (ប៉េឡេហ្គ្រីនី) ត្រូវត្រឡប់ទៅកាន់ប្រទេសឈីលីវិញ ដោយសារហេតុផលផ្ទាល់ខ្លួនរបស់គាត់។ យើងសង្ឃឹមថា គាត់នឹងត្រឡប់មកដឹកនាំក្រុមវិញ នៅក្នុងទីក្រុងហុងកុង នៅព្រឹកថ្ងៃអង្គារ៏សប្តាហ៏ក្រោយ។ ប៉ុន្តែយើងមិនប្រាកដនោះទេ។»

ជំនួយការគ្រូបង្វឹក ក្រុមម៉ែនស៊ីធីរូបនេះដដែល បានបន្ថែមថា៖ «តាមពិតទៅយើងចង់ឲ្យគ្រូរបស់យើងនៅទីនេះ ប៉ុន្តែមុន​ពេលគាត់ចេញទៅ គាត់បានរៀបចំក្រុមអស់ហើយ សម្រាប់ការប្រកួត។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមរបស់យើងពុំបាន​ទទួលលទ្ធផលល្អនោះទេ។»

បន្ទាប់ពីអាម៉ាស់នៅអាហ្វ្រិកខា​ងត្បូងរួចមក ម៉ែនស៊ីធី នឹងត្រូវធ្វើដំណើរព្រងព្រេងមកកាន់តំបន់អាស៊ីវិញម្តង ដើម្បីចូលរួម​ប្រកួតប្រជែងយកពានរង្វាន់តូចមួយ ឈ្មោះថា បាឃ្លេអាស៊ីត្រូភី (Barclays Asia Trophy) នៅក្នុងទីក្រុងហុងកុង នាសប្តាហ៏​ក្រោយ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...