សត្វខ្លា«puma»ដ៏ចម្លែកមួយក្បាល ដុះចង្កូមថែមនៅលើក្បាល
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៥ មករា ២០១៦
- កែប្រែចុងក្រោយ: January 17, 2016
- ប្រធានបទ: កម្រជួប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គឺជារបកគំហើញមួយ យ៉ាងចម្លែក ដែលព្រានប្រមាញមួយរូប នៅក្នុងរដ្ឋ«Idaho» ប្រទះឃើញ កាលពីថ្ងៃទី៣០ ខែធ្នូកន្លងទៅ។ បន្ទាប់ពីលោកបានបាញ់សម្លាប់ សត្វខ្លា«puma»មួយក្បាល ដែលបានខាំឆ្កែ នៅក្នុងតំបន់រួច បុរសជាព្រាន បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញមានទម្រង់ ជាធ្មេញ«ចង្កូម»ចំនួនពីរទៅបី បានដុះលយចេញ ពីលើក្បាលរបស់សត្វកំណាច។
របាយការណ៍មួយ របស់ទូរទស្សន៍អាមេរិក «CNN» បានឲ្យដឹងថា រូបថតនៃសាកសព របស់សត្វខ្លា ដែលមានបង្ហាញ ពីបន្ដុំចង្កូមទាំងនោះ បានបន្តធ្វើឲ្យភ្ញាក់ផ្អើល ទៅកាន់អ្នកទទួលខុសត្រូវជាច្រើន នៅក្នុងតំបន់ ដោយពួកគេសុទ្ធតែបានអះអាងថា វាជារឿងមិនដែលធ្លាប់ឃើញ ពីមុនមកទាល់តែសោះ។
ក្រសួងរុក្ខាប្រមាញ់ នៃរដ្ឋ«Idaho» បានពន្យល់ថា ករណីធ្មេញដុះ នៅលើក្បាលសត្វខ្លានេះ វាជាធ្មេញរបស់សត្វខ្លា «puma» ភ្លោះមួយក្បាលទៀត ដែលមិនបានបង្កកំណើត ដោយបណ្ដាច់ខ្លួន ដាច់ដោយឡែក នៅពេលសត្វខ្លា «puma» ភ្លោះទាំងពីរក្បាល មានជីវិតដំបូងនៅក្នុងពោះម្ដាយ របស់ពួកវា។
ដោយសារតែមិនអាចបណ្ដាច់ខ្លួនបានដូច្នេះ ទើបកំណជីវិត នៃទារក«puma»មួយ បាននៅជាប់ជាមួយនឹងកំណជីវិត នៃទារក«puma»មួយទៀត ដែលមានកម្លាំងខ្លាំងជាង។ ហើយកំណជីវិត នៃទារក«puma»ដែលខ្លាំងជាងនេះ បានរស់រានមានរាយកាយត្រឹមត្រូវ រហូតបានកើតចេញពីពោះម្ដាយ ដោយនាំមកជាមួយខ្លួន នូវកំណជីវិតសត្វភ្លោះបេះមិនចេញ ហើយដែលបានក្លាយជាចង្កូម នៅជាប់នឹងក្បាលរបស់វា មកដល់ពេលបច្ចុប្បន្ន ។
សូមជម្រាបជូនដែរថា សត្វខ្លា«puma»មានចំនួនច្រើនគួរសម រស់នៅក្នុងតំបន់ព្រៃភ្នំ នៃរដ្ឋ«Idaho»។ វាអាចស្វែងរកចំណីរបស់វា ដោយធ្វើការផ្លាស់ទីជាញឹកញាប់ ទៅកាន់តំបន់ស្រែចំការ ដែលមានមនុស្សរស់នៅ និងទៅកាន់តំបន់ ដែលមានសីតុណ្ហភាពក្ដៅ៕
-------------
» រូបភាពមួយទៀត ដែលបង្ហាញពីចង្កូម ដុះពីលើក្បាលសត្វខ្លា«puma»យ៉ាងច្បាស់៖