អាជ្ញាធរអប្សរា ឲ្យមន្ត្រីខ្លួនរៀនភាសាចិន
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ មករា ២០១៧
- កែប្រែចុងក្រោយ: January 06, 2017
- ប្រធានបទ: បេតិកភ័ណ្ឌ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាជ្ញាធរជាតិអប្សរា (APSARA) នឹងផ្ដល់វគ្គបណ្ដុះបណ្ដាល ភាសាចិន ឲ្យទៅមន្ត្រីរបស់ខ្លួន រៀនភាសាចិន តាមរយៈវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា ចាប់ពីពាក់កណ្តាលខែកុម្ភៈឆ្នាំ២០១៧តទៅ។ បន្ទាប់មកទៀត តាមរយៈវិទ្យាស្ថាននេះដដែល បណ្ដាសិក្ខាកាម អាចមានឱកាសទៅសិក្សាបន្ត នៅខេត្តជាំងស៊ី ក្នុងប្រទេសចិន ដើម្បីពង្រឹងភាសាចិន ឲ្យកាន់តែល្អប្រសើរថែមទៀត។ នេះ បើគេបានអាន ពីលទ្ធផលការងារ ដែលចេញពីជំនួបរវាង លោក ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ដែលទទួលទទួលបន្ទុក គ្រប់គ្រងតំបន់បេតិកភ័ណ្ឌអង្គរ ជាមួយនឹងលោក «Yang Huiwen» អនុប្រធានមន្ទីរអប់រំខេត្តជាំងស៊ី (Jiangxi - ភាគកណ្ដាលខាងកើត) នៃប្រទេសចិន កាលពីថ្ងៃទី៣ ខែមករាកន្លងមក។
សេចក្ដីប្រកាសព័ត៌មានមួយ របស់អាជ្ញាធរជាតិ បានឲ្យដឹងថា នៅក្នុងជំនួបនោះ លោក «Yang Huiwen» ដែលបានដឹកនាំប្រតិភូមួយក្រុម មកកាន់តំបន់រមណីយដ្ឋានវប្បធម៌អង្គរ បានទទួលបានការសាទរ ពីសំណាក់លោក ស៊ុំ ម៉ាប់ ក្នុងការបើកទូលាយ ចំពោះយុវជនចិនទាំងឡាយណា ដែលចង់មករកបទពិសោធន៍ការងារ ផ្នែកគ្រប់គ្រងបេតិកភណ្ឌ។ យុវជនចិនទាំងនោះ អាចមកស្នាក់នៅ និងទទួលការបណ្តុះបណ្តាល ពីមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា។ អនុប្រធានមន្ទីរអប់រំខេត្ត ជាំងស៊ី បានថ្លែងថា នឹងជំរុញយុវជនចិន ឲ្យមកបោះជំរុំ នៅអាជ្ញាធរជាតិអប្សរា ក្នុងកម្មវិធីបោះជំរុំយុវជន«អាស៊ាន-ចិន» នាពេលខាងមុខ។
អគ្គនាយកអាជ្ញាធរ លោក ស៊ុំ ម៉ាប់ បានបង្ហាញការជឿជាក់ថា ការផ្ដល់វគ្គបណ្ដុះបណ្ដាលភាសាចិន ដោយមានការសម្របសម្រួល ពីស្ថានទូតចិនប្រចាំកម្ពុជា ទៅឲ្យមន្ត្រីរបស់អាជ្ញាធរជាតិ នឹងជួយសម្រួលដល់ពួកគេ ក្នុងកិច្ចសហប្រតិបត្តិការ និងការងារទំនាក់ទំនង ឲ្យកាន់តែរលូនខ្លាំងឡើង។
ប្រទេសចិន ជាប្រទេសមួយ នៅក្នុងចំណោមប្រទេសទាំង១៣ (ចិន ឆែក បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ស្វ៊ីស អាមេរិក អូស្ត្រាលី ហុងគ្រី និងកូរ៉េខាងត្បូង) ដែលចូលរួមអនុវត្តន៍គម្រោង «អភិរក្ស និងជួសជុលស្ដារ»ប្រាង្គប្រាសាទ ក្នុងតំបន់អង្គរ ចំនួន៣១គម្រោង រាប់ចាប់តាំង ពីឆ្នាំ១៩៩២មក។ នេះបើតាមការអះអាង របស់លោកលោកទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ កាលពីពាក់កណ្ដាលខែធ្នូទៅម៉ិញ៕