ប៉េប មកប៉ារីសដើម្បីឃ្លាំមើល ម៉ូណាកូ ប្រកួតជាមួយ ប៉ារីស
- ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៩ មករា ២០១៧
- កែប្រែចុងក្រោយ: January 30, 2017
- ប្រធានបទ: បាល់ទាត់អ៊ឺរ៉ុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រកួត រវាងក្រុមខ្លាំងទាំងពីរ នៅក្នុងប្រទេសបារាំង រវាងក្រម ប៉ារីស (PSG) និងក្រុមម៉ូណាកូ (Monaco) (លទ្ធផលនៃការប្រកួត ១-១) ក្នុងយប់ថ្ងៃអាទិត្យ ទី២៩ ខែមករានេះ បានទាក់ទាញចំណាប់អារម្មណ៍ ពីប្រិយមិត្តដ៏ល្បីៗរបស់ខ្លួន មិនតិចនាក់ទេ។ ប៉ុន្តែគ្មាននរណាដឹងជាមុនថា គ្រូបង្វឹករបស់ក្រុម មែនឆេស្ទ័រ ស៊ីធី (Manchester City) លោក ប៉េប ហ្គ័រឌីយ៉ូឡា (Pep Guardiola) ក៏បានមកអង្គុយមើលការប្រកួតនេះ ដោយផ្ទាល់ដែរនោះទេ។
ការបង្ហាញវត្តមានរបស់លោក ដ៏គួរឲ្យភ្ញាក់ផ្អើល ពីលើវេទិកានៃកីឡាដ្ឋាន «Parc des Princes» របស់រដ្ឋធានី ប៉ារីស ត្រូវបានអ្នកផងគិតថា ដើម្បីមកឃ្លាំមើលបច្ចេកទេសទាត់ របសក្រុម ម៉ូណាកូ ដែលត្រូវជួប ជាមួយក្រុមម្ចាស់ផ្ទះ មែនឆេស្ទ័រ ស៊ីធី នៅក្នុងវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌ «Champions's League» នៅថ្ងៃទី២១ ខែកុម្ភៈខាងមុខ។ នោះគឺដោយសារលោក ប៉េប មិនមែនមកតែម្នាក់ឯង ជាលក្ខណៈឯកជននោះទេ តែលោកមាននាំមកជាមួយ នូវគ្រូបង្វឹករង (ដែលអង្គុយនៅជាប់លោក ក្នុងរូបខាងក្រោម) ឈ្មោះ «Mikel Arteta» នោះផង។
ប៉ុន្តែប្រភពមួយ ស្និតនឹងក្រុមបាល់ទាត់អង់គ្លេស បានបង្ហើបឲ្យដឹងថា លោក ប៉េប មិនគ្រាន់តែមកមើលបច្ចេកទេសទាត់បាល់ របស់ក្រុម ម៉ូណាកូ ប៉ុណ្ណោះទេ តែលោកមកកាន់រដ្ឋធានីប៉ារីសនេះ ក៏ដើម្បីមករកមើល កីឡាករជើងល្អមួយចំនួន ដែលក្រុម មែនឆេស្ទ័រស៊ីធី បានរំពៃតាមដាន តាំងពីមួយរយៈមកហើយ ដូចជាកីឡាករស្បែកខ្មៅ របស់ក្រុម ម៉ូណាកូ ឈ្មោះ «Tiémoué Bakayoko» នោះជាដើម។
សូមបញ្ជាក់ដែរថា ជំនួបសងសឹក រវាងក្រុមខ្លាំងទាំងពីរ (ក្រុមប៉ារីស និក្រុមម៉ូណាកូ) ក្នុងយប់ថ្ងៃអាទិត្យនេះ បានទទួលប្រិយមិត្ត ដ៏កំពូល និងល្បីៗជាច្រើននាក់ មកអង្គុយទស្សនាផ្ទាល់ នៅក្នុងកីឡាដ្ឋាន ដែលស្ថិតនៅភាគនារតី នៃរដ្ឋធានីប៉ារីស។ អ្នកទាំងនោះ ដែលគេស្គាល់ មានដូចជា ព្រះអង្គម្ចាស់ «Albert II» របស់ប្រទេសម៉ូណាកូ និងកីឡាករ «Ronaldinho» របស់ប្រទេសប្រេស៊ីល ជាដើម៕