សម រង្ស៊ី៖ ហ៊ុន សែន បាញ់សម្លាប់ កែម ឡី
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៨ សីហា ២០១៦
- កែប្រែចុងក្រោយ: August 08, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សំនុំរឿងឃាតកម្ម លើអ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី ទំនងជានៅឆ្ងាយពីទីបញ្ចប់ ខណៈការស៊ើបអង្កេត ឬវីដេអូដែលទំនងជាថតឃើញ ពីឃាតករពិត នៅឆ្ងាយពីការប្រកាសជាសាធារណៈ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។ គេបានដឹងរឿងតិចតួចជាទីបំផុត ចេញពីសំនុំរឿង ឬពីការស៊ើបអង្កេតនេះ ក្រៅពីជនសង្ស័យម្នាក់ ដែលដាក់រហស្សនាមខ្លួន ថា«ជួប សម្លាប់» និងដែលត្រូវបានអាជ្ញាធរចង្អុលថា ជាឃាតករ។
សម្រាប់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង នៅវេលានេះវិញ លោកបានចង្អុលចំ ទៅលោក ហ៊ុន សែន តែម្ដង ថាជាអ្នកសម្លាប់លោក កែម ឡី។ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានថ្លែងដូចនេះ នៅក្នុងការជួបជុំសួរឆ្លើយមួយ ជាមួយនឹងក្រុមអ្នកគាំទ្រ នៅទីក្រុង ក្លែម៉ុង ហ្វេរ៉ង់ (Clermont-Ferrand) នៅភាគកណ្តាលនៃប្រទេសបារាំង កាលពីរសៀលថ្ងៃអាទិត្យទី៧ ខែសីហា ឆ្នាំ២០១៦ម្សិលម៉ិញ។
លោក សម រង្ស៊ី បានថ្លែងថា នៅក្នុងប្រទេសកម្ពុជា សមរភូមិប្រយុទ្ធជារបស់លោក ហ៊ុន សែន ដោយសារតែលោកនាយរដ្ឋមន្ត្រី មាននគរបាលទាហាន មានតុលាការ និងច្បាប់ ដែលប្រធានគណបក្សសង្គ្រោះជាតិ និយាយថា បានស្ថិតក្រោមឥទ្ធិពេលរបស់លោក ហ៊ុន សែន ទាំងអស់។ លោក រង្ស៊ី ដែលនិរទេសខ្លួន ពីការចាប់ចងរបស់អាជ្ញាធរកម្ពុជា ក្នុងសំនុំរឿងប្ដឹងផ្ដល់ ជាមួយអតីតរដ្ឋមន្ត្រីការបរទេស លោក ហោ ណាំហុង នោះ បានថ្លែងឡើងថា៖ «គេអត់ញញើតទេ ឥឡូវហ្នឹង។ សម្លាប់ក៏អត់ញញើត ចាប់ដាក់គុកក៏អត់ញញើត។»។
អ្នកចេះប្រយុទ្ធ ត្រូវចេះជ្រើសរើសសមរភូមិ...
ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ទៀតថា៖ «ប្រយុទ្ធ កុំទៅប្រយុទ្ធនៅលើសមរភូមិ ដែល ហ៊ុន សែន រៀបចំ។ ហ៊ុន សែន គាត់មានប្រៀប គាត់មានទាហាន គាត់មានគុក គាត់មានតុលាការគាត់ អាហ្នឹងសមរភូមិគាត់រៀបចំឲ្យយើង។ យើងចង់ទាញគាត់ ឲ្យមកតតាំងគ្នានៅលើសមរភូមិច្បាប់ សមរភូមិច្បាប់អន្តរជាតិ មិនមែនច្បាប់ផ្ដេសផ្ដាស ដូចនៅស្រុកខ្មែរនោះទេ។»
លោក សម រង្ស៊ី បានបន្តថា៖ «ឥឡូវនេះ ហ៊ុន សែន បាញ់សម្លាប់ កែម ឡី មួយ។ គាត់ (លោក ហ៊ុន សែន) ឈ្នះ។ បាញ់សម្លាប់ កែម ឡី មួយ អាហ្នឹងជោគជ័យរបស់គាត់។ ប៉ុន្តែ "La bataille finale" (ជាខេមរភាសាមានសេចក្ដីថា "ចម្បាំងធំចុងក្រោយ") តទល់សង្គ្រាមមែនទែន សង្គ្រាមនៅអន្តរជាតិ ព្រោះមិនមែនស្រុកខ្មែរ ជាអ្នកសម្រេច (នោះទេ)។ ហ៊ុន សែន សម្រេចយ៉ាងម៉េចៗ គឺអាស្រ័យលើស្ថានការណ៍អន្តរជាតិ។»។
» វីដេអូ នៃការថ្លែងទាំងស្រុង របស់លោក សម រង្ស៊ី៖
ការចោទថា«រដ្ឋអំណាច» ជាអ្នករៀបចំការបាញ់ប្រហារយ៉ាងសាហាវ សម្លាប់លោក កែម ឡី នៅកណ្ដាលរាជធានីភ្នំពេញនោះ លោក សម រង្ស៊ី កំពុងរងបណ្ដឹងមួយ ពីសំណាក់លោក ហ៊ុន សែន ដែលប្ដឹងទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ តាមរយៈមេធាវីរបស់នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែសីហារួចហើយ។ ហើយព្រះរាជអាជ្ញារងសាលាដំបូង លោក លី សុផាណា ដែលទទួលបន្ទុកលើពាក្យបណ្ដឹងនេះ ក៏បានចេញដីកា ក្នុងថ្ងៃតែមួយ (ថ្ងៃទី១ ខែសីហា) កោះហៅលោក សម រង្ស៊ី ក្នុងនាមជាជនសង្ស័យ ឲ្យចូលខ្លួនទៅបំភ្លឺ នៅថ្ងៃទី១៩ ខែសីហាខាងមុខនេះដែរ។
» អានអត្ថបទដែលទាក់ទង៖ តុលាការហៅ សម រង្ស៊ី ជាជនជាប់សង្ស័យ ទាំងមិនទាន់សួរនាំ
«ឡប់ស្មារតី»
ដោយឡែកប្រតិកម្មមួយ របស់អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែលបានសរសេរ ទៅកាន់អ្នកសារព័ត៌មាន បានហៅការចោទប្រកាន់ របស់លោក សម រង្ស៊ី ថាមានឥរិយាបទ និងទម្លាប់អាក្រក់ ភូតភរ ប្រឌិតបោកប្រាស់ មិនទទួលខុសត្រូវ និងបានចាត់ទុកការលើកឡើង របស់ប្រធានគណបក្សសង្គ្រោះជាតិ ថាជាការវាយប្រហារ បំភ្លៃសាច់រឿងពិត ដោយប្រឌិតប្រឆាំងនឹងរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន ដែលមានតំណែង ជារដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី ស្ថាប័នដៃស្ដាំមួយ របស់រដ្ឋាភិបាលលោក ហ៊ុន សែន នោះ បានបញ្ជាក់នៅក្នុងសំណេរនោះ យ៉ាងដូច្នេះថា៖ «ការចោទប្រកាន់ និងមហិច្ឆតារបស់លោក ដែលចង់បានអំណាចហួសហេតុពេកនោះ បានធ្វើឲ្យលោកឡប់សតិស្មារតី អស់តម្លៃ និងហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង»។
» អានអត្ថបទដែលទាក់ទង៖ ផៃ ស៊ីផាន ថា សម រង្ស៊ី ឡប់សតិស្មារតី ព្រោះចង់បានអំណាច
ប្រតិកម្មនៅពេលនោះ គ្រាន់ជាការឆ្លើយតប ទៅនឹងការចោទប្រកាន់ ដែលលោក សម រង្ស៊ី បានជឿជាក់ថា «ឃាតកម្ម សម្លាប់លោក កែម ឡី ឬសកម្មជនផ្សេងទៀត គឺជាអំពើភេរវកម្ម រៀបចំដោយរដ្ឋអំណាច» ប៉ុណ្ណោះ។ ចុះទម្រាំពេលនេះ ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយពេញមាត់ ចង្អុលដោយត្រង់ថា លោក ហ៊ុន សែន ជាអ្នកបាញ់សម្លាប់ផងនោះ តើនឹងមានប្រតិកម្មបែបណាទៅ? ពិតជាមាន ហើយច្បាស់ជានឹងធ្លាក់ចុះមក នៅពេលក្រោយ៕