កេរ្ដិ៍ឈ្មោះកម្ពុជា នៅចំពោះផលិតផល និងចរាចរណ៍ទំនិញក្លែងក្លាយ
ក្តីព្រួយបារម្ភជាទូទៅមួយ ត្រូវបានបង្ហើបឲ្យដឹង ពីចរាចរណ៍ទំនិញក្លែងក្លាយ ដែលបានឆ្លងកាត់ឬផលិតក្នុងប្រទេសកម្ពុជា បង្កការប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់ប្រទេសនេះ ជាពិសេសនៅក្នុងពេលសមាហរណកម្ម តំបន់សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ខាងមុខ។
ផ្សារធំថ្មីនៅកណ្ដាលរាជធានីភ្នំពេញ ដែលមានដាក់លក់នូវទំនិញ យ៉ាងសម្បូរបែប និងគ្រប់ប្រភេទ។ (រូបថត Wikipedia.org)
ទំនិញក្លែងក្លាយ - ប្រភពមួយដែលបានចូលរួម ក្នុងសិក្ខាសិលាពាណិជ្ជកម្មអន្ដរជាតិ ២០១៤ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ស្ដីពីកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ ក្នុងការអនុវត្តច្បាប់កម្មសិទិ្ធបញ្ញានោះ បានឲ្យដឹងថា ក្រុមហ៊ុនម៉ាកយីហោធំៗជាច្រើន ដែលសុទ្ឋសឹងជាសមាជិក នៃសមាគមប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មនៃទំនិញក្លែងក្លាយ មានទីស្នាក់ការកណ្ដាលក្នុងប្រទេសហូឡង់ - រីអាដ (React) បានត្អួញត្អែរពីផលវិបាកមួយចំនួន ពាក់ព័ន្ឋនឹងចរាចរណ៍ទំនិញក្លែងក្លាយដែលអាចប៉ះពាល់ដល់ ការធ្វើវិនិយោគទុនរបស់គេក្នុងប្រទេសនេះ។ ប្រភពនោះ បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែនៅក្នុងទិន្នន័យនៃសិក្ខាសាលា ដែលរួមសហការរៀបចំជាមួយក្រសួងពាណិជ្ជកម្មកម្ពុជានោះ មិនត្រូវបានអនុញ្ញាតឲ្យបែកធ្លាយ ទៅដល់ដៃរបស់អ្នកសារព័ត៌មាននោះឡើយ។
អ្នកទទួលខុសត្រូវមួយរូបនៃសមាគមរីអាដ បានលើកឡើងថា មានទំនិញក្លែងក្លាយជាច្រើន ត្រូវបានដាក់លក់យ៉ាងពេញទំហឹង ក្នុងប្រទេសកម្ពុជា។ ផ្ទុយទៅវិញ គេពិបាកនឹងស្វែងរកណាស់ នូវទំនិញដែលមានភាពពិតប្រាកដ ឬទំនិញដើម នៅក្នុងរាជាណាចក្រមួយនេះ។ នេះបើតាមការបង្ហើបឲ្យដឹង របស់ប្រភពច្បាស់ការណ៍នោះ។ អ្នកទទួលខុសត្រូវដដែលនេះ បានបញ្ជាក់ទៀតថា ការជួញដូរទំនិញក្លែងក្លាយនេះ បានធ្វើឲ្យប្រជាជនកម្ពុជាជួបប្រទះនូវផលវិបាកជាច្រើន ទាំងនៅពេលបច្ចុប្បន្ន និងទៅក្នុងអនាគតវែងឆ្ងាយខាងមុខ ដែលចាំបាច់ត្រូវមន្ត្រីពាក់ព័ន្ឋនៅក្នុងក្រសួងមានសមត្ថកិច្ចទាំងឡាយ យកចិត្តទុកដាក់នឹងការអនុវត្តនូវច្បាប់កម្មសិទ្ធិបញ្ញា ទោះបីជាចរាចរណ៍ទំនិញ ត្រូវបានធ្វើជាចំហរនៅតាមទីផ្សារ ឬតាមហាងទំនិញនានា ឬនៅតាមបណ្តាញអ៊ិនធឺណេតក្តី។
អ្នកទទួលខុសត្រូវម្នាក់ទៀត ដែលចូលរួមក្នុងសិក្ខាសាលានោះដែរ បានឡើងវាយតម្លៃថា បញ្ហាទំនិញក្លែងក្លាយ និងការការពារកម្មសិទ្ឋិបញ្ញានេះ កម្ពុជានៅមានភាពទន់ខ្សោយខ្លាំងនៅឡើយ។
នៅក្នុងឧទាហរណ៏មួយ ដែលលើកឡើងដោយមន្ត្រីជំនាញបរទេសមួយរូប នៅក្នុងសិក្ខាសាលានោះដដែល បានលើកឡើងពីផលិតផល បារីក្លែងក្លាយមួយ ត្រូវបានផលិតយ៉ាងចេញមុខ នៅក្នុងខេត្តកំពង់ចាមប្រទេសកម្ពុជា។ ផលិផលនោះ មិនត្រឹមតែត្រូវបានផលិត «រំលោភ»ទៅលើផលិតផលដើមប៉ុណ្ណោះទេ តែត្រូវបាននាំចេញទៅកាន់ប្រទេសឡាវ ថៃ និងវៀតណាម ដោយគេចពន្ឋខុសច្បាប់ថែមទៀត។ មន្ត្រីជំនាញរូបនោះ បានសង្កត់ធ្ងន់ទៀតថា បើតាមការសង្កេតរបស់លោក ក្នុងរយៈពេល២ឆ្នាំកន្លងមក ប្រទេសកម្ពុជានៅតែជាប្រទេសមួយ ដែលមានភាពងាយស្រួលក្នុងការរត់ពន្ធទំនិញឆ្លងដែន ពីប្រទេសមួយទៅប្រទេសមួយនោះនៅឡើយ។
