ភេវរកម្មនៅប៊ូស្តុន៖ អេហ្វប៊ីអាយ (FBI) ស្វែងរកជនសង្ស័យពីរនាក់
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 19, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នគរបាលសហព័ន្ធនៃសហរដ្ឋអាមេរិក អេហ្វប៊ីអាយ (FBI) បានចេញផ្សាយរូបថតនិងវីដេអូ ដើម្បីស្វែងជនសង្ស័យពីរនាក់ ដែលបានចូលរួមបង្កភេវរកម្ម បំផ្ទុះគ្រាប់បែកទាំងពីរគ្រាប់ នៅទីក្រុងប៊ូស្តុនជិតទីផ្ដាច់ព្រ័ត្រនៃកីឡារត់ម៉ារ៉ាតុន កាលពីរសៀលថ្ងៃច័ន្ទទី១៥ខែមេសា។
រូបថតជនសង្ស័យទាំងពីរ បង្ហាញដោយអេហ្វប៊ីអាយ។
អេហ្វប៊ីអាយ ទទួលបានរូបភាព និងវីដេអូទាំងនេះ ពីហាងលក់ទំនិញ ដែលមានទីតាំងនៅក្បែរកន្លែងកើតហេតុ។ ក្រុមអ្នកស៊ើបអង្កេត បានគិតថា ជនម្នាក់ពីចំណោមជនសង្ស័យទាំងពីរ បានដាក់គ្រាប់បែកនៅក្បែរទីផ្ដាច់ព្រ័ត្រ។ ភ្នាក់ងារទទួលខុសត្រូវខាងការស៊ើបអង្កេត លោករីឆារ ដេសឡូរីយ៉េ (Richard DesLauriers) បានបញ្ជាក់ថា មុខសញ្ញាទាំងពីរ ប្រដាប់ដោយអាវុធ និងមានគ្រោះថ្នាក់ជាទីបំផុត ហើយបានប្រាប់អោយបណ្ដាជន កុំអោយទៅក្បែរ។
គេអាចរកមើលរូបភាព និងវីដេអូនេះបាន នៅលើគេហទំព័ររបស់ អេហ្វប៊ីអាយ តែនៅពេលដាក់ផ្សាយក្នុងម៉ោងដំបូងភ្លាម គេហទំព័រនេះ មិនមានដំណើរការល្អទេ។ ការផ្សព្វផ្សាយជាសាធារណៈនេះ ត្រូវបានធ្វើឡើង នៅបន្ទាប់ពីដំណើរទៅចូលរួម ក្នុងពិធីសាសនាមួយ របស់ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama) និងភរិយា ក្នុងទីក្រុងប៊ូស្តុន ដើម្បីឧទ្ទិសទៅអោយជនរងគ្រោះ ក្នុងអំពើភេវរកម្មនោះ។
ហេតុអីបានជាជនទាំងពីរ ត្រូវបានអ្នកស៊ើបអង្កេតសង្ស័យ?
គុណភាពរបស់រូបភាព មិនអនុញ្ញាតអោយគេមើលឃើញច្បាស់ ពីមុខរបស់ជនសង្ស័យទាំងពីរនាក់នេះ បានដោយស្រួលនោះឡើយ។ នៅក្នុងវីដេអូ ជនទាំងពីរដើរធម្មតា ម្នាក់ពាក់មួកពណ៌ខ្មៅ និងវែនតាការពារពន្លឺ រីឯម្នាក់ទៀតពាក់មួកពណ៌សរបែរទៅក្រោយ ធ្វើអោយគេអាចមើលមុខបានច្បាស់ជាង។ គេទាំងពីរនាក់នេះ ស្ពាយនៅនឹងខ្នង នូវកាបូបម្នាក់មួយ។
អេហ្វប៊ីអាយ ចង់ប្រើពាក្យ«ជនមានគំនួច» ដើម្បីហៅជនទាំងពីរនេះ តែសម្រាប់សាធារណជន ពាក្យថា «ជនសង្ស័យ» មានន័យច្បាស់ជាង។ នៅក្នុងវីដេអូមួយទៀត ដែលអេហ្វប៊ីអាយមិនបានផ្សាយជាសាធារណៈនោះ ជនសង្ស័យទីពីរត្រូវបានឃើញថា បានដាក់កាបូបរបស់ខ្លួន នៅចំចំនុចផ្ទុះគ្រាប់ទីពីរ តែប៉ុន្មាននាទីប៉ុណ្ណោះ មុននឹងគ្រាប់បែកបានផ្ទុះឡើង។ ចំនុចមួយទៀត ដែលគួរអោយគេសង្ស័យដែរ គឺជនទាំងពីរទំនងជាដើរ ទៅណាមកណាជាមួយគ្នា តែទុកគម្លាតប្រមាណជាពីរម៉ែត្រពីគ្នាប៉ុណ្ណោះ។
សូមទស្សនាវីដេអូ ផ្សាយដោយអេហ្វប៊ីអាយ ដូចតទៅ៖
អេហ្វប៊ីអាយ ចង់និយាយជាមួយជនសង្ស័យទាំងពីរ
កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ទី១៨ខែមេសា រដ្ឋមន្ត្រីសន្តិសុខជាតិអាមេរិក លោកស្រី ចាណែត ណាប៉ូលីតាណូ (Janet Napolitano) បានអោយដឹងថា អេហ្វប៊ីអាយ ចង់និយាយជាមួយនឹងជនសង្ស័យទាំងពីរ ប៉ុន្តែលោកស្រីបានបដិសេធ មិនបង្ហាញពីអត្តសញ្ញាណរបស់ជនទាំងនេះទេ។ លោកស្រីបានបញ្ជាក់ថា អាជ្ញាធរនៅមិនទាន់ដឹងថា គ្រាប់បែកទាំងពីរគ្រាប់ ជាស្នាដៃរបស់ភេវរជនក្នុងស្រុក ឬមកពីក្រៅប្រទេសនោះនៅឡើយ។
សូមបញ្ជាក់ថា អំពើភេវរកម្មបំផ្ទុះគ្រាប់បែកនេះ បានធ្វើអោយមនុស្ស៣នាក់ស្លាប់ និងជាង១៨០នាក់រងរបួស ក្នុងនោះ១៧នាក់របួសធ្ងន់៕
-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