ភេរវកម្មបំផ្ទុះរថយន្ដមួយទៀត នៅទួរគី សម្លាប់មនុស្ស២នាក់
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី០៥ មករា ២០១៧
- កែប្រែចុងក្រោយ: January 05, 2017
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យ៉ាងហោចណាស់ មនុស្សពីរនាក់ បានស្លាប់ និងជាង១០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការបំផ្ទុះរថយន្ដចតចោលមួយ នៅក្បែរអាគារតុលាការក្រុង «Izmir,» ដែលស្ថិតនៅខាងលិច នៃប្រទេសទួរគី។ បន្ទាប់ពីហេតុការណ៍ផ្ទុះរថយន្ដនេះ មនុស្សពីរនាក់ ដែលអាជ្ញាធរបានអះអាងថា ជាភេរវជន ត្រូវបានបាញ់សម្លាប់។
សារព័ត៌មានក្នុងស្រុកជាច្រើន បានអះអាងថា រថយន្ដនោះត្រូវបានយកមកចតចោល នៅក្បែរច្រកចូល របស់មន្ត្រីជាន់ខ្ពស់ នៅក្នុងតុលាការ ដូចជាចៅក្រម និងរដ្ឋអាជ្ញាជាដើម។
អភិបាលខណ្ឌ «Bayrakli» នៃក្រុង «Izmir» បានថ្លែងឲ្យដឹង តាមកញ្ចក់ទូរទស្សន៍ «NTV» ថា យ៉ាងហោចមនុស្ស១០នាក់ បានរងរបួស ក្នុងនោះម្នាក់បានរងរបួសធ្ងន់ធ្ងរ។ មន្ត្រីនគរបាលម្នាក់ និងមន្ត្រីតុលាការម្នាក់ទៀត បានស្លាប់ នៅក្នុងហេតុការណ៍នោះ។
ទីភ្នាក់ងារព័ត៌មាន «Anadolu» ស្និតនឹងរដ្ឋាភិបាលទួរគី បានរាយការណ៍ឲ្យដឹងថា ភេរវជនពីរនាក់ ត្រូវបានបាញ់សម្លាប់ នៅក្នុងការប្រឈមមុខ ប្រដាប់ដោយអាវុធដ៏ខ្លាំងក្លា ជាមួយនឹងកងកម្លាំងអាជ្ញាធរ។ ទីភ្នាក់ងារបានបញ្ជាក់ទៀតថា ភេរវជនទីបី បានគេចខ្លួនរួច។
» មនុស្សពីរនាក់ ដែលសង្ស័យជាភេរវជន ត្រូវបានបាញ់សម្លាប់៖
រូបភាព ដែលត្រូវបានផ្សព្វផ្សាយ តាមកញ្ចក់ទូរទស្សន៍ បង្ហាញឲ្យឃើញ ពីទិដ្ឋភាពហុយផ្សែង ដ៏ខ្មួលខ្មាញ់ និងរូបភាពបង្ហាញ ពីរថយន្ដជួយសង្គ្រោះ ជាច្រើន កំពុងដឹកជញ្ជូនជនរងគ្រោះ ចេញពីកន្លែងកើតហេតុ។
ហេតុការណ៍ដ៏អកុសលខាងលើ បានកើតតែ៥ថ្ងៃ ក្រោយព្រឹត្តិការណ៍បាញ់សម្លាប់ ពីសំណាក់ជនម្នាក់ នៅក្នុងរង្គសាល នាទីក្រុងអ៊ីស្តាមប៊ូល កាលពីយប់ថ្ងៃឆ្លងឆ្នាំ បណ្ដាលឲ្យមនុស្ស ៣៩នាក់ បានស្លាប់បាត់បង់ជីវិត៕