ខៀវ កាញារីទ្ធ៖ ចង់បន្ទោស«ក៥» ត្រូវបន្ទោសអ្នកចូលរួមជាមួយខ្មែរក្រហម
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២៨ មករា ២០១៧
- កែប្រែចុងក្រោយ: January 28, 2017
- ប្រធានបទ: ប្រវត្តិសាស្ត្រ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មានមន្ត្រីជាច្រើននាក់ មកពីគណបក្សកាន់អំណាច បានធ្វើមិនដឹងមិនឮ (ឬធ្វើភ្លេច) ពីព្រឹត្តិការណ៍ដ៏អាណោចអាធម នៃ«ផែនការ ក៥» ដែលបានបង្កឲ្យប្រជាជនស៊ីវិលខ្មែរ រាប់សិបម៉ឺននាក់ បានបន្តបាត់បង់ជីវិត បន្ទាប់ពីបានងើបចេញ ពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។ ប៉ុន្តែយ៉ាងហោចណាស់ មានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមួយរូប បាននិយាយរំលឹក ពីប្រវត្តិសាស្ត្រ ដ៏ជូរចត់របស់ប្រជាជាតិខ្មែរ ក្នុងរបបកុម្មុយនីសទីពីរនេះ បើទោះជាលោក បានពន្យល់ថា កំហុសដំបូងគេ គឺអ្នកដែលបានចូលរួម ជាមួយខ្មែរក្រហម ក្នុងការបង្កើត«រដ្ឋាភិបាលចំរុះ» កម្ពុជាប្រជាធិបតេយ្យ នោះក៏ដោយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរដូចនេះ នៅប៉ុន្មាននាទីមុន តាមរយៈគណនេយ្យហ្វេសប៊ុករបស់លោកថា៖ «អ្នកថ្កោលទោស រឿង"ក៥" ដំបូងបង្អស់ត្រូវថ្កោលទោសអ្នកណា ដែលចូលជាមួយខ្មែរក្រហម បង្កើតរដ្ឋាភិបាលចំរុះកម្ពុជាប្រជាធិបតេយ្យ»។
លោកបានពន្យល់ថា៖ «ក្រោយពី (ឆ្នាំ)៧៩ អ្នកណាក៏ដឹងថា ពួកកម្ពុជាប្រជាធិបតេយ្យ បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ (ខុសពីអ្នកគាំទ្រ ៧០ -៧៥ ដែលគេមិនដឹងក្រយ៉ៅប៉ុលពត) ហើយគឺការបង្កើតនេះហើយ ដែលធ្វើឲ្យខ្មែរក្រហម បន្តជីវិតរស់នៅ មានសិទ្ធិទទួលជំនួយ ពីគ្រប់ទិសទី ហើយ មានសិទ្ធិចែក ៥០ ភាគរយនៃរាល់ជំនួយបន្ទាន់ របស់អង្គការសហប្រជាជាតិ សំរាប់កម្ពុជា ក្នុងពេលដែលពួកគេ មិនមានមនុស្សដល់ ៥០០ ០០០ នាក់ (ឯរដ្ឋកម្ពុជា ចិញ្ចឹមមនុស្សជាង ៣ លាននាក់) យកជំនួយនេះ បង្ខំមនុស្សឲ្យចូលទាហាន មកច្បាំងនៅក្នុងប្រទេស ក្នុងពេលដែលកងទ័ពកម្ពុជា ទើបបង្កើតជាអង្គភាពរៀបរយ មិនបានបួន-ប្រាំឆ្នាំផង។»
បុព្ធហេតុនៃ «ក៥»...
លោក ខៀវ កាញារីទ្ធ បានសសេរនៅចុងបញ្ចប់ ថា៖ «ពួកពេជ្ឈឃាតស្អប់ ក៥ ព្រោះដោយ ក៥ នេះ កំលាំងបញ្ជូនមកកាប់សំលាប់ខ្មែរក្នុងស្រុក ត្រូវស្បើយ»។
គេមិនបានដឹងថា តើការអះអាងខាងលើ របស់លោករដ្ឋមន្ត្រី មានបំណងបញ្ជាក់ពីបុព្វហេតុ នៃការបញ្ជូនប្រជាជន ឲ្យទៅទៅកាប់ឆ្កាព្រៃ ក្នុងផែនការ «ក៥» រហូតរងគ្រោះ ជាន់មីន និង«ចាញ់ទឹកចាញ់ដី» រហូតបាក់ដៃ បាក់ជើង ឈឺស្លាប់ ដល់ថ្នាក់រាប់សិបម៉ឺននាក់នោះទេ។ ប៉ុន្តែចំងល់មួយ បានផ្ទុះជាសំណួរឡើងថា បើ «កងទ័ពកម្ពុជា (ក្រោមការជួយឧបត្ថម្ភ ពីកងទ័ពយួន ក្នុងសម័យនោះ) ទើបបង្កើតជាអង្គភាពរៀបរយ មិនបានបួន-ប្រាំឆ្នាំផង» និងគ្មានសមត្ថភាពទប់ស្កាត់ ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍នោះទេ ដូច្នេះគឺមានតែយុទ្ធសាស្ត្រ នៃផែនការ«ក៥»នេះទេឬ ទើបអាចទប់ស្កាត់បាន?
