រដ្ឋាភិបាល​ថា ការ​ចាប់​ខ្លួន​ កឹម សុខា ក្នុង​​«បទ​ល្មើស​ជាក់​ស្ដែង»

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅប៉ុន្មាននាទី ក្រោយការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដល់គេហដ្ឋានរបស់លោក បានសរសេរឲ្យដឹងថា មន្ត្រីនគរបាលយុត្តិធម៌ បានអនុវត្តន៍ការចាប់ខ្លួននេះ «ក្នុងបទល្មើសជាក់ស្ដែង» ខណៈការថ្លែងរបស់លោក កឹម សុខា បានធ្វើឡើងតាំងពីចុងឆ្នាំ ២០១៣ ពោលគឺជិត៤ឆ្នាំកន្លងទៅហើយ។
រដ្ឋាភិបាល​ថា ការ​ចាប់​ខ្លួន​ កឹម សុខា ក្នុង​​«បទ​ល្មើស​ជាក់​ស្ដែង»
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info / S.Tith)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៣ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 02, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយក្នុងយប់រំលងអាធ្រាត ថ្ងៃសៅរ៍ ទី២ ចូលមកថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០១៧​នេះ បានរៀបរាប់ថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ០០ និង៣៥នាទី ដោយមន្ត្រីនគរបាល​យុត្តិធម៌ «ក្នុងបទល្មើសជាក់ស្ដែង» ដោយអនុលោម តាមក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។

បទល្មើសនោះជាអ្វី?

គឺដោយយោង ទៅលើការថ្លែងជាសាធារណៈ របស់លោក កឹម សុខា កាលពីចុងឆ្នាំ២០១៣ ដែលត្រូវបានថតផ្សាយ ជាវីដេអូនៅពេលនោះ ដោយបណ្ដាញទូរទស្សន៍ «CBN (Cambodian Broadcasting Network)» នៅក្នុងប្រទេសអូស្ត្រាលី ខណៈពេលដែលលោក កឹម សុខា (កាលនោះ ជាអនុប្រធានគណបក្សសង្គ្រោះជាតិ) កំពុងធ្វើទស្សនកិច្ច នៅទីនោះ។

សេចក្ដីថ្លែងការណ៍ របស់រដ្ឋាភិបាលកម្ពុជា បានសរសេរបន្តថា៖ «តាមរយៈវិដេអូក្លីប ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញ CBN (Cambodia Broadcasting Network) ដែលមានទីតាំងនៅអូស្រ្តាលី និងភស្តុតាងដទៃទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាន គឺបានបង្ហាញឲ្យឃើញច្បាស់អំពីផែនការសម្ងាត់នៃ ការឃុបឃិតគ្នារវាងឈ្មោះ កឹម សុខា និងបក្សពួក ជាមួយបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា»។

អត្ថបទដដែលបានបញ្ជាក់ថា៖ «អំពីនៃការឃុបឃិតគ្នា ជាសម្ងាត់ខាងលើនេះ គឺជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ធិដ្ឋិភាព ជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»។

បើការថ្លែងនោះមានទោស ហេតុអ្វីទើបនឹងចាត់ការ នៅថ្ងៃនេះ?

លោក កឹម សុខា ប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ជាអ្នកតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិសភា នៅជាធរមាននៅ​ឡើយ។ ដូច្នេះ ការចាប់ខ្លួន ឬការកោះហៅណាមួយ ដោយប្រព័ន្ធតុលាការនៅកម្ពុជា មិនអាចធ្វើបាន ទៅលើសមាជិកសភា ដែលមានអភ័យឯកសិទ្ធិដូច្នេះទេ ក្រៅតែពីការចាប់ខ្លួនភ្លាមៗ ដោយអាជ្ញាធរមានសមត្ថកិច្ច ក្រោមសកម្មភាពល្មើសផ្ទាល់ភ្នែក ដែលចាត់ទុក ជា«បទល្មើសជាក់ស្ដែង»។

ប៉ុន្តែគេចាប់អារម្មណ៍ នៅត្រង់ចំណុចមួយ ដែលបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍នោះថា៖ «វិដេអូក្លីបខាងលើនេះ ក៏កំពុងតែបន្តផ្សព្វផ្សាយ រហូតមកដល់ពេលនេះផងដែរ»។

អញ្ចឹងថាតើនរណា ឬស្ថាប័នណា ជាអ្នកផ្សព្វផ្សាយ?

គឺទំព័រហ្វេសប៊ុកមួយ ដាក់ឈ្មោះ «កូនខ្មែរ» ជាអ្នកផ្សាយវីដេអូចំណាស់ ជិត៤ឆ្នាំនេះ មកវិញ មុននឹងត្រូវបានសារព័ត៌មានមួយ ដែលល្បីថាជាសារព័ត៌មាន​រណបរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា យកទៅផ្សាយបន្ត ដោយដាក់ចំណងជើង ឲ្យរាល់ការចេញផ្សាយរបស់ខ្លួន ហៅវីដេអូនោះ ថាជា«វីដេអូបែកធ្លាយ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...