រកឃើញសត្វចម្លែកមួយទៀត នៅរ៉ូស្ស៊ី
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១០ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 12, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើសត្វចម្លែកនេះ ជាអ្វីទៅ? មកពីណា? ប្រពន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានឲ្យដឹងថា វាត្រូវបានរកឃើញ នៅក្បែរស្ទឹងមួយឈ្មោះ «Kovashi» ក្នុងភូមិ «Sosnovy Bor» នៃប្រទេសរ៉ូស្ស៊ី។
ដំបូងឡើយ អ្នកវិទ្យាសាស្ត្រជឿថា សត្វនេះ ជាកូនមាន់រលូត បែកចេញពីពង។ ប៉ុន្តែសារព័ត៌មានមួយ របស់ប្រទេសអង់គ្លេស «The Daily Express» បានអះអាងថា សេចក្ដីសន្និដ្ឋានខាងដើមនេះ ត្រូវបានបំភ្លេចចោល។
មិនមែនជាសត្វត្រី ហើយក៏មិនមែនជាសត្វស្លាបដែរ...
អ្នកវិទ្យាសាស្ត្រមួយរូប ដែលមិនបានបញ្ចេញឈ្មោះ ប្រាប់សារព័ត៌មានអង់គ្លេស បាននិយាយថា៖ «វាហាក់ដូចជាសាកសពមួយ ដែលមិនមែនជាសាកសព របស់សត្វត្រី ឬសត្វស្លាបឡើយ»។
ចំពោះជីវៈវិទូ លោក យ៉េហ្គ័រ ហ្សដេរ៉ូវ (Yegor Zadereev) នៃវិទ្យាស្ថានជីវសាស្ត្រ នៅក្រុង «Krasnoyarsk» ក៏បានអះអាង ប្រហាក់ប្រហែលគ្នានេះដែរ។ លោក យ៉េហ្គ័រ បានថ្លែងឲ្យដឹងថា៖ «ការសិក្សាដ៏ស៊ីជម្រៅមួយ ជាការចាំបាច់ណាស់ ដើម្បីកំណត់ឲ្យដឹង ពីសភាពរបស់សត្វចម្លែកនេះ ជាពិសេសពីគ្រឿងក្នុងរបស់វា»។
មនុស្សភពដទៃ...
ការរកឃើញសាកសព ដ៏ចម្លែកនេះ ជាឱកាសដ៏ល្អ សម្រាប់ក្រុមនិយម ភាពចម្លែកៗមកពីភពដទៃ។ លោក ស្កុត វ៉ារីង (Scott C. Waring) នាយកនិពន្ធរបស់ទស្សនាវដ្ដី «UFO Sightings Daily» បានថ្លែងអះអាងថា៖ «សាកសពដ៏តូច នៃមនុស្សមកពីភពដទៃនេះ ត្រូវបានរកឃើញ នៅក្បែរស្ទឺងមួយ នៅក្នុងប្រទេសរ៉ូស្ស៊ី ហើយមិនដូចជាសាកសព របស់សត្វលោកណាមួយ នៅលើផៃនដីនេះទេ»៕