ឈាង វុន៖ ជនទំនើង ជាជនដែលឈ្មូសឈ្មុលការពារប្រយោជន៍ប្រទេស
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 14, 2018
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនជាលោក ហ៊ុន សែន ធ្លាប់ហៅមនុស្ស ដែលប្រព្រឹត្តិកំហុស ឬមនុស្ស ដែលលោកមិនពេញចិត្ត ថាជាជនទំនើងនោះ ប្រហែលជាលោកនាយករដ្ឋមន្ត្រី មិនស្គាល់ច្បាស់ នូវពាក្យ«ទំនើង»នេះ ដូចលោក ឈាង វុន មន្ត្រីក្រោមបង្គាប់លោកនោះទេ។ សម្រាប់តំណាងរាស្ត្រមណ្ឌលបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភារូបនេះ បានពន្យល់ថា ពាក្យ«ជនទំនើង»នេះ មានន័យជាវិជ្ជមាន។
ការបកស្រាយរបស់លោក ឈាង វុន ធ្វើឡើងដើម្បីតបទៅនឹងការរិះគន់ ដែលបានផ្ទុះឡើងព្រោងព្រាត ចំពោះទស្សនៈផ្ទាល់ខ្លួនរបស់លោក ដែលហៅជំនួបរវាងលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក និងលោក គីម ជុង-អ៊ុន (Kim Jong-Un) ប្រមុខដឹកនាំកូរ៉េខាងជើង ថាជា«ជំនួបរវាង ក្មេងទំនើង និងចាស់ទំនើង»។ ទស្សនៈនោះ ត្រូវបានអ្នកនាំពាក្យរដ្ឋសភា ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងវិមានរដ្ឋសភា កាលពីព្រឹក ថ្ងៃទី១២ ខែមិថុនា ពោលគឺប៉ុន្មានម៉ោងក្រោយជំនួប របស់មេដឹកនាំទាំងពីរ នៅក្នុងប្រទេសសិង្ហបូរី។
» ខាងក្រោមនេះ ជាការថ្លែងឡើងទាំងស្រុង របស់លោក ឈាង វុន៖
នៅចំពោះការរិះគន់ លោក ឈាង វុន បានចេញមកបកស្រាយ នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយដំបូងឡើយ ធ្វើការទម្លាក់កំហុស ទៅឲ្យអ្នកសារព័ត៌មាន ថាបាន«ច្បិចយកមកចុះផ្សាយ យ៉ាងខ្លី បំភ្លៃការពិតនៃខ្លឹមសារសំខាន់ៗ» ជុំវិញជំនួបកំពូល ត្រាំ-គីម។ លោកថា៖ «ចម្លើយដែលខ្ញុំផ្តល់ គឺជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលជាអ្នកនយោបាយការទូតម្នាក់»។
បន្ទាប់មកអ្នកនាំពាក្យរដ្ឋសភា បានបកស្រាយថា៖ «គេលាបពណ៌លោកប្រមុខរដ្ឋ ដូណាល់ ត្រាំ លោកប្រមុខកូរ៉េខាងជើង គីម ជុងអ៊ុន ថាជាជនទំនើង ព្រោះតែគាត់ទាំងពីរឈ្មូសឈ្មុល ការពារផលប្រយោជន៍ប្រទេសរបស់គាត់ តែគឺអ្នកទាំងពីរនាក់នេះហើយ ដែលអាចនាំមកនូវសន្តិភាព ជូនប្រទេសនៅក្នុងតំបន់ និងពិភពលោក»។
តែលោក ឈាង វុន មិនបានភ្លេចវាយបក ទៅបណ្ដាអ្នករិះគន់លោកវិញ ទេថា៖ «តើអ្នកដែលវាយប្រហារខ្ញុំ (...) ធ្លាប់បានធ្វើការវាយប្រហាររបៀបនេះ ចំពោះពាក្យពេជន៍ប្រើប្រាស់ ដោយអ្នកនយោបាយជាន់ខ្ពស់ នៅក្នុងព្រឹទ្ធសភា ឬសភាជាន់ទាបសហរដ្ឋអាមេរិក ដែលវាយប្រហារថ្នាក់ដឹកនាំកម្ពុជា យ៉ាងចាស់ដៃដែរឬទេ? អ្នកនយោបាយសហរដ្ឋអាមេរិកមួយក្តាប់ នៅព្រឹទ្ធសភា ថ្មីៗនេះ បានប្រើពាក្យយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់កិត្តិយស ថ្នាក់ដឹកនាំកម្ពុជា យ៉ាងចាស់ដៃ ក្នុងនោះមានជាអាទិ៍ ជនផ្តាច់ការ ជនកុម្មុនីស៍្ត ជនពាល ឃាតករ ជាដើម។ល។ ម្តេចបានជាអ្នកបញ្ចេញមតិទាំងអស់នោះ ធ្វើការវាយប្រហារតែចំពោះខ្ញុំ ដែលប្រើភាសាស្រាលឆ្ងាយណាស់ បើយើងធ្វើការប្រៀបធៀប?»៕