«អង្គរ»ជាប់លេខ៣ ជាប្រាសាទដែលអ្នកទេសចរណ៍ស្រឡាញ់ជាងគេ សម្រាប់ឆ្នាំ២០១៦
- ដោយ: ដ. កែវ អត្ថបទ - ស្រាវជ្រាវ៖ ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី២២ មេសា ២០១៦
- កែប្រែចុងក្រោយ: May 23, 2016
- ប្រធានបទ: បេតិកភ័ណ្ឌ-ទេសចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើមហាសំណង់បេតិកភ័ណ្ឌបូរាណណាខ្លះ ដែលអ្នកទេសចរណ៍មកពីគ្រប់ទិសទីក្នុងពិភពលោក ចង់ទៅធ្វើដំណើរកំសាន្ដ និងទស្សនានោះ? ដូចជារៀងរាល់ឆ្នាំ គេហទំព័រដ៏ធំមួយ ដែលមានបណ្ដាញនៅគ្រប់ទិសទី ជំនាញខាងការរៀបចំដំណើរទេសចរណ៍ (កក់សណ្ឋាគារ ជួលរថយន្ដ ទិញសំបុត្រយន្ដហោះ ...) មានឈ្មោះថា ទ្រីពេវ៉ាយស៊័រ (TripAdvisor) បានផ្ដល់ឱកាសទៅឲ្យអ្នកទេសចរណ៍ទាំងអស់នោះ ដើម្បីដាក់ពិន្ទុនិងយោបល់ ថាតើមហាសំណង់បេតិភ័ណ្ឌណាមួយ ដែលពួកគេចង់ទៅទស្សនា និងឲ្យយោបល់ទៅអ្នកផ្សេងថា គួរតែទៅទស្សនាកុំបីខាន។
ការដាក់ចំណាត់ថ្នាក់នេះ មិនមែនជាការបោះឆ្នោតជាសាធារណៈទេ តែជាការច្របាច់បញ្ចូលគ្នា ទៅលើការឲ្យយោបល់ពីសំណាក់អ្នកទេសចរណ៍ និងពីគុណភាពសេវាកម្មទេសចរណ៍ នៅក្នុងតំបន់នីមួយៗ ក៏ដូចជាការវាយតម្លៃ សម្រាប់រយៈពេល១២ខែ ទៅតាមមហាសំណង់បេតិកភ័ណ្ឌនានា នៅក្នុងពិភពលោក។ បានសេចក្ដីថា មិនមែនប្រទេសណា ដែលមានប្រជាជនច្រើន ដូចយ៉ាងចិន ឬឥណ្ឌាជាដើម អាចទៅធ្វើការបោះឆ្នោត (ជាឧទាហរណ៍៖ បោះឆ្នោតឲ្យតែតំបន់ទេសចរណ៍ ឬមហាសំណង់បេតិកភ័ណ្ឌ របស់ជាតិខ្លួន) ជាលក្ខណៈសេរីបានឡើយ ដោយហេតុថាអ្នកបោះឆ្នោតទាំងនោះ មិនបានទៅទស្សនាដោយផ្ទាល់។
តំបន់បេតិភ័ណ្ឌដែលជាប់ចំណាត់ថ្នាក់លើគេ បានទៅលើទីក្រុងបូរាណ «Machu Picchu» របស់ប្រទេសប៉េរូ (ក្នុងទ្វីបអាមេរិកខាងត្បូង) អមដោយចំណាត់ថ្នាក់លេខពីរ បានទៅលើមហាព្រះវិហារមូស្លីម «Sheikh Zayed» នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម (ទ្វីបអាស៊ីខាងលិច)។ ចំណែកប្រាង្គប្រាសាទនានា នៅក្នុងតំបន់រមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រ «អង្គរ» នៃខេត្តសៀមរាប (កម្ពុជា) បានទទួលចំណាត់លេខ៣។
