ISIS៖ «យុទ្ធជនដ៏អង់អាច បានកំទេចរង្គសាលមួយនៅទួរគី»
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី០២ មករា ២០១៧
- កែប្រែចុងក្រោយ: January 02, 2017
- ប្រធានបទ: ភេរវនិយម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដូចការលើកឡើង របស់អាជ្ញាធរទួរគី ដែលអះអាងថា ខ្មាន់កាំភ្លើង ដែលបានបើកការបាញ់រះ ទៅលើហ្វូងមនុស្ស នៅក្នុងរង្គសាល កណ្ដាលក្រុង អ៊ីស្តាមប៊ូល កាលពីយប់ថ្ងៃចូលឆ្នាំថ្មី មានជាប់ពាក់ព័ន្ធ នឹងក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS) នៅព្រឹកថ្ងៃចន្ទនេះ អង្គការភេរវនិយមមួយនេះ បានចេញមុខ មកប្រកាសទទួលស្គាល់ ថាទង្វើបាញ់ប្រហារនេះ ពិតជាស្នាដៃរបស់«យុទ្ធជន»ម្នាក់របស់ខ្លួន។
សេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមរដ្ឋអ៊ីស្លាម បានចេញសរសេរយ៉ាងដូច្នេះថា៖ «នៅក្នុងនិរន្តភាព នៃប្រតិបត្តិការសាសនា ដែលដឹកនាំដោយក្រុមរដ្ឋអ៊ីស្លាម ប្រឆាំងនឹងអ្នកការពារ នៃសម្ព័ន្ធឈើឆ្កាង (និមិត្តរូបរបស់សាសនាគ្រឹស្ទ៍) ដែលគេស្គាល់ថា ជាប្រទេសទួរគីនោះ យុទ្ធជនដ៏អង់អាចមួយរូប នៃរាជាណាចក្រព្រះអាឡាហ៍ជាម្ចាស់ បានចូលទៅកំទេចរង្គសាលមួយ ពីក្នុងចំណោមរង្គសាលល្បីៗជាច្រើន ដែលពួកគ្រឹស្ទ៍សាសនិក បានប្រារព្ធពិធីបុណ្យ ដ៏ចង្រៃឥតសាសនា របស់ពួកវា»។
ខ្មាន់កាំភ្លើង ដែលបានស្លៀកពាក់ ជា«តាណូអែល» បានចូលទៅបាញ់រះ នៅម៉ោងប្រមាណជា ១និង១៥នាទី ក្នុងរង្គសាល «Reina» ដែលពេញពោរដោយមនុស្ស ប្រមាណជា៦០០នាក់ ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល។ មុននឹងចូល ទៅដល់ខាងក្នុងរង្គសាល ជននេះបានបាញ់សម្លាប់ ភ្នាក់ងារនគរបាលម្នាក់ និងមន្ត្រីសន្តិសុខម្នាក់ទៀត នៅត្រង់ច្រកចូល នៃរង្គសាល។
សារព័ត៌មានទួរគី ឈ្មោះ «Hürriyet» បានរាយការណ៍ ដោយមិនបានបញ្ជាក់ពីប្រភពថា ខ្មាន់កាំភ្លើង ដែលកំពុងរត់គេចខ្លួន ពីការតាមចាប់ខ្លួន របស់អាជ្ញាធរទួរគីនោះ អាចជាជនជាតិ គៀរជីគីស្តង់ ឬអ៊ូប៊េគីស្ដង់។ កាសែតបានបន្តថា ក្រុមអ្នកស៊ើបអង្កេត បានជឿជាក់ថា ជននេះអាចមានជាប់ពាក់ព័ន្ធ នឹងភេរវកម្មបីកន្លែង នៅព្រលានយន្ដហោះក្រុង អ៊ីស្តាមប៊ូល កាលពីខែមិថុនាមុន (ស្លាប់៤៧នាក់) ដែលប្រកាសទទួលស្គាល់ ដោយក្រុមរដ្ឋអ៊ីស្លាមដូចគ្នា។
សារព័ត៌មាន ដែលចេញផ្សាយប្រចាំថ្ងៃមួយនេះ បានបញ្ជាក់ទៀតថា នគរបាល និងចារកម្មរបស់ទួរគី បានទទួលដំណឹងជាមុនហើយ ពីការវាយប្រហារភេរវកម្ម នៅក្នុងយប់ថ្ងៃចូលឆ្នាំថ្មី បង្កឡើងដោយក្រុមរដ្ឋអ៊ីស្លាម។ ចារកម្មអាមេរិក ក៏បានព្រមានប្រទេសទួរគី នៅថ្ងៃទី៣០ ខែធ្នូ ដូចគ្នាថា នឹងមានអំពើភេរវកម្ម នៅយប់ថ្ងៃបុណ្យ ដោយគ្រាន់តែមិនដឹងថា តើវានឹងកើតឡើង នៅកន្លែងណាប៉ុណ្ណោះ។
នៅក្នុងពេលនេះ អាជ្ញាធរទួរគីកំពុងស្វែងរក ចាប់ខ្លួនជនសង្ស័យម្នាក់ ដែលទំនងជាខ្មាន់កាំភ្លើង។ ជននេះបានរត់គេចខ្លួន និងបានប្ដូរសម្លៀកបំពាក់ បន្ទាប់ពីបានធ្វើសកម្មភាពរួច៕