មនុស្ស​លើ​យន្ដហោះ​បាត់​ខ្លួន​ នៅ​មាន​ជីវិត​គ្រប់​គ្នា នៅ​អាហ្វហ្គានីស្ដង់?

សាក្សីមួយរូបបានបញ្ជាក់នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៤នេះថា យន្ដហោះប៊ូអីង របស់​ក្រុមហ៊ុន​ម៉ាឡេស៊ីអ៊ែរឡាញ ត្រូវ​បាន​​ចាប់​ពង្រត់​ឆ្ពោះ​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្តង់ ហើយ​អ្នកដំណើរ​ទាំងអស់​កំពុងនៅ​រស់រាន​មាន​ជីវិត​នៅ​ឡើយ រហូត​មក​ទល់​ម៉ោង​នេះ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៥ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 15, 2014
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បាត់យន្ដហោះ - ការសែតមួយរបស់ប្រទេសរ៉ូស្ស៊ី បានលើកយកសាក្សី ដែលជាភ្នាក់ងារសម្ងាត់​របស់​រដ្ឋាភិបាល​​រ៉ូស្សី​​​នោះ​មកបញ្ជាក់ ហើយត្រូវបានសារព័ត៌មានរបស់ប្រទេសអង់គ្លេស មីរ័រ (Mirror) ធ្វើការ​ផ្សព្វ​ផ្សាយ​បន្ត នៅថ្ងៃ​ទី១៥ ខែមេសា ឆ្នាំ២០១៤នេះ។ ការសែតរ៉ូស្ស៊ី បានសរសេរតាមសម្ដីសាក្សីដូច្នេះថា​៖ «ក្រុម​ភេវរជន បាន​ចាប់ពង្រត់យន្ដហោះ ហើយ បានបង្ខំឲ្យ​ចុះចត នៅក្នុងទីក្រុងកាន់ដាហារ (Kandahar) នៃ​ប្រទេស​​អាហ្វហ្គានីស្ដង់។ អ្នកដំណើរគ្រប់រូប ដែល​ស្ថិតនៅ លើ​យន្ដហោះនេះ នៅរស់រានមានជីវិតនៅឡើយ ប៉ុន្តែ​​កំពុង​​ស្ថិត​នៅ​ជាប់​ជាចំណាត់ខ្មាំង។»

តើនេះជាការពិត ឬគ្រាន់តែជាការបំភ្លៃព័ត៌មាន ដើម្បីមូលហេតុអ្វីមួយ? នៅមុននេះ ព័ត៌មានដែលត្រូវ​បាន​បណ្ដាញ​​ផ្សព្វ​ផ្សាយ ចាប់អារម្មណ៍ដែរនោះ បានបញ្ជាក់ថា អ្នកដំណើរម្នាក់នៅលើយន្ដហោះ ដែលជាវិស្វករ​របស់​​ក្រុមហ៊ុន​បច្ចេកវិទ្យា អាយប៊ីអ៊ីម (IBM) ដ៏ល្បីរបស់អាមេរិក  លោក ហ្វីលីព វូដ (Philip Wood) ទំនង​ជា​បាន​ផ្ញើររូបថតមួយសន្លឹក ទៅ​លើប្រព័ន្ធ​អាំងធើណែត ហើយបាននិយាយថា លោកកំពុងជាប់ក្នុង​ពន្ធនាគារ​ងងឹតមួយ នៅជាមួយអ្នកដំណើរផ្សេង​ទៀត។ រូប​ថត​នោះ ត្រូវបានគេដឹងថា ថតចេញពីចំណុច​មានទីតាំង​ក្បែរ​នឹង បន្ទាយទាហានយោធាអាមេរិកាំង ស្ថិត​នៅលើប្រជុំកោះ ឌីយ៉េហ្គោ ហ្គាស៊ីយ៉ា (Diego Garcia) កណ្ដាល​មហា​សមុទ្រឥណ្ឌា។ ប៉ុន្តែព័ត៌មាននេះ ត្រូវបានអ្នក​នាំពាក្យរបស់ស្ថាន​ទូត​អាមេរិក ប្រចាំប្រទេស​ម៉ាឡេស៊ី​បដិសេធ ដោយ​និយាយ​ថា ជាព័ត៌មានគ្មានការពិត។

ប៉ុន្តែសម្រាប់ព័ត៌មានលើកនេះ ដែលបញ្ជាក់ដោយសារព័ត៌មានរ៉ូស្ស៊ី Moskovsky Komsomolets ចេញក្នុង​ថ្ងៃ​នេះ មិន​ទាន់មានអ្វីឲ្យច្បាស់ មកបញ្ជាក់បាននៅឡើយ។ អ្វីដែលគេដឹងបាននោះ គឺសារព័ត៌មានបាន​លើក​យក​ប្រភព ដែល​គួរ​ឲ្យជឿជាក់បាន មានជំនាញ និងបានបញ្ជាក់យ៉ាងលំអិត ពីអ្វីដែលបានលើកឡើង។

