ទួរគី​បាញ់​ទម្លាក់​យន្ដហោះ​រ៉ូស្ស៊ី៖ ពូទីន បរិហារ​ពី​ការ​លួច​ចាក់​ខ្នង

បន្ទាប់ពីយន្ដហោះ​​ទម្លាក់គ្រាប់បែករបស់ខ្លួន ត្រូវបានបាញ់ឆេះ អ្នកបើកបរយន្ដហោះ ជាតិរ៉ូស្ស៊ីទាំងពីរនាក់ ត្រូវ​បាន​បំប៉ើង​ខ្លួន​ ជាមួយ​នឹង​កៅអី​​ជា​ស្វ័យប្រវត្តិ ចេញពីយន្ដហោះ ហើយឆ័ត្រយោង​ដែលជាប់​នឹង​កៅអី បាន​​បើក​​ឡើង ដើម្បី​ជួយ​​សង្គ្រោះ​អ្នក​បើកបរ ពីគ្រោះថ្នាក់ធ្លាក់យន្ដហោះ។ ប៉ុន្តែអ្នកបើកបរម្នាក់ ពីក្នុង​ចំណោម​នោះ ត្រូវ​បាន​​បាញ់​សម្លាប់ ដោយគ្រាប់កាំភ្លើងបាញ់ចេញពីដី។ ប្រធានាធិបតីរ៉ស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បាន​បរិហារ​ព្រឹត្តិការណ៍​នេះ ថាជា«ការលួចចាក់ខ្នងពីក្រោយ»។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៥ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 25, 2015
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនត្រឹមតែយន្ដហោះប្រដេញ ប្រភេទ «Su-24» ប៉ុណ្ណោះទេ ដែលត្រូវបានបាញ់ទម្លាក់ នៅក្បែរព្រំដែន ស៊ីរី​-ទួរគី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា (ម្សិលម៉ិញ) បើសូម្បីតែអ្នកបើកបរម្នាក់ ពីក្នុងចំណោមពីរនាក់ ដែលព្យាយាម​សង្គ្រោះ ជីវិតចុងក្រោយរបស់ពួកគេ ពីគ្រោះធ្លាក់យន្ដហោះនេះ ក៏ត្រូវបានបាញ់សម្លាប់ ដោយគ្រាប់​កាំភ្លើង​ពី​ដីដែរ។ នេះបើតាមការប្រកាសឲ្យដឹង ពីបញ្ជាការដ្ឋានរបស់ប្រទេសរ៉ូស្ស៊ី ដែលមានបេសកកម្ម ក្នុងការ​វាយ​លុយ​ទៅលើក្រុមភេរវជន ឬក្រុមរដ្ឋអ៊ីស្លាម ក្នុងប្រទេសស៊ីរី។

ឧត្ដមសេនីយ៍រ៉ូស្ស៊ី លោក «Sergueï Roudskoï» មេបញ្ជាការកងទ័ពរ៉ូស្ស៊ី បានបញ្ជាក់ តាម​ទូរទស្សន៍​ក្នុង​ប្រទេសថា៖ «ចំណុចដែលយន្ដហោះធ្លាក់ ស្ថិតក្នុងទឹកដីនៃប្រទេសស៊ីរី ប្រមាណជា៤គីឡូម៉ែត្រ ពី​ព្រំដែន។ អ្នក​បើកបរនៅលើយន្ដហោះ ត្រូវបានបំប៉ើង ឲ្យចេញពីយន្ដហោះ (ហើយឆ័ត្រយោងបាន​រលាស់​ឡើង ដើម្បី​សង្គ្រោះ​ពួកគេ ពីគ្រោះថ្នាក់ធ្លាក់យន្ដហោះ)។ បើតាមព័ត៌មាន ដែលទើបនឹងធ្លាក់មកដល់ អ្នកបើកបរ​យន្ដហោះ​​ម្នាក់ បានស្លាប់ នៅក្នុងអាកាស ដោយការបាញ់ប្រហារមួយ ពីដី។»

ទាហ៊ានរ៉ូស្ស៊ីពីរនាក់ ត្រូវបានសម្លាប់...

លោកមេបញ្ជាការ បាននិយាយបន្ថែមថា ទាហានម្នាក់ ត្រូវបានសម្លាប់បន្ថែមទៀត នៅខណៈពេល ដែល​ឧទ្ធម្ភាគចក្រមួយគ្រឿង ត្រូវបានបញ្ជូនភ្លាមៗ ទៅធ្វើការជួយសង្គ្រោះ តែឧទ្ធម្ភាគចក្រនេះ បានក្លាយជា​ទិស​ដៅ នៃការបាញ់ប្រហារ ជាច្រើនគ្រាប់។ បន្ទាប់ពីហេតុការណ៍នេះភ្លាមៗ ក្រសួងការពារជាតិរ៉ូស្ស៊ី បាន​ផ្ដាច់​ទំនាក់​ទំនង​យោធា ជាមួួយ​ប្រទេសទួរគី ហើយបានប្រកាសថា នឹងបញ្ជូននាវាដ៏ធំមួយ ទៅកាន់ឆកសមុទ្រ នៃ​ទីក្រុង «Lattaquié» ប្រទេស​ស៊ីរី ដែលស្ថិតក្នុងសមុទ្រ មេឌីទែរ៉ាណេ។