នៅក្នុងទ្វីបអាស៊ីខាងកើត មហាសំណង់បេតិកភ័ណ្ឌដែលជាប់នៅក្នុងចំណាត់លើគេទាំង២៥ មាននៅក្នុងប្រទេសចិនចំនួនពីរ គឺ«មហាកំផែង» ជាប់លេខ១៦ នៅក្នុងប្រទេសថៃចំនួនមួយ គឺមហាសំណង់ព្រះពុទ្ធដិមាករ នៅរាជធានីបាងកក ជាប់លេខ២១ និងនៅក្នុងប្រទេសជប៉ុនចំនួនមួយ គឺប្រាសាទ «Fushimi Inari-taisha» ជាប់លេខ២៥។ អ្នកស្រី «Artiné Mackertichian» អ្នកនាំពាក្យឲ្យគេហទំព័រ ទ្រីពេវ៉ាយស៊័រ បានថ្លែងឲ្យដឹងថា៖ «តំបន់បូរាណវត្ថុណាក៏ដោយ មិនថាតែទីកន្លែងគោរពបូជាសាសនា ឬមហាសំណង់ប្រវត្តិសាស្ត្រនោះទេ កម្មវិធី "Travelers' Choice Monuments" របស់ ទ្រីពេវ៉ាយស៊័រ កំពុងវាយតម្លៃបន្តទៀត សម្រាប់ឆ្នាំនេះ នូវមហាសំណង់បេតិកភ័ណ្ឌ ដែលល្អល្អះជាងគេ នៅក្នុងពិភពលោក»។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជូនចំណាត់ថ្នាក់១០លើគេបំផុត នៃបណ្ដាមហាសំណង់បេតិកភ័ណ្ឌធំៗក្នុងលោក ដែលគេចង់ទៅទស្សនាបំផុត ក្នុងឆ្នាំ២០១៦នេះ។ ចំណាត់ថ្នាក់ខាងក្រោម នឹងរៀបជូនពីលេខអន់ជាងគេ (លេខ១០) មកកាន់លេខខ្ពស់ជាងគេ (លេខ១)៖
១០) ព្រះវិហារកាតូលីក «Dôme» នៅក្នុងក្រុង មីឡង់ (Milan) នៃប្រទេសអ៊ីតាលី៖
០៩) រូបចម្លាក់ «Lincoln Memorial and Reflecting Pool» នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន (Washington) នៃប្រទេសអាមេរិក៖
០៨) ប្រាសាទ «Alhambra» នៅក្នុងក្រុង គ្រឺណាដ (Grenade) នៃប្រទេសអេស្ប៉ាញ៖
០៧) ព្រះវិហារកាតូលីក «Saint-Sauveur-sur-le-Sang-Versé» នៅក្នុងក្រុង ស៊ាំងភីធើស្បួរ (Saint-Pétersbourg) នៃប្រទេសរ៉ូស្ស៊ី៖
០៦) ព្រះវិហារកាតូលីក «Cordoue» នៅក្នុងក្រុង ក័រឌូ (Cordoue) នៃប្រទេសអេស្ប៉ាញ៖
០៥) ប្រាសាទ «Taj Mahal» នៅក្នុងក្រុង អាហ្គ្រា (Agra) នៃប្រទេសឥណ្ឌា៖
០៤) ព្រះវិហារកាតូលីក «Saint-Pierre» នៅក្នុងរដ្ឋ វ៉ាទីង់ (Vatican)៖
០៣) ប្រាង្គប្រាសាទអង្គរ នៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា៖
០២) ព្រះវិហារមូស្លីម «Sheikh Zayed» នៅក្នុងរាជធានី អាប៊ូដាប៊ី (Abu Dhabi)» នៃប្រទេសអេមៀរ៉ាត់អារ៉ាប់រួម៖
០១) ទីក្រុងបូរាណ «Machu Picchu» ស្ថិតក្នុងភាគខាងត្បូង នៃប្រទេសប៉េរូ៖