យន្ដហោះបាត់ខ្លួន៖ អ្នករុករកបន្ថែមសន្ទុះ ក្រោយពីវិភាគរលកសម្លេង
ដើម្បីដឹងពីកន្លែងឲ្យកាន់តែច្បាស់នោះ ក្រុមអ្នករុករកមានបំណងចង់ផ្ដល់សន្ទុះជាថ្មីទៀត ទៅក្នុងការរុករកនេះឲ្យបានមុន«មរណភាព» របស់ប្រអប់ខ្មៅ។ ប្រអប់ខ្មៅ ដែលមានជីវិតតែ៣០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវាបានធ្លាក់ចូលទៅត្រាំក្នុងទឹក។
ការបង្ហាញពីទិន្នន័យ នៃការរុករុកយន្ដហោះបាត់ខ្លួន របស់ក្រុមការងារ។ (រូបថត blogcdn.com)
បាត់យន្ដហោះ - ការរុករកតួយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ ដែលបានធ្លាក់នៅក្នុងលំហសមុទ្រខាងត្បូង នៃមហាសមុទ្រឥណ្ឌា បានកំពុងបន្តទៅមុខយ៉ាងសស្រាក់សស្រាំ នៅថ្ងៃព្រហស្បត្តិ៍នេះ ដោយបានបង្រួមតំបន់រុករកមកកាន់តែតូច និងកាន់តែច្បាស់ឡើង នៅជុំវិញរលកសម្លេងដែលគេជឿជាក់ថា ផ្ដល់ដោយប្រអប់ខ្មៅ។ អ្នកទទួលខុសត្រូវនៃយុទ្ធនាការអន្តរជាតិ លោក អេនហ្គឺស ហ៊ូស្ដុន (Angus Houston) បានថ្លែងឲ្យសង្ឃឹមកាន់តែខ្លាំង កាលពីថ្ងៃពុធថា យន្ដហោះប៊ូអីង នឹងអាចត្រូវបានរកឃើញ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីវាបានបាត់ខ្លួន យ៉ាងអាថ៌កំបាំង កាលពីថ្ងៃទី៨ ខែមិនាកន្លងទៅ ជាមួយមនុស្ស២៣៩នាក់ ជិះក្នុងយន្ដហោះ។
នៅថ្ងៃព្រហស្បត្តិ៍នេះ ដំណើរការរុករកបានប្រើប្រាស់យន្ដហោះយោធា ចំនួន១០គ្រឿង យន្ដហោះស៊ីវិលចំនួន៤ និងនាវាចំនួន១៣ នៅក្នុងតំបន់ដែលមានផ្ទៃក្រឡាប្រមាណជា ៦០ពានគីឡូម៉ែត្រការ៉េ។ ប៉ុន្តែតំបន់រុករុកនេះ ស្ថិតនៅចំងាយ២២៨០ គីឡូម៉ែត្រផ្នែកពាយ័ព្យនៃទីក្រុងផើដ ទីក្រុងឆ្នេរខាងលិចរបស់ប្រទេសអូស្ត្រាលី។
រលកសម្លេងដែលទទួលបាន មិនអាចជារលកសម្លេងកើតមានពីធម្មជាតិទេ
តាំងពីថ្ងៃទី៥ខែមេសាមក នាវារុករុកបានទទួលបានរលកសម្លេងនេះចំនួនបួនដង នៅកន្លែងតែមួយ ដែលគេជឿជាក់ថា វាចេញពីប្រអប់ខ្មៅរបស់យន្ដហោះប៊ូអីង ៧៧៧។ រលកសម្លេងបែបនេះ នឹងត្រូវបានបញ្ចេញពីប្រអប់ខ្មៅ ប្រសិនណាជាប្រអប់នេះ ត្រូវបានធ្លាក់ក្នុងទឹក។ រលកសម្លេងដែលទទួលបាន មានកម្រិត ៣៣,៣៣១ khz លឺនៅរវាងពី ១,១០៦វិនាទីម្ដង។ បើតាមអ្នកជំនាញ រលកសម្លេងនេះ មិនអាចជារលកសម្លេងកើតមានពីធម្មជាតិ ឬក៏កើតចេញពីសត្វសមុទ្រ ដូចយ៉ាងត្រីបាឡែននោះទេ។
ការរុករកនៅមានភាពលំបាកនៅឡើយ ដោយសារតែការបាញ់រលកសម្លេង របស់ប្រអប់ខ្មៅ មានអង្កត់ផ្ចិតត្រឹមតែ៣,៧គីឡូម៉ែត្រជុំវិញខ្លួនវា ដែលវាមិនគ្រប់គ្រាន់ឡើយ ទៅនឹងជម្រៅរបស់មហាសមុទ្រ ដែលមានប្រវែងពី ៤ ទៅ ៥ គីឡូម៉ែត្រ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក អេនហ្គឺស ហ៊ូស្ដុន បានសម្ដែងក្ដីសង្ឃឹមទៀតថា កន្លែងដែលនាវាអូស្ត្រាលី បានចាប់បានរលកសម្លេងនោះ ប្រាកដជាស្ថិតនៅជិតនឹងកន្លែងដែលយន្ដហោះបានធ្លាក់៕
-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ មេសា ២០១៤