កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន ពី​បទ​«ក្បត់​ជាតិ»

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា ត្រូវ​បានអាជ្ញាធរខ្មែរ ដែលដឹកនាំអំណាច ដោយគណបក្សប្រជាជនកម្ពុជា ចាប់ខ្លួន កាលពីយប់ថ្ងៃ២ ខែកញ្ញា ឆ្នាំ២០១៧នេះ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានអះអាងថា ការចាប់ខ្លួននេះ  ធ្វើឡើងក្រោយការផ្សាយវីដេអូមួយ ដែលជាការថ្លែងរបស់លោក កឹម សុខា នៅក្នុងប្រទេសអូស្ត្រាលី តាំងពីឆ្នាំ២០១៣។
កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន ពី​បទ​«ក្បត់​ជាតិ»
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info / S.Tith)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០២ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 02, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ថានការណ៍នយោបាយ នៅកម្ពុជា បានធ្លាក់ចុះក្នុង សភាព«ធ្ងន់ធ្ងរ»ហើយ។ នេះ ជាការថ្លែងឡើងរបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ នៅលើបណ្ដាញសង្គម ក្រោយហេតុការណ៍ នៃការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងយប់ថ្ងៃសៅរ៍ទី២ ខែកញ្ញា ឆ្នាំ២០១៧នេះ។ លោក កឹម សុខា ត្រូវបានចាប់ខ្លួន វេលាម៉ោងប្រមាណជា ០០ និង៣០នាទីរំលងអាធ្រាត នៅនឹងគេហដ្ឋានរបស់លោក ដែលស្ថិតនៅផ្លូវ ៣១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

បើតាមការផ្សាយរបស់សារព័ត៌មាន ស្និតនឹងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានស្រង់ប្រភពមន្ត្រីនគរបាលរាជធានីភ្នំពេញ មកអះអាងថា ការចាប់ខ្លួននេះធ្វើឡើង ក្រោមការចោទប្រកាន់មួយ ដែលសារព័ត៌មានបានសរសេរថា លោក កឹម សុខា​ បានប្រព្រឹត្តិទង្វើ «ក្បត់ជាតិ ដោយធ្វើតាមបញ្ជាមហាអំណាចអាមេរិក ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសែប៊ី»។

ប្រភពស្ថិតនឹងគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមុននេះថា លោក កឹម សុខា កំពុងត្រូវបានឃាត់ខ្លួន នៅក្នុងស្នងការនគរបាលរាជធានីភ្នំពេញ។

នៅថ្ងៃសៅរ៍ដដែលនេះ សារព័ត៌មានខាងលើ ដែលល្បីថាជាសារព័ត៌មាននាំពាក្យ របស់រដ្ឋាភិបាលលោក ហ៊ុន សែន បានផ្សាយវីដេអូមួយ ដែលសារព័ត៌មានហៅថា ជាវីដេអូបែកធ្លាយ ខណៈវីដេអូនេះត្រូវបានបង្ហោះ តាមបណ្ដាញសង្គម និងបណ្ដាញចែកផ្សាយវីដេអូ យូធូប (Youtube) តាំងពីឆ្នាំ២០១៣ នៅពេលដែលលោក កឹម សុខា បានទៅធ្វើទស្សនកិច្ច ក្នុងប្រទេសអូស្ត្រាលី។

កឹម សុខា មានអភ័យឯកសិទ្ធសភា...

ភ្លាមៗនេះ និងដោយសារវេលានេះ ស្ថិតក្នុងយប់ជ្រៅក្នុងប្រទេសកម្ពុជា មិនមានមន្ត្រីគណបក្សប្រឆាំងណាម្នាក់ បង្ហាញប្រតិកម្មពីការចាប់ខ្លួននេះនៅឡើយ ក្រៅតែពីប្រតិកម្មដ៏ខ្លីមួយ របស់អនុប្រធានគណបក្ស លោក អេង ឆៃអ៊ាង ដូចបានបញ្ជាក់ខាងលើរួច។

ការចាប់ខ្លួននេះ ធ្វើឡើងទាំងលោក កឹម សុខា មានអភ័យឯកសិទ្ធសភា ហើយធ្វើឡើង នៅរយៈពេលមិនដល់មួយឆ្នាំផង នៅមុនការបោះឆ្នោតជាតិ ដែលនឹងមកដល់ ក្នុងខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ ហើយការចាប់ខ្លួននេះ ក៏បានស្របពេល នឹងយុទ្ធនាការជាបន្តបន្ទាប់ ពីសំណាក់រដ្ឋាភិបាលដែរ ក្នុងការបិទអង្គការក្រៅរដ្ឋាភិបាល និងការផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​មួយចំនួន កាលពីប៉ុន្មានសប្ដាហ៍ ចុងក្រោយនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...