ឈាង វុន «បុក​ធ្លាយ​ដល់​ទូត​អាមេរិក»

បើសិនជាឯកអគ្គរដ្ឋទូតអាមេរិក បានទៅចូលជួបកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់ក្រមុំថ្មី នៅសង្កាត់អូរចា ក្រុងបាត់ដំបងនោះ គឺដោយដោយសារលោក ឈាង វុន តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា ជាអ្នក​«បុកធ្លាយ» រហូតដល់​ថ្នាក់​ឯកអគ្គរដ្ឋទូត «ភ័យឆោឡោ» មកជួប​ចៅសង្កាត់ក្រមុំ​ដោយ​ផ្ទាល់។
ឈាង វុន «បុក​ធ្លាយ​ដល់​ទូត​អាមេរិក»
ពីឆ្វេងទៅស្ដាំ៖ លោក វីល្លៀម ហេត ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា - កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់អូរចាថ្មី និងលោក ឈាង វុន តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០១ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 01, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់ក្រមុំ នៅសង្កាត់អូរចា ក្រុងបាត់ដំបង អះអាងថា វត្តមានរបស់លោក វីល្លៀម ហេត (William A. Heidt) និងភរិយា ដែលបានចូលជួបជជែក និងទទួលទានអាហារ​ជាមួយនាង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ ថាជាការផ្ដល់«កម្លាំងចិត្ត» ដល់រូបនាងនោះ តែសម្រាប់លោក ឈាង វុន តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជាវិញ បានគិតថា វត្តមានរបស់មន្ត្រីការទូតអាមេរិក នៅទីនោះ ដោយសាររូបលោក ជាអ្នក«បុកធ្លាយ​ដល់ស្ថានទូតអាមេរិក»។

សមាជិកសភា និងជាអ្នកនាំពាក្យ មកពីគណបក្សកាន់អំណាច បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីម្សិលម៉ិញថា៖ «អូរចារត្រូវខ្ញុំបុកធ្លាយ ដល់ស្ថានទូតអាមេរិកហើយ។​ ទូតអាមេរិកភ័យឆោឡោ មកលើកទឹកចិត្ត (លេស) ចៅសង្កាត់ក្រមុំ​ Rozeth ដល់ផ្ទះ។»។

លោក ឈាង វុន បានសរសេរសួរ បែប«ដៀមដាម»ថា៖ «មកលើកទឹកចិត្ត​ ឫមកពន្យល់ណែនាំ​ ឫមកផ្តល់ហិរញ្ញវត្ថុ​?»។ ហើយលោកបានឆ្លើយ ដោយខ្លួនឯងថា៖ «សំនួរគ្មានចម្លើយ [នៅ]​ថ្ងៃនេះ តែ​ ..... នៅថ្ងៃក្រោយ»។

តែការលើកឡើង របស់អ្នកតំណាងរាស្ត្រ មកពីគណបក្សសម្លេងភាគច្រើន មានលក្ខណៈផ្ទុយពីសារ ដែលចៅសង្កាត់អូរចា បានបង្ហោះសារនៅក្រោយជំនួប ជាមួយលោក វីល្លៀម ហេត។ កញ្ញា ស៊ិន ចៅពៅរ៉ូហ្សេត បានសរសេរដោយក្ដីរំភើបថា នាងបានចូលបម្រើការងារ ត្រឹមតែ៤៥ថ្ងៃ តែនាងទទួលបានការផ្តល់កិត្តិយស ដ៍ខ្ពង់ខ្ពស់ ពីឯកអគ្គរដ្ឋទូត របស់ប្រទេសមហាអំណាចរួចជាស្រេច។

កញ្ញាជឿថា៖ «[នោះ] ក៏ព្រោះដោយសារតែគុណតម្លៃ នៃការបំរើប្រជាពលរដ្ឋរបស់ខ្ញុំ ដោយតំកល់ទុកជីវិតមនុស្ស សេចក្តីថ្លៃថ្នូរ​របស់មនុស្ស និងសេរីភាពរបស់មនុស្ស ស្របទៅតាមគោលការណ៍​ប្រជាធិបតេយ្យពិតប្រាកដ»។

ជាមួយរូបថតពែងទឹកមួយ ដែលជាអំណោយរបស់លោក វីល្លៀម ហេត ចៅសង្កាត់ក្រមុំ បានសរសេរផ្ញើរសារ ដោយប្រយោលថា៖ «ដូច្នេះរង្វាន់ (កាដូ) ដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានផ្តល់ឲ្យខ្ញុំថ្ងៃនេះ មិនមែនស្ថិតនៅលើតម្លៃ នៃកាដូមួយនេះទេ គឺវាស្ថិតនៅលើគុណតម្លៃ នៃការផ្តល់នូវ "កម្លាំងចិត្ត" ដ៏ថ្លៃថ្លា ចំពោះរូបខ្ញុំ ស្ថិតក្នុងន័យបញ្ជាក់ យ៉ាងច្បាស់ថា "ខ្ញុំមិននៅឯកោទេ"»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...