នៅតូក្យូ គេអាចបណ្ដើរ«ខ្លាឃ្មុំ ស» បានតាមផ្លូវសាធារណៈ?
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ តុលា ២០១៤
- កែប្រែចុងក្រោយ: October 12, 2014
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាកាសធាតុ និងសីតុណ្ហភាពនៅរាជធានី តូក្យូ ពិតជាមានសភាពល្អត្រចះត្រចង់ណាស់ នៅសប្ដាហ៍កន្លងទៅ ជាពិសេសនៅយប់ថ្ងៃពុធ ទី៨ ខែតុលាកន្លងទៅនេះ។ អញ្ចឹងហើយទើបស្ត្រីស្បែកស ច្រមុះស្រួចមួយរូប បានចុះចេញដើរនៅតាមដងផ្លូវ ដូចអ្នករស់នៅក្នុងរាជធានីនេះឯទៀតដែរ។ ប៉ុន្តែរឿងមួយដែលបានបង្កការភ្ញាក់ផ្អើលនោះ គឺស្ត្រីរូបនេះ បានបណ្ដើរមកជាមួយ នូវសត្វ«ខ្លាឃ្មុំសម្បុរស»មួយក្បាល។
ផ្ទុយពីធម្មជាតិរបស់ខ្លាឃ្មុំ ដែលគេតែងគិតថា ជាសត្វសាហាវនោះ សត្វខ្លាឃ្មុំសម្បុរសរបស់ស្ត្រីសក់មាស បានបង្ហាញពីចរិករួសរាយ ស្លូតបូតប្រៀបបាននឹងឆ្កែមួយក្បាល ដែលគេចិញ្ចឹមក្នុងផ្ទះយ៉ាងដូច្នោះ។ អ្នកដំណើរជាច្រើនតាមផ្លូវ បានចាប់អារម្មណ៍ចោមរោមសត្វខ្លាឃ្មុំ និងពីក្នុងចំណោមនោះ មានអ្នកដំណើរមួយចំនួន បានសាកល្បងលូកទៅស្ទាបអង្អែលវាទៀតផង។
ប៉ុន្តែអាការៈស្លូតបូតរបស់សត្វ«ខ្លាឃ្មុំ»បែបនេះ បានធ្វើឲ្យមនុស្សជាច្រើនទៀត ចោទជាសំណួរ ជាពិសេសអ្នកជំនាញពីសមាគមការពារសត្វ។ តាមពិតទៅ សត្វខ្លាឃ្មុំនេះ ជាមនុស្សរៀបចំពាក់ស្បែកជាសត្វ ដែលត្រូវបានរៀបចំធ្វើ ដើម្បីយុទ្ធនាការផ្សព្វផ្សាយ របស់យីហោដ៏ធំមួយរបស់ប្រទេសរ៉ូស្សី ដែលនៅមិនទាន់បញ្ចេញឲ្យស្គាល់នៅឡើយ។ គេហទំព័រមួយ បានសរសេរបញ្ជាក់ថា អ្នករៀបចំយុទ្ធនាការ«ខ្លាឃ្មុំ» អាចជាសមាជិករបស់ក្រុមមួយ ដែលគេហៅថា «Lalsh»។
យ៉ាងណាក៏ដោយ ក៏យុទ្ធនាការផ្សព្វផ្សាយនេះ បានទាក់ទាញឲ្យមនុស្សជាច្រើនចូលចិត្ត ហើយនរណាៗក៏ចង់ត្រឡប់ ទៅកាន់សង្កាត់នោះវិញ ដើម្បីចង់ដឹងថា តើអ្វីទៅ ដែលនៅពីក្រោយសត្វ«ខ្លាឃ្មុំ»ដ៏ចម្លែកនេះ?