ឆ្កែមួយក្បាលនេះស្លាប់ «ដើម្បីប្រទេសបារាំង ប្រឆាំងក្រុុម ISIS»
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៤ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 25, 2015
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការស្លាប់របស់ឆ្កែឈ្មោះ «Diesel» បានធ្វើឲ្យអ្នកផង ដែលដឹងរឿង មានការរញ្ជួលចិត្តយ៉ាងខ្លាំង។ ឆ្កែមួយក្បាលនេះ ត្រូវបានសម្លាប់ ដោយក្រុមភេរវជន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកនេះ នៅខណៈពេល ដែលកងកម្លាំងពិសេសបារាំង បានវាយសម្រុក ចូលទៅកំទេចសម្បុក របស់ក្រុមភេរវជន សមាជិករបស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដែលស្ថិតក្នុងក្រុង «សាំងឌឺនីស (Saint-Denis)» ភាគខាងជើងរដ្ឋធានីប៉ារីស។ កាលពីថ្ងៃអាទិត្យកន្លងមកនេះ កងកម្លាំងពិសេសម្នាក់ ដែលជាម្ចាស់ របស់ «Diesel» ឆ្កែពូជ ប៊ែរហ្សេអាល្លឺម៉ង់ អាយុ៧ឆ្នាំ បានរៀបរាប់ឡើងវិញ ពីពេលដែល «Diesel» ត្រូវបានសម្លាប់ តាមការសម្ភាសមួយ ជាមួយនឹងវិទ្យុបារាំង «RMC»។
កងកម្លាំងពិសេស ដែលត្រូវបានរក្សាអត្តសញ្ញាណ មិនបញ្ចេញឲ្យដឹងនោះ បាននិយាយថា នៅព្រឹកថ្ងៃនោះ បន្ទាប់មានការបាញ់ឆ្លើយឆ្លងគ្នាជាច្រើនគ្រាប់មក ស្ថានការណ៍ប្រឈមរវាងកម្លាំងអាជ្ញាធរ និងក្រុមភេរវជន បានប្រែក្លាយជាស្ថាត់ស្ងៀម។ ដូច្នេះហើយ ទើបកងកម្លាំងពិសេសទាំងនោះ បានសម្រេចចិត្តបញ្ជូន «Diesel» ឲ្យទៅធ្វើជាអ្នកបើកផ្លូវ ដើម្បីចង់ដឹងថា តើនៅខាងមុខ នៅមានបញ្ហាទៀតឬទេ។ លោកបាននិយាយថា៖ «វាបានឆ្លងកាត់បន្ទប់ទីមួយ ដែលមិនមានបញ្ហាអ្វី ហើយបានដើរទៅកាន់បន្ទប់ទីពីរ។ ខ្ញុំបានឃើញវា ដូចជាកំពុងតតាំងនឹងអ្វីមួយ ហើយបន្ទាប់មក ខ្ញុំមើលវាលែងឃើញទៀត។ វាបានរត់ទៅផុតពីភ្នែកខ្ញុំ ដែលធ្វើឲ្យខ្ញុំគិតថា វាបានមើលឃើញ នរណាម្នាក់ចម្លែក នៅខាងមុខវា។ ពេលនោះ ការផ្ទុះអាវុធបានលាន់សូរឡើង។ "Diesel" ត្រូវបានសម្លាប់ភ្លាមៗ នៅនឹងកន្លែង។ វាលែងកម្រើក ជារៀងរហូតហើយ។»
ម្ចាស់របស់ «Diesel» បានរំលឹកថា ការអន្តរាគមន៍របស់ឆ្កែលោក បានជួយសង្គ្រោះជីវិតជាច្រើននាក់ របស់កងកម្លាំងនគរបាល ក៏ដូចជាកងកម្លាំងពិសេស។ លោកបញ្ជាក់ទៀតថា ឆ្កែដែលមានជំនាញដូចវា មិនអាចត្រូវបានជំនួស ដោយយន្ដហោះបញ្ជាពីចំងាយ ឬដោយមនុស្សបានឡើយ។ វាបើកផ្លូវ សម្រាប់ប្រតិបត្តិការនគរបាល ដោយប្រើការហិតក្លិន ដើម្បីដឹងពីវត្តមានរបស់ជនល្មើស សម្លេង ឬហេតុភេទអ្វីមួយ នៅពីមុខ។
បន្ទាប់ពីបានបម្រើការងារ នៅក្នុងកងកម្លាំងពិសេស អស់រយៈពេល៤ឆ្នាំ «Diesel» ដែលមានអាយុ៧ ចូល៨ឆ្នាំនេះ នឹងត្រូវចូលនិវត្តន៍ នៅរដូវផ្ការីកខាងមុខ។ តែសម្រាប់ម្ចាស់ឆ្កែវិញ បើទោះជាការសោកស្ដាយ ចំពោះមរណភាពរបស់ «Diesel» មានទំហំធំប៉ុណ្ណាក៏ដោយ តែឥទ្ធិពលនៃការគាំទ្រ និងការចូលរួមរំលែកទុក្ខ របស់បណ្ដាជនទាំងឡាយក្នុងលោក ពិតជាជួយឲ្យលោក និងអ្នកជិតដិតនឹង «Diesel»បានធូរស្បើយច្រើនណាស់៕
----------
--------------