អត្ថន័យ នៃពាក្យ«ក៥»...
អ្នកចម្រៀងអាយ៉ៃ ដ៏ល្បីឈ្មោះម្នាក់ (អ្នកដែលឆ្លងកាត់ព្រឹត្តិការណ៍នេះ សុទ្ធតែបានស្គាល់ច្បាស់ថា អ្នកចម្រៀងអាយ៉ៃនោះ ជានរណា) ក៏បានច្រៀងចំអកនឹងព្រឹត្តិការណ៍នេះដែរ ដោយបានលើកឡើង ប្រៀបធៀបថា «ទៅជិះឡាន មកជិះចាន» ជាដើម។ តែមកដល់ថ្ងៃនេះ រឿងរ៉ាវទាក់ទងនឹងផែនការ «ក៥» ស្ថិតនៅជាអាថ៌កំបាំង ដ៏ជ្រាលជ្រៅនៅឡើយ ជាពិសេស បើសិនជាគេចង់ដឹង ឲ្យច្បាស់ទៀតថា តើនរណាជាអ្នកនៅពីក្រោយផែនការនេះ និងដើម្បីកិច្ចកលអ្វី?
នៅក្នុងសៀវភៅ ដែលមានចំណងជើងថា «ប៉ែន សុវណ្ណ ជីវប្រវត្តិសង្ខេប និងបុព្វហេតុជាតិមាតុភូមិកម្ពុជា» លោក ប៉ែន សុវណ្ណ ដែលជាអ្នកនិពន្ធ និងជាអតីតអ្នកស្មោះស្ម័គ្រ របស់រដ្ឋាភិបាលក្រុង ហាណូយ បានបកអាក្រាតថា ផែនការ «ក៥» នេះ គឺជាផែនការ ដែលចេញមកពីយួនផ្ទាល់ និងមកពីអក្សរកាត់ «ក»ទាំង៥ នៃពាក្យ៖ «កែន-កម្លាំង-កាប់ឆ្កាព្រៃ-ការពារព្រំដែន-កម្ពុជា»។
ផែនការនេះ ត្រូវបានលោក ប៉ែន សុវណ្ណ ដែលមានថានៈជានាយករដ្ឋមន្ត្រី នៅពេលនោះ សរសេរថា លោកបានបដិសេធ នៅចំពោះលោក ឡេ ដឹកថូ មេទ័ពយួន ដោយមើលឃើញ ពីស្ថានភាពសុខភាពដ៏ទ្រុឌទ្រោម របស់ប្រជាជនកម្ពុជា ដែលទើបនឹងងើបចេញ ពីរបបកម្ពុជាប្រជាធិបតេយ្យ។ លោកបានបញ្ជាក់ទៀតថា ការបដិសេធរបស់លោក ក៏ជាមូលហេតុមួយ ដែលធ្វើឲ្យ «បនហាណូយ» ដកលោកចេញពីតំណែង និងចាប់រូបលោក ទៅដាក់គុកងងឹត នៅរដ្ឋធានីហាណូយ នៅពេលបន្ទាប់មក។
ប៉ុន្តែផែនការនេះ នៅតែត្រូវបានអនុវត្តន៍ ដោយក្រុមមេដឹកនាំខ្មែរ ដែលត្រូវបានយួនលើកបន្តុប បន្ទាប់ពីលោក ប៉ែន សុវណ្ណ។ មេដឹកនាំទាំងនោះ ដែលត្រូវទទួលខុសត្រូវច្រើនជាងគេ មានជាអាទិិ៍ លោក ហេង សំរិន (ពេលនោះ ជាប្រមុខរដ្ឋ) លោក ហ៊ុន សែន (ពេលនោះ ជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍កម្ពុជា និងជានាយករដ្ឋមន្ត្រី) និងលោក ប៊ូ ថង (ពេលនោះ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ)។ នេះ បើតាមសៀវភៅ «ជញ្ជាំងឬស្សី» ដែលស្រាវជ្រាវពីប្រវត្តិនៃផែនការ «ក៥» នេះឡើងវិញ និងចងក្រង ដោយអ្នកស្រី «Esmeralda Luciolli»៕
(ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ នឹងត្រឡប់មកធ្វើសេចក្ដីរាយការណ៍លំអិត ទាក់ទងនឹងព្រឹត្តិការណ៍ «ក៥» នេះ នៅក្នុងអត្ថបទលើកក្រោយរបស់ខ្លួន)