«អ្នកបើកបរយន្ដហោះ គ្មាន​កំហុសទេ» សាក្សីដែលបានថ្លែងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះនោះ បាន​បន្ត​ទៀត​ថា ក្រុម​ភេវរករដែលមិនអាច​កំណត់អត្តសញ្ញាណបានទាំងនេះ បានបង្ខំឲ្យមេបញ្ជាការបើកបរ​យន្ដហោះ ឲ្យ​ធ្វើ​តាម​​ខ្លួន។ យន្ដហោះបានធ្វើការ​ចុះចត​យ៉ាងគំហុក នៅលើផ្លូវលំតូចមួយ នៃតំបន់ដាច់ស្រយ៉ាល​ជាប់​នឹង​ទីក្រុង។ ស្លាប​មួយ​ចំហៀង​របស់យន្ដហោះ បានបាក់នៅពេលចុះចតនោះ។

សារព័ត៌មានរ៉ូស្ស៊ីដដែល បានរាយការណ៍ទៀតថា អ្នកដំណើរទាំងអស់ត្រូវបានបែងចែកចេញជា៧ក្រុម ហើយ​កំពុង​ដាក់​ឲ្យរស់នៅក្នុងខ្ទមតូចៗ ធ្វើពីឈើនិងស្លឹក។ ពួកគេមិនសូវមានចំណីអាហារប៉ុន្មានទេ។ អ្នកដំណើរ​ដែល​​មាន​ដើម​កំណើត​អាស៊ី​ចំនួន២០នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់មួយទៀត នៅក្នុងប្រទេសប៉ាគីស្ដង់ ហើយ​នឹងត្រូវចាប់​ទុក​ជា​ចំណាប់​ខ្មាំង ក្នុងមូលដ្ឋានយោធាដ៏សំងាត់មួយ។

យន្ដហោះប៊ូអីង ៧៧៧ ភ្ជាប់ជើងហោះហើរ MH370 បានបាត់ខ្លួននៅព្រឹកព្រហាមថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ នៅ​ក្រោយ​ពេល​ដែល​យន្ដហោះ បានបង្ហើបខ្លួនពីដី បានប្រមាណជិត១ម៉ោង។ យន្ដហោះ របស់ក្រុមហ៊ុន ម៉ាឡេស៊ី​​អែរឡាញនេះ បាន​ហោះ​ចេញពីរដ្ឋធានី កូឡាឡំពួរ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ដោយ​មាន​អ្នក​ដំណើរ ២២៧​នាក់ និង​​អ្នក​បម្រើការ​រួម​នឹងអ្នក​បើក​បរយន្ដហោះ ១២នាក់ ជិះនៅលើយន្ដហោះនោះផង។

ការរុករកសព្វថ្ងៃត្រូវបានធ្វើ នៅក្នុងលំហខាងត្បូងនៃមហាសមុទ្រឥណ្ឌា ជាមួយនឹងប្រទេសជាច្រើន។ មក​​ដល់​ថ្ងៃ​នេះ បន្ទាប់ពីបានរកឃើញស្លាកស្នាម នៃការបែកធ្លាយប្រេង អណ្ដែតមកខាងលើ​ផ្ទៃសមុទ្រនោះមក ការ​រុក​រក​ឈាន​ដល់​ដំណាក់​កាលនៃការបញ្ជូនប្រអប់យន្ដជ្រមុជទឹក ឲ្យចុះក្នុងសមុទ្រដើម្បី​រកយន្ដហោះ​ដែល​គេ​ជឿ​ជាក់​​​ថា បាន​ធ្លាក់​នៅទី​នោះ។ តែយ៉ាងណាក៏ដោយ ការសង្ស័យដែលនិយាយថា យន្ដហោះ​ត្រូវបាន​ចាប់​ពង្រត់ នៅតែត្រូវបាន​គេ​គិត​​​យក​ជា​ការ​​បាន​នៅឡើយ។ ត្រង់ថា ចាប់ពង្រត់យកទៅទម្លាក់​​នៅកណ្ដាល​លំហ​សមុទ្រ ឬយកទៅទុកចាប់ជម្រិត ដូចការ​លើក​ឡើង​របស់សារព័ត៌មានរ៉ូស្សីនោះ មានតែនៅពេល​អនាគតទេ ដែល​ការពិត​នៃ​ការ​បាត់​យន្ដហោះ នឹង​អាចត្រូវបាន​លាត​ត្រដាង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...