រងការវាយប្រហារពីហ្វូងឃ្មុំជាង៨សែនក្បាល... រហូតស្លាប់
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១២ តុលា ២០១៤
- កែប្រែចុងក្រោយ: October 13, 2014
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកថែសួនបួននាក់ ក្នុងទីក្រុ ឌូគ្លាស (Douglas) នៃរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក បានជួបនឹងហេតុការណ៍ភ័យរន្ធត់រកស្មានមិនដល់មួយ កាលពីសប្ដាហ៍កន្លងទៅ នោះគឺការវាយប្រហារពីសំណាក់ហ្វូងសត្វឃ្មុំ មានចំនួនប្រមាណជាង៨សែនក្បាល។ ខណៈដែលពួកគេកំពុងធ្វើការកាត់ស្មៅ ថែផ្កា នៅក្នុងសួនឧទ្យាន របស់បុរសចំណាស់មួយរូប ស្រាប់តែមានហ្វូងឃ្មុំចេញមកយ៉ាងងងឹតមេឃ ហើយបានបើកការវាយលុក ទៅលើបុរសកម្មករទាំងបួននាក់។
ហ្វូងឃ្មុំដែលមានសម្បុកនៅក្បែរនោះ ទំនងជាមិនសប្បាយចិត្ត នឹងសម្លេងរោរ៍របស់ម៉ាស៊ីនកាត់ស្មៅ របស់ក្រុមអ្នកថែសួននេះឡើយ ហើយបានដេញទិច រហូតក្រុមកម្មករដែលចូលចិត្តរំខានទាំងនេះ រត់គេចទៅចូលជ្រក ក្នុងផ្ទះមួយទៀតរបស់អ្នកស្រុកក្បែរខាង។
គួរឲ្យស្ដាយដែល បុរសអ្នកថែសួនដ៏អភ័ពម្នាក់ បានស្លាប់ដោយគាំងបេះដូង ដែលទំនងជាភ័យនឹងហ្វូងឃ្មុំទាំងនោះ។ មេបញ្ជាការរបស់ក្រុមអ្នកជួយសង្គ្រោះប្រចាំទីក្រុង ឌូគ្លាស បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ «សាក្សីមួយរូបបានឃើញ មុខនិងក របស់អ្នកថែសួនរងគ្រោះនោះ ត្រូវបានចោមរោម និងទិចដោយហ្វូងឃ្មុំ»។
អ្នកថែសួនម្នាក់ទៀត ក៏មិនបានរួចខ្លួនដែរ ខណៈគាត់ត្រូវឃ្មុំទិច មិនតិចជា១០០ទ្រនិចឡើយ ហើយចាំបាច់ត្រូវធ្វើការព្យាបាលជាបន្ទាន់។ ចំណែកឯបុរសអ្នកថែសួនពីរនាក់ទៀត ដែលបានរងការទិកបន្តិចបន្តួច មិនចាំបាចមានការព្យាបាលឡើយ។
ហ្វូងឃ្មុំដ៏សន្ធឹកសន្ធាប់នេះ បានចូលមកធ្វើសម្បុក នៅក្រោមដំបូលផ្ទះរបស់បុរសចំណាស់ ដែលបានហៅអ្នកថែសួនទាំងបួននាក់ ឲ្យមកធ្វើការក្នុងសួនរបស់គាត់។ បន្ទាប់ពីហ្វូងឃ្មុំបានបើកការវាយប្រហារ គឺម្ចាស់ផ្ទះដែលមានវ័យ៩០នេះហើយ ដែលបានទូរស័ព្ទហៅនគរបាល។ ប៉ុន្តែខ្លួនគាត់ផ្ទាល់ ក៏ត្រូវបាននគរបាលជម្លៀសខ្លួន ចេញជាបណ្ដោះអាសន្នដែរ ដើម្បីសុវត្ថិភាព និងអនុញ្ញាតឲ្យអាជ្ញាធរអាចបណ្ដេញឃ្មុំទាំងនោះ ចេញពីដំបូលផ្ទះគាត់៕