មតិហ្វេសប៊ុក ជុំវិញបន្ទូលរបស់ទ្រង់រណឬទ្ធិ ឲ្យបក្សប្រឆាំងចូលសភា
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 18, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រាល់ការចចារទាំងអស់តែងតែបិទទ្វារ មិនឲ្យអ្នកណាម្នាក់បានដឹង ពីលទ្ធផលអ្វីឲ្យច្បាស់លាស់ឡើយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ នេះជាបន្ទូលរិះគន់របស់ទ្រង់ រណឬទ្ធិ កាលពីថ្ងៃទី១៦ ខែមីនាកន្លងមក នៅសណ្ឋាគារសាន់វ៉េ។ មិនត្រឹមតែប៉ុណ្ណោះ សម្ដេចក្រុមព្រះអង្គនេះ បានបង្ហាញជំហរ ចង់ឲ្យគណបក្សសង្គ្រោះជាតិ ចូលប្រជុំក្នុងរដ្ឋសភា នោះទើបជាដំណោះស្រាយពិតប្រាកដ លើបញ្ហានយោបាយ និងការលើកយកប្រយោជន៍រាស្រ្តជាធំ។
សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ នៅសណ្ឋាគារសាន់វេ ថ្ងៃទី១៦ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Channita)
នយោបាយកម្ពុជា - អ្នកវិភាគនយោបាយឯករាជ្យ លោក សុខ ទូច បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ូក ចាត់ទុកការអំពាវនាវរបស់ទ្រង់ រណ ឬទ្ធិ ស្នើឲ្យគណបក្សប្រឆាំងចូលរដ្ឋសភានោះ ថាហាក់ដូចមានបំណងចង់បង្ខំឲ្យគណបក្សប្រឆាំងមួយនេះ ដើរតាមលំអានចាស់របស់ទ្រង់ដែលបានទទួល«បរាជ័យ» ក្នុងឆាកនយោបាយនេះ ដែលមានយ៉ាងហោចណាស់ចំនួនបីលើកមកហើយនោះ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចក្រុមព្រះ ផ្តល់យោបល់ឲ្យគណបក្សង្រ្គោះជាតិចូលសភា។ បទពិសោធន៍នេះព្រះអង្អបានទទួលចំនួនបីដងហើយ ចុងក្រោយព្រះអង្គយាងទៅ (ប្រទេស) ម៉ាឡេស៊ី។»
មតិជាច្រើន បានចាប់អារម្ភថាហេតុអ្វីក៏ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ ចង់ឲ្យគណបក្សសង្គ្រោះជាតិ ចូលប្រជុំក្នុងរដ្ឋសភា ទាំងមិនមានកិច្ចព្រមព្រៀងអ្វីយ៉ាងដូចនេះ? ទាក់ទងនឹងការលើកឡើងខាងលើ អ្នកតាមដានស្ថានការនយោបាយនៅកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកមួយឈ្មោះថា ឈរ រ៉ាណ បានបញ្ចេញនូវចំណាប់អារម្មណ៍ថា នេះជាកលល្បិចមួយរបស់ប្រទេសវៀតណាម និងអ្នកដឹកនាំខ្មែរដែលស្និតទៅនឹងប្រទេសមួយនេះ ក្នុងបំណងបង្ករភាពចលាចល ប្របូលច្របល់ក្នុងឆាកនយោបាយកម្ពុជា។
