រក​ឃើញ​ប្រអប់​ខ្មៅ​នៃ​យន្ដហោះ «EgyptAir» ដែល​ធ្លាក់​ចូល​សមុទ្រ​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍

បើតាមបណ្ដាញទូរទស្សន៍អាមេរិកាំង «CBS News» បានឲ្យដឹងថា ប្រអប់ខ្មៅទាំងពីរ​របស់​យន្ដហោះ «Egyptair» ដែល​មាន​ជើង​ហោះហើរ​លេខ «MS804» និងដែលបានធ្លាក់ចូលសមុទ្រ មេឌីទែរ៉ាណេ កាលពីថ្ងៃព្រហស្បត្តិ៍ ត្រូវបាន​គេដឹង​ពីទីតាំង​របស់​វា​ហើយ។ ទីកន្លែង​របស់​ប្រអប់​ខ្មៅ នៅក្នុងតំបន់ដែលអ្នករុករក​បានរកឃើញ បំណែក​យន្ដហោះ និង​សាកសព​មនុស្ស។
រក​ឃើញ​ប្រអប់​ខ្មៅ​នៃ​យន្ដហោះ «EgyptAir» ដែល​ធ្លាក់​ចូល​សមុទ្រ​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍
ទិដ្ឋភាពបំណែកជាច្រើន ដែលត្រូវបានរកឃើញពីយន្ដហោះ «Egyptair» ធ្លាក់ចូលសមុទ្រ កាលពីថ្ងៃព្រហស្បត្តិ៍។ (រូបថតកងទ័ពអេហ្សីព)
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២១ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 22, 2016
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រអប់ខ្មៅទាំងពីរនៃយន្ដហោះ «EgyptAir» ត្រូវបានគេរកឃើញហើយ។ នេះបើតាមការប្រកាស របស់​បណ្ដាញ​ទូរទស្សន៍អាមេរិកាំង «CBS News» ដោយបានយកប្រភព ស្និតនឹងរដ្ឋាភិបាលអេហ្សីពមកបញ្ជាក់។ ប្រភព​នោះ​បានអះអាងថា ទីតាំងរបស់ប្រអប់ខ្មៅ នៅនឹងតំបន់តែមួយ ដែលអ្នករុករកយន្ដហោះ បានរក​ឃើញ​បំណែកយន្ដហោះ និងសាកសពមនុស្សអណ្ដែត ឡើងមកលើសមុទ្រ។ កាលពីថ្ងៃសៅរ៍ កងទ័ព​អេហ្សីព​ក៏​បាន​ផ្សព្វផ្សាយ​ដែរ ពីរូបថតនៃបំណែកបែកខ្ញែកជាច្រើន និងសាកសពមនុស្ស ដែលទំនងជាអ្នកដំណើរ​នៅ​លើ​យន្ដហោះ។

យន្ដហោះ «AirBus» របស់ក្រុមហ៊ុនអាកាសចរណ៍ «EgyptAir» ដែលមានជើងហោះហើរលេខ «MS804» បាន​ហោះចេញទីព្រលានយន្ដហោះ «Roissy-Charles de Gaulle» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង នៅយប់​ថ្ងៃ​ពុធ​សប្ដាហ៍នេះ វេលាម៉ោង២៣ ហើយត្រូវមកចុះចត នៅព្រលានយន្ដហោះ នៃរដ្ឋធានីគែរ ប្រទេសអេហ្សីព នៅ​ព្រឹក​ទៀបភ្​លឺថ្ងៃព្រហស្បត្តិ៍ វេលាម៉ោង ០៣ និង០៥នាទី (ម៉ោងក្នុងស្រុក)។ យន្ដហោះមានដឹកអ្នកដំណើរ ៥៦នាក់ និង​បុគ្គលិក​បម្រើការលើយន្ដហោះ ១០នាក់។

ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក បានលើកមកបង្ហាញកាលពីយប់ថ្ងៃសុក្រថា ប្រព័ន្ធទំនាក់ទំនងដោយស្វ័យប្រវត្តិ របស់​យន្ដហោះ បានប្រកាសអាសន្នជាច្រើនដង ក្នុងរយៈពេល២នាទី ដែលអាចឲ្យគេដឹង ពីវត្តមានផ្សែង​មិន​ស្គាល់​ប្រភព នៅក្នុងបន្ទប់សម្រាប់ភ្ញៀវអង្គុយ នាផ្នែកខាងមុខយន្ដហោះ និងភាពរអាក់រអួល នៃប្រព័ន្ធកំព្យូទ័រ សម្រាប់​ធ្វើការ​បញ្ជាយន្ដហោះ។ ការប្រកាសអាសន្នទាំងនេះ បានកើតឡើងនៅមុន​​ពេល​​យន្ដហោះ​ចាប់​ផ្ដើម​ធ្លាក់។

អ្នកស៊ើបអង្កេតបារាំង បានបញ្ជាក់ដូចគ្នា កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ ពីការប្រកាសអាសន្នខាងលើ ជា​ពិសេស​ទាក់ទង​នឹងវត្តមានផ្សែង នៅក្នុងបន្ទប់ភ្ញៀវអង្គុយ។ តែលោកនាយកក្រុមហ៊ុនអាកាសចរណ៍ «EgyptAir» លោក «Safwat Moslem» មិនបានអះអាង ហើយក៏មិនបានបដិសេធដែរ ទាក់ទងនឹងការលើកឡើង​ទាំង​នេះ។ លោកគ្រាន់តែបានថ្លែងប្រាប់ ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា៖ «ក្រុមគ្រួសាររបស់អ្នកដំណើរ ចង់​បាន​សាកសព​នៃសាច់ញាតិ របស់ពួកគេទៅវិញ។ ហើយកងទ័ពអេហ្សីព កំពុងធ្វើកិច្ចការនេះ។ វាជា​អ្វី​ដែល​យើង​ខ្វាយខ្វល់ ជា​អាទិភាព​ខ្លាំងជាងអ្វីទាំងអស់។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...