រីឯប្រទេសទួរគីវិញ បានទទួលស្គាល់ហេតុការណ៍នេះ ថាជាប្រតិបត្តិការការពារ ដែនអាកាសរបស់ខ្លួន ប្រឆាំង​នឹងការរំលោភបំពាន របស់បរទេស។ ប្រធានាធិបតីទួរគី លោក អេឌូហ្គង់ (Recep Tayyip Erdoğan) បាន​ប្រកាស​​នៅយប់ថ្ងៃដដែល ពីរដ្ឋធានីអង់ការ៉ា (ប្រទេសទួរគី) ថា៖ «នរណាក៏ដោយ ត្រូវគោរពសិទ្ធិរបស់​ប្រទេស​​ទួរគី ក្នុងការការពារព្រំដែនរបស់ខ្លួន»។ មេបញ្ជាការកងទ័ពយោធាទួរគី បានអះអាងថា យន្ដហោះ​ទម្លាក់​គ្រាប់​បែករ៉ូស្ស៊ី បានរំលោភចូល មកក្នុងដែនអាកាសរបស់ប្រទេសទួរគី ហើយអ្នកបើកបរ​យន្ដហោះ​រ៉ូស្ស៊ី ត្រូវ​​បាន​​ព្រមានពីការរំលោភនេះ ចំនួន«១០ដង ក្នុងរវាង៥នាទីម្ដង»។ ព័ត៌មាននៃការព្រមានេះ ក៏ត្រូវ​បាន​អះអាង ដោយ​មន្ទីរ​ប៉ង់តាហ្គោន (ក្រសួងការពារជាតិអាមេរិក) ដែរ។

«ការលួចចាក់ខ្នងពីក្រោយ»

ចំពោះប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានប្រតិកម្មភ្លាមៗ និងខ្លាំងៗ តបទៅនឹងទង្វើនេះ ដែល​លោក​​បានបរិហារថា ជា«ការលួចចាក់ខ្នងពីក្រោយ» ដោយក្រុមអ្នកឃុបឃិត នឹងពួកភេរវជន។ លោកថ្លែង​ឡើង នៅក្នុងសន្និសីទសារព័ត៌មាន ក្នុងថ្ងៃដដែលថា៖ «យន្ដហោះរបស់យើង និងអ្នកបើកបររបស់យើង មិន​មែន​ជា​ការ​​គម្រាម​​អ្វីទាល់តែសោះ ចំពោះប្រទេសទួរគី។ (...) ហេតុការណ៍ដ៏រន្ធត់នេះ នឹងបង្កផល​ប៉ះពាល់​ធ្ងន់​ធ្ងរ ដល់​ទំនាក់ទំនង​រវាងរ៉ូស្ស៊ី និងទួរគី។»

រដ្ឋមន្ត្រីការបរទេសរ៉ូស្ស៊ី លោក ស៊ែហ្គី ឡាវ្រូវ (Sergueï Lavrov) បានប្រកាសលប់ចោលភ្លាមៗ ដំណើរ​ទស្សនកិច្ច​របស់លោក ទៅកាន់ប្រទេសទួរគី នៅថ្ងៃពុធនេះ ដើម្បីស្វែងរកដំណោះស្រាយមួយ សម្រាប់​ប្រទេស​ស៊ីរី។ លោកថែមទាំងបានព្រមាន ដល់ពលរដ្ឋរ៉ូស្ស៊ីទាំងអស់ ឲ្យផ្អាកការធ្វើដំណើរ ទៅកាន់​ប្រទេស​ទួរគី ដែលជាទិសដៅទេសចរណ៍ ដ៏ពេញនិយមមួយ។

អំពាវនាវឲ្យអត់ធ្មត់...

ហេតុការណ៍បាញ់ទម្លាក់យន្ដហោះរ៉ូស្ស៊ីនេះ បានជំរុញឲ្យមេដឹកនាំក្នុងលោកទាំងអស់ ធ្វើការអំពាវនាវ​ដល់​ប្រទេសទាំងពីរ រ៉ូស្ស៊ី និងទួរគី ឲ្យសម្ដែងការអត់ធ្មត់រវាងគ្នា។ ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ដែលកំពុងធ្វើទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីតោន បានសម្ដែងពីសមានចិត្តរបស់លោក ដើម្បីគ្រប់គ្នាត្រូវបញ្ជៀស នូវការតម្លើងភាពតានតឹងដាក់គ្នា។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គី-មូន បានស្នើសុំឲ្យមានចំណាត់ការ «បន្ទាន់» ដើម្បីកាត់បន្ថយភាពតានតឹង។

ចំពោះអគ្គលេខាធិការ របស់អង្គការនៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ហៅកាត់តាមបារាំង OTAN - និងហៅ​កាត់​តាមអង់គ្លេស NATO ) លោក ជេន ស្តូលតេនប៊ើរ (Jens Stoltenberg) បានសម្ដែងនូវ«សាមគ្គីភាព» ជា​មួយ​ប្រទេសទួរគី បន្ទាប់ពីកិច្ចប្រជុំ​បន្ទាន់​មួយ ដែលស្នើសុំឲ្យធ្វើឡើងភ្លាមៗ ដោយរដ្ឋាភិបាលក្រុង អង់ការ៉ា (ប្រទេស​ទួរគី)។ ប៉ុន្តែលោក ជេន ក៏បាន​ថ្លែងនៅក្នុងឱកាសនោះ អំពាវនាវឲ្យមានភាពស្ងប់ស្ងៀម និងលប់​បំបាត់ នូវ​ភាពតានតឹងរវាងគ្នា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...