បើតាមមន្ត្រីជំនាញរូបនោះ ការជួញដូរទំនិញខុសច្បាប់នេះ បានធ្វើឲ្យក្រុមអ្នកប្រព្រឹត្តិទទួលបានប្រាក់ចំណេញ ស្ទើរតែមួយរយភាគរយ ផ្ទុយពីចំណូលថវិការជាតិរបស់ប្រទេស ដែលបានខាតបង់ក្នុងមួយឆ្នាំៗ ច្រើនជាងមួយរយលានដុល្លារ។ នេះបើតាមរបាយការណ៍មួយ ចេញផ្សាយដោយការសែត ខេមបូឌៀ ដេលី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ កន្លងមក។ របាយការណ៍នោះបានបញ្ជាក់ថា ប្រទេសកម្ពុជាបានបាត់បង់ប្រាក់ចំណូលរបស់ខ្លួនប្រមាណ ១៣៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ បណ្ដាលមកពីការគេចមិនបង់ពន្ធ និងចរាចរណ៍ទំនិញខុសច្បាប់ ដែលបានកើតឡើងយ៉ាងព្រោងព្រាត ពេញផ្ទៃរាជាណាចក្រ។
ទោះបីជាយ៉ាងណាក៏ដោយ លោក អប់ រ៉ាឌី អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មកម្ពុជា ដែលត្រូវបានដកស្រង់សម្ដីដោយ ទីភ្នាក់ងារសារព័ត៌មានកម្ពុជានោះ បានទទួលស្គាល់ថា កម្ពុជាកំពុងតែរងគ្រោះ ដោយសារតែទំនិញក្លែងក្លាយ។ មន្ត្រីរូបនេះបានអះអាងបន្ថែមថា ដើម្បីទប់ស្កាត់ទំនិញក្លែងក្លាយ ប្រទេសកម្ពុជាត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យកាន់តែប្រសើរ ធ្វើការអប់រំផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋពង្រឹងសមត្ថភាព និងបញ្ជ្រាបព័ត៌មានដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ឲ្យមានការយល់ដឹង និងមានការសិក្សាស្រាវជ្រាវស្វែងរកទំនិញក្លែងក្លាយ។
ប្រសិនជាគេចង់ដឹងពីពាណិជ្ជកម្មនៃទំនិញក្លែងក្លាយ នៅតាមទីផ្សារនានា ឬនៅតាមហាងលក់ទំនិញនានា នៅក្នុងរាជធានីភ្នំពេញនោះ មិនពិបាកស្វែងរកនោះទ។ បើសូម្បីផលិតផលប្រចាំថ្ងៃ ដូចជា ថ្នាំពេទ្យ ថាសចម្រៀង ឬថាសកម្មវិធីកំព្យូទ័រ សម្លៀកបំពាក់ជាដើមនោះ ក៏ត្រូវបានគេឃើញថា បានដាក់លក់«ជាចំហរ» ដោយមិនមានការទប់ស្កាត់អ្វីឡើយ។ ផ្ទុយពីច្បាប់កម្មសិទ្ធិបញ្ញា ដែលអនុម័ត្រដោយរដ្ឋសភាជាតិហើយចុះព្រះហស្ថលេខាដោយព្រះរាជា ដាក់ឲ្យប្រើប្រាស់នោះ គេបានសង្កេតឃើញការអនុវត្តច្បាប់នេះវិញ បានធ្វើឡើងយ៉ាងមានប្រសិទ្ធិភាព តែនៅពេលណាដែលផលិតផលឬផលប្រយោជន៍នៃផលិតផលក្លែងក្លាយ បានប៉ះពាល់ទៅដល់ក្រុមមនុស្សមានអំណាច ឬជនមានខ្នងក្រាសមួយចំនួនប៉ុណ្ណោះ។
សូមបញ្ជាក់ថា សមាគមរីអាដ ជាអង្គការមិនរកប្រាក់ចំណេញមួយ ដែលមានបទពិសោធជាង២០ ឆ្នាំមកហើយ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្វើពាណិជ្ជកម្មនៃទំនិញក្លែងក្លាយ។ សមាគមនេះ មានសមាជិកចំនួនជាង ១៩០ ដែលសុទ្ធសឹងជាក្រុមហ៊ុនម៉ាកយីហោដែលត្រូវបានគេស្គាល់ជាអន្តរជាតិ គ្របដណ្តប់គ្រប់ផ្នែកទាំងអស់នៃឧស្សាហកម្ម រួមទាំងម៉ូដនិងការទិញឬលក់ថ្នាំជក់, ទូរស័ព្ទដៃនិងអេឡិចត្រូនិក ឱសថ កីឡាបាល់ទាត់និងប្រដាប់ក្មេងលេង៕
----------------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ១៨ ខែមករា ឆ្នាំ ២០១៤