ទំព័ររបស់ ឈរ រ៉ាណ ខាងលើបានបន្ថែមថា ជម្លោះលើកនេះមិនមានជាបញ្ហារវាងរាស្រ្ត និងរាស្រ្តដូចពេលមុនឡើយ តែជាបញ្ហារវាងខ្សែរាជវង្សនិងប្រជារាស្រ្ត។ លោកបានលើកឡើងដូច្នេះថា «ភាពច្របល់ក្នុងសៃវៀន នយោបាយខ្មែរ ដោយបង្កជំលោះចេញមុខរវាងពួកស្តេច និងមហាជនខ្មែរក្នុងគោលដៅចំបង បន្ទាបឥទ្ធិពលពួកស្តេច និងបន្ថយកំលាំងមហាជនខ្មែរ ដែលមានគណបក្សសង្គ្រោះជាតិជាជំហរ និងអាចឲ្យមហាជនខ្មែរយល់ច្រលំយួន និងពួកកញ្ជះយួនល្អ។»
ទោះជាយ៉ាងណាក៏ដោយ អ្នកលេងបណ្តាញសង្គមម្នាក់ទៀត ដែលមានគណនីរបស់ខ្លួនឈ្មោះ ចាន់ សុភាព (Sopheap Chan) បានលើកឡើងយ៉ាងខ្លីថា «សង្ឃឹមថាព្រះអង្គរមិនមែនជាឈ្នាន់គេ ឫក៏ព្រះអង្គរនិយាយដើម្បីលួងគេដើម្បីយកអំណាច នៅកន្លែងណាមួយនៅលើកក្រោយ?» ឯម្ចាស់គណនីម្នាក់ទៀតឈ្មោះ ប៉ុក លក្ស្មី (Leaksmy Pok) បានបញ្ជាក់ជាចុងក្រោយថា «មនុស្សដែលបរាជ័យជារៀងរហូតនោះ ផ្តល់ឱវាទដល់អ្នកដទៃពិបាកគេជឿណាស់ !»។
បើយោងតាមគេហទំព័រហ្វេសប៊ុក ដែលដាក់ឈ្មោះលោកនាយករដ្ឋមន្រ្តីហ៊ុន សែន វិញ ហាក់ដូចជាឆ្លើយស្របគ្នាជាមួយនឹងទ្រង់ រណឬទ្ធិ យ៉ាងដូច្នេះដែរថា «ការចរចារអាចបន្តបាន ក្រោយពីសមាជិកសមាជិការបក្សប្រឆាំងបានចូលស្បថទទួលតំណែងជាផ្លូវការ ពីរដ្ឋសភារួចរាល់ហើយ។» ជាមួយនិងចំលើយនេះ ទំព័ត៌ហ្វេសប៊ូកមួយនេះ ក៏បានទាញនូវអំណះអំណាងពីប្រជាពលរដ្ឋមួយចំនួន ដែលគាំទ្រលើគណបក្សប្រជាជនកម្ពុជាថា ពួកគេបានគាំទ្រឲ្យ«បញ្ឈប់»ការចរចារទាំងស្រុងជាមួយបក្សប្រឆាំង។ ទំព័រមួយនេះ ក៏បានបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការទទួលយកសំណើររបស់ប្រជាពលរដ្ឋយ៉ាងដូច្នេះថា «ក្នុងនាមគណបក្សឈ្នះឆ្នោត ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល គណបក្សប្រជាជននឹងយកមតិប្រជាពលរដ្ឋមកពិចារណា»។
ដោយឡែក បណ្ដាទំព័រ តាមបណ្តាញសង្គមនៃថ្នាក់ដឹកនាំកំពូល របស់គណបក្សសង្គ្រោះជាតិ មិនមានការលើកឡើងប្រតិកម្មទៅនឹងទ្រង់ រណឬទ្ធិ នោះទេ។ តែតាមការប្រកាសជាផ្លូវការដោយលោក សុន ឆ័យ នៅវិមានព្រឹទ្ធិសភា ក្រោយជំនួបលើកទីបួន នៅថ្ងៃទី១៧ ខែមីនានេះថា គណបក្សសង្គ្រោះជាតិនឹងមិនចូលរដ្ឋសភាឡើយ ដរាបណាមិនមានការរៀបចំឲ្យមានការបោះឆ្នោតឡើងវិញមុនអាណត្តិ និង គ.ជ.ប មិនត្រូវបានផ្លាស់ប្តូរ ជាមួយនឹងការបញ្ជូលទៅជាស្ថាប័នធម្មនុញ្ញនោះ។
អ្នកវិភាគឯករាជ្យដដែល លោកសុខ ទូច បានបន្ថែមយោបល់ទៀតថា «ការចូលសភារបស់គណបក្សសង្រ្គោះជាតិត្រូវតែចូល ប៉ុន្តែត្រូវតែមានលក្ខខ័ណ្ឌឲ្យបានច្បាស់លាស់ជាមុនសិន។ បើមិនដូចនោះទេ ច្បាស់ជាដូចសម្តេចក្រុមព្រះ បីដង កន្លងមក៕»
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៨ មីនា ២